Monday, March 20, 2017

រដ្ឋាភិបាល​គ្រោង​ដក​សំឡេង Call Tune ក្នុង​ទូរស័ព្ទ

សំឡេង​រោទ៍​នៅ​ក្នុង​ទូរស័ព្ទ​ដែល​មាន​អត្ថន័យ​ថា​ «គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​នៅ​កម្ពុជា​ជា​របស់​ឯកជន​មិនមែន​ជា​របស់​រដ្ឋ​នោះ​ទេ​ សូម​ប្រជាពលរដ្ឋ​កុំ​យល់​ច្រឡំ» នោះ​នឹង​ត្រូវ​បញ្ចប់​ ​បន្ទាប់ពី​រដ្ឋាភិបាល​យល់​​ថា​វា​គ្រប់គ្រាន់​សម្រាប់​ឲ្យ​​ពលរដ្ឋ​យល់​ច្បាស់​ពី​ការ​ផ្សព្វផ្សាយ​មួយ​នេះ​ដែល​មាន​រយៈពេល​ជាង​ ១ ខែ ​ខណៈ​ការ​តម្រូវ​ឲ្យ​មាន​សំឡេង​រោទ៍​ក្នុង​ទូរស័ព្ទ​បែប​នេះ​ក៏​ត្រូវ​បាន​ពលរដ្ឋ​ខ្លះ​រិះគន់​ក្នុង Facebook ថា​ធ្វើឲ្យ​ពួកគេ​ធុញ​ទ្រាន់​ និង​ជា​ការ​រំខាន​នោះ។
លោក អ៊ឹម វុត្ថា អ្នក​នាំពាក្យ​និយតករ​ទូរគមនាគមន៍​កម្ពុជា​បាន​ថ្លែង​ថា​និយតករ​ទូរគមនាគមន៍​កំពុង​រៀបចំ​ចេញ​លិខិត​ជា​ផ្លូវការ​ក្នុង​​ឆាប់ៗ​ ឬ​ថ្ងៃ​នេះ​ដោយ​មិន​ឲ្យ​ហួស​ក្នុង​ខែ​មីនា​នេះ​ទេ​ក្នុង​ការ​បញ្ចប់​សំឡេង​រោទ៍​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​នៅ​កម្ពុជា​ជា​របស់​ឯកជន​មិនមែន​ជា​របស់​រដ្ឋ​នោះ​ទេ​ព្រោះ​រដ្ឋាភិបាល​យល់​​ថា​ពលរដ្ឋ​បាន​ជ្រួតជ្រាប​ពី​ការ​ផ្សព្វផ្សាយ​មួយ​នេះ​ហើយ​។
លោក​បាន​ថ្លែង​ថា៖​ «យើង​កំពុង​រៀបចំ​ចេញ​លិខិត​ជា​ផ្លូវការ​មិន​ឲ្យ​ហួស​ក្នុង​ខែ​មីនា​នេះ​ទេ​សំឡេង​រោទ៍​នេះ​នឹង​ត្រូវ​បាន​បញ្ចប់​ក្រោយ​ពី​រដ្ឋាភិបាល​មើល​ឃើញ​ថា​សារ​នេះ​បាន​ជ្រួតជ្រាប​ដល់​​ពលរដ្ឋ​ហើយ»​។
លោក​បាន​បញ្ជាក់​បន្ថែម​ថា​ជា​ការពិត​និយតករ​មិន​បាន​​ទទួល​ការ​ត្អូញត្អែរ​ជា​ផ្លូវការ​ណា​ពី​ប្រជាពលរដ្ឋ​នោះ​ទេ​។
លោក​ថា​៖ «យុទ្ធនាការ​របស់​រដ្ឋាភិបាល​គឺ​មួយ​ឆ្នាំ​តែ​បើ​ពលរដ្ឋ​យល់​ជ្រាប​អស់​ហើយ​រដ្ឋាភិបាល​នឹង​ផ្តាច់​ដូច​ការ​បង្រៀន​អ៊ីចឹង​បាន​សិស្ស​យល់​អស់​ហើយ​ការ​បង្រៀន​នឹង​បញ្ចប់​មុន​ពេល​កំណត់​មិន​មាន​អ្វី​ជា​បញ្ហា​នោះ​ទេ»។
នៅក្នុង​ឱកាស​បើក​សន្និបាត​បូក​សរុប​សមិទ្ធផល​វិស័យ​ព័ត៌មាន​ និង​សោត​ទស្សន៍​ឆ្នាំ​ ២០១៦ និង​លើក​ទិសដៅ​ឆ្នាំ ២០១៧ កាលពី​ថ្ងៃ​ទី​ ២ ខែ​មីនា​កន្លង​ទៅ​លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​​បាន​បញ្ជាក់​ថា​​មាន​ក្រុម​អ្នក​ស្វែងរក​ប្រយោជន៍​ផ្ទាល់​ខ្លួន និង​អ្នក​នយោបាយ​ខ្លះ​បាន​ឆ្លៀត​កេង​ចំណេញ​នយោបាយ​ដោយ​បាន​លើក​ឡើង​ពី​បញ្ហា​លុប​​បំបាត់​​បំណុល​​ដើម្បី​ដាក់​បន្ទុក​មកលើ​​រាជរដ្ឋាភិបាល​ដោយ​សន្យា​ខ្យល់​ក្រោម​ហេតុផល​ថា​បើ​បោះឆ្នោត​ឲ្យ​ខ្លួន​ធានា​លុប​បំណុល​ទាំងអស់​ដែល​ពលរដ្ឋ​ជំពាក់​ទើប​រដ្ឋាភិបាល​ចេញ​យុទ្ធនាការ​ផ្សព្វផ្សាយ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​ពលរដ្ឋ​មាន​ការ​យល់ច្រឡំ។
លោក​បញ្ជាក់​ទៀត​ថា​ចំពោះ​សំឡេង​រោទ៍​ចូល​តាម​ទូរស័ព្ទ​ដៃ​ដែល​បញ្ជាក់​ពី​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​មិនមែន​ជា​របស់​រដ្ឋ​នោះ​ មិន​អាច​រត់​រហូត​មួយ​ឆ្នាំ​បាន​ទេ​វា​នាំ​ឲ្យ​សាំ​ ឬ​ក៏​ធុញ​ទ្រាន់​​ហើយ​លោក​នឹង​ពិគ្រោះ​សុំយោបល់​ពី​សម្តេចនាយក​រដ្ឋមន្រ្តី​ក្នុង​បញ្ហា​នេះ​។
ក្រោយ​ការ​ចេញ​សារ​នេះ​មាន​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ Facebook ខ្លះ​បាន​សរសេរ​ថា​ពួកគេ​ធុញ​ទ្រាន់​នឹង​សំឡេង​រោទិ៍​មួយ​នេះ​ព្រោះ​ទូរស័ព្ទ​ជា​របស់​ឯកជន​ពួកគេ​មាន​សិទ្ធិ​ប្រើប្រាស់​ និង​ជ្រើសរើស​ Call Tune ខ្លួនឯង​ហើយ​អ្នក​ខ្លះ​ទៀត​បាន​សរសេរ​​ឌឺដង​ថា​ឲ្យ​តែ​លើក​ទូរស័ព្ទ​តេ​ពេល​​ណា​ក្តៅ​ចិត្ត​ពេល​ហ្នឹង​តែ​ម្ដង​។ ចង់​ប្រាប់​ថា​ទូរស័ព្ទ​ខ្ញុំ​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​ទេ​កាលណា​បាន​បិទ? ចំណែក​​ខ្លះ​ទៀត​បាន​សរសេរ​ថា​មិត្តប្រុស​ជា​របស់​ឯកជន​មិនមែន​ជា​របស់​រដ្ឋ​ទេ​ជាដើម...។
លោក អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​បាន​ឲ្យ​ដឹង​ថា​យុទ្ធនាការ​ Call Tune គួរ​តែ​បញ្ចប់​ហើយ​ព្រោះ​ពលរដ្ឋ​ធុញ​ទ្រាន់​ណាស់​ទៅ​ហើយ​ពេល​នេះ​។
លោក​ថា​រដ្ឋាភិបាល​គួរ​រិះរក​វិធី​ណា​ដើម្បី​បង្កើត​ការងារ​ឲ្យ​ពួកគាត់​វិញ​នៅពេល​ដែល​ពួកគាត់​ប្រឈម​នឹង​ភាព​ខ្វះខាត​ និង​គ្មាន​ការងារ​ហើយ​ទៅ​ខ្ចី​បុល​គេ​ជា​ជាង​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ពី​សារ​នេះ។
លោក​ថា​៖«តាមពិត​វា​ជា​ទម្លាប់​ពួកគាត់​ខ្ចី​លុយ​អង្គការ​ពី​សម័យ​មុន​។ ​បច្ចុប្បន្ន​ពលរដ្ឋ​មាន​ការ​យល់​ដឹង​ច្រើន...ពេល​ខ្លះ​គាត់​ធុញ​នឹង​សារ​នេះ​ណាស់​»៕

No comments:

Post a Comment