Thursday, March 16, 2017

បណ្ដាញ​​សង្គម និង​បក្ស​​ប្រឆាំង​ រិះ​គន់​​ការ​​ចំណាយ​​ថវិកា​​ជាតិ ជាង​​ ៧​សែន​​​ដុល្លារ​ សម្រាប់​​រៀប​ចំ​បុណ្យ​​សព​លោក សុខ អាន​

បន្ទាប់​ពី​មរណភាព​លោក សុខ អាន កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ​ បក្ស​ប្រឆាំង និង​​​​អ្នក​​ប្រើប្រាស់​​បណ្តាញ​សង្គម​ហ្វែសប៊ុក​ជាច្រើន បាន​បង្ហាញ​ប្រតិកម្ម​ខ្វែងយោបល់​​គ្នា ជុំវិញ​ទំហំ​ថ​វិកា ដែល រាជរដ្ឋាភិបាល គ្រោង​ចំណាយប្រមាណ ៣០០០.០០០.០០០ រៀល (បីប៊ីលាន​រៀល​គត់) ឬស្មើនឹង ៧៥០០០០ ដុល្លារអាមេរិក ដើម្បី​រៀប​ចំពិធី​បុណ្យ​សពជូន​ លោក សុខ អាន។ សម្រាប់​មន្រ្តី​បក្សប្រឆាំង​​ ការ​ចំណាយ​ថវិកា​ជាតិ​​សម្រាប់​រៀបចំ​បុណ្យ​សព​នេះ ហាក់​​ធំធេង​ពេក បើ​ធៀប​នឹង​​ស្ថានភាព​កម្ពុជា​ក្រីក្រ​ដើរ​ខ្ចី​បំណុល​បរទេស តែ​សម្រាប់​រាជ​រដ្ឋា​ភិបាល ត្រឹម​តួលេខ​ថវិកា មិ​ន​អាចទូទាត់​ជាមួយ​នឹង​សមិទ្ធិផល​ការងារ​របស់ លោក សុខ អាន រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍជាតិ​កម្ពុជា ឡើយ ហើយ​ការ​ចំណាយ​រៀបចំ​ពិធី​បុណ្យ​ស​ព​តាម​ទំនៀម​ទំលាប់​ប្រពៃណី​នេះ គឺ​ស័ក្តិសម​នឹង​គោរម​ងា ជា «សម្តេច» ។
ប្រតិកម្ម​នេះ ផ្តើម​ពី​ការ​ផ្សព្វផ្សាយ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក នូវ​លិខិត​រដ្ឋបាល​​មួយ  របស់ ទីស្តី​ការ​គណៈរដ្ឋ​មន្រ្តី កាល​ពី​ថ្ងៃ​ទី​១៥ មីនា ដែល​បាន​ស្នើ​សុំថវិកា ពី ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចំនួន​ ៣០០០.០០០.០០០ រៀល (បីប៊ីលានរៀល) ឬ ៧៥០០០០ ដុល្លារ​សហរដ្ឋ​អាមេរិក សម្រាប់​ចំណាយ​​រៀបចំ​បុណ្យសព «សម្តេច​វិបុល​បញ្ញា សុខ អាន» អតីត​ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ទទួល​បន្ទុកទី​ស្តីការ​គណៈ​រដ្ឋមន្រ្តី។

នៅ​ថ្ងៃ​ដដែល រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​បង្កើត​គណៈកម្មការ និង​អនុគណៈកម្មការ​រៀបចំ​បុណ្យ​សព​ មួយ ដោយមាន លោក ប៊ិន ឈិន​ ឧប​នាយក​រដ្ឋមន្រ្តី​ប្រចាំការ ធ្វើជា​ប្រធាន។ ភារកិច្ច​​សំខាន់ របស់ គណៈកម្មការ មា​ន​ជា​អាទិ៍​ រៀប​ចំ​ផ្សព្វផ្សាយ​​កម្ម​វិធី​បុណ្យ លិខិត​ពិធី​ការ កន្លែងគោរព​វិញ្ញាណ​ក្ខន្ធ​នៅ​គេហដ្ឋាន​សព ក្រុម​បដិសណ្ឋារ​កិច្ច​​នៃ​អង្គភាព​ត្រៃទ័ព ពិធី​សាសនា ពិធីដង្ហែ​សព រៀប​ចំ​មេរុ និង​វេទិកា​ឈាន​បដ្ឋាន ជាដើម​។

ក្រៅ​ពី មានប្រតិកម្ម​គាំទ្រ​ និ​ង​ជំទាស់ ​​ខ្វែង​យោបល់​គ្នា រវាង​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក បក្ស​ប្រឆាំង និង​រាជរដ្ឋា​ភិបាល​កម្ពុជា ក៏​មិន​យល់​ស្រប​គ្នា​ចំពោះ​​ទំហំ​ចំណាយ​រៀ​បចំ​បុណ្យសព​លោក សុខ អាន ជាង ៧​សែន​ដុល្លារ​អាមេរិ​ក​នេះ​ដែរ​។

អនុប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ លោក អេង ឆៃអ៊ាង យល់​ថា ក្នុងស្ថានភាព​ដែល​ពលរដ្ឋ​ខ្មែរកំពុង​ក្រខ្សត់ ប្រទេសជាតិ​​ដើរ​ខ្ចីលុយ​បរទេស ការ​ចំណាយ​រៀប​ចំ​បុណ្យ​សព​នេះ ហាក់​ដូចជា ធំធេង​ពេក។ ធំធេង ​បើ​ធៀប​នឹង តំណែង​អ្នកតំ​ណាងរាស្រ្ត នៅ​ពេល​ទទួល​មរណភាព នោះ រដ្ឋមាន​​បន្ទុក​ចំណាយ​រៀបចំ​បុណ្យសព ត្រឹម​ មួយម៉ឺនដុល្លារ ប៉ុណ្ណោះ។ ក្នុង​កាលៈ​ទេសៈ​នេះ លោក អេង ឆៃអ៊ាង ផ្តល់​យោបល់​ថា រដ្ឋ​មិន​គួរ​ខ្ជះ​ខ្ជាយ​ថវិកាជាតិ​ច្រើន​ពេ​កទេ ប៉ុន្តែ​បើ​ចង់​ចំណាយច្រើន គួរ​តែ​ជា​ការចំ​ណាយ​ថវិកា​ផ្ទាល់​ខ្លួន​វិញ​។

អ្នក​នាំ​ពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា លោក ផៃ ស៊ីផាន បាន​ប្រតិកម្ម​តប​ថា តួលេខចំណាយ​នេះ មិនអាច​គណនា​ទូទាត់​នឹង​សមិទ្ធិ​ផល ដែល​​លោក សុខ អាន បាន​បន្យល់​ទុក​សម្រាប់ ប្រទេស​កម្ពុជាឡើយ​។ លោក​ សុខ អាន មាន​​គុណវឌ្ឍិ​សំខាន់ៗ​ជាច្រើន រាប់​ចាប់ពី ការ​ចូលរួម​បង្កើត គណៈកម្មាធិការ​កសាង​សន្តិភាព នាទសវត្សទី​៨០ ការ​ចចារ​ជាមួយ​អន្តរជាតិ​ក្នុងការ​រៀបចំ​សាលាក្តី​ខ្មែរក្រហម​ ការ​អភិរក្ស និង​អភិវឌ្ឍ​អង្គរ ព្រម​ទាំង​ការ​ដាក់​ប្រាសាទ​ព្រះវិហារ ចូល​ក្នុង​បញ្ជី​បេតិកភ័ណ្ឌ​ពិភពលោក ជាដើម។ លោក ផៃ ស៊ីផាន បន្ថែម​ថា តួលេខ​នេះ មិ​ន​ខ្ជះខ្ជាយ​ពេក​ទេ ព្រោះ​រួមបញ្ចូល​​ការ​ចំណាយ​ថ្លៃ​យន្តហោះ​ដឹ​​ក​សព មាតុភូមិ​និវត្តន៍​ពី​ប្រទេស​ចិន មក​កម្ពុជា​វិញ និង​ការរៀប​ចំ​ពិធី ឲ្យ​បាន​សមរម្យ ​តាម​ទំនៀម​ទម្លាប់​ប្រពៃ​ណី ស័ក្តិសម​នឹង​កិត្តិយស​របស់​សព​។

លោក ផៃ ស៊ីផាន បញ្ជាក់​ថា ការ​ប្រកាស​ខ្ទង់​ចំណាយ​នេះ គឺ​ជា​ចេតនា​បង្ហាញ​តម្លាភាព របស់ គណៈ​រដ្ឋ​មន្រ្តី  ហើយ​ក៏ជា​កម្រិត​ស្តង់ដា​មួយ ដែល រាជរដ្ឋាភិបាល​ធ្លាប់​ចំណាយ​រៀប​ចំ​បុណ្យ​សពកន្លង​មក សម្រាប់ គោរមងារ ជា «​សម្តេច​»។

គួរ​រំលឹក​ថា ព្រះមហាក្សត្រ​ នរោត្តម សីហមុនី បាន​ប្រោស​ព្រះរាជ​ទាន​គោរមងារ ឯកឧត្តម សុខ អាន ជា «សម្តេច​វិបុល​បញ្ញា សុខ អាន» នៅថ្ងៃទី​១៣ មីនា ។ ពោល​គឺ ​ត្រឹមតែ ពីរថ្ងៃ​ប៉ុណ្ណោះ មុន​ពេល​ រាជរដ្ឋាភិបាល​កម្ពុជា ប្រកាស​ជូនដំណឹង​​ជា​សាធារណៈ ថា លោក សុខ អាន បាន​ទទួល​មរណភាព​ នៅថ្ងៃទី​១៥ មីនា វេលា​ម៉ោង ១៨:៣២នាទី នៅមន្ទីរពេទ្យ​​ទីក្រុង​ប៉េកាំង ប្រទេស​​ចិន ដោយ​រោគាពាធ ក្នុង​ជន្មាយុ ៦៦​ឆ្នាំ​។ សព​លោក សុខ អាន នឹង​ត្រូវ​​រម្កិល​ចេញ​ពី​ភូមិគ្រឹះ ក្នុង​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ ឆ្ពោះ​ទៅ​កាន់ ទី​ឈាបន​ដ្ឋាន​មុខ​វត្តបទុម​វតី ដើម្បី​បូជា នៅថ្ងៃ​អាទិត្យ ទី​១៩ ​មីនា ខាង​មុខ។​ រាជ​រដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃទី​១៦ មីនា បាន​សម្រេច ប្រគល់​ភារកិច្ច​ បន្ថែម​ជូន​លោក ប៊ិន ឈិន ឧបនាយករដ្ឋ​មន្រ្តី ទទួល​បន្ទុក​ប្រចាំ​ការ ធ្វើជា រដ្ឋមន្រ្តី​ស្តីទី​ទទួល​បន្ទុក​​ទីស្តី​ការគណៈរដ្ឋ​មន្រ្តី ជំនួស​លោក សុខ អាន ដែល​បាន​ទទួល​មរណ​ភាព​៕
  
Credit: RFI

No comments:

Post a Comment