ខ្ញុំ
និងមិត្តប្រុសបានស្គាល់គ្នាពេលនៅរៀនមហាវិទ្យាល័យជាមួយគ្នា។
គាត់ជាមនុស្សសង្ហាតែរឿងដែលប្លែក គឺគាត់មិនធ្លាប់មានសង្សារ
ឬពាក់ព័ន្ធជាមួយមនុស្សស្រីពីមុនមកឡើយ។
ខ្ញុំធ្លាប់គិតលេងៗថា ឬមួយគាត់មិនចូលចិត្តមនុស្សស្រីទេដឹង។
រូបតំណាង
មានថ្ងៃមួយ ខ្ញុំបានទៅដើរលេងជាមួយមិត្តភ័ក្ដិ
ហើយក៏បានជួបគាត់ដោយចៃដន្យដែលគាត់កំពុងធ្វើការក្រៅម៉ោងនៅក្នុងក្លឹបកម្សាន្តមួយកន្លែង។
នៅថ្ងៃនោះ ខ្ញុំបានផឹកស្រាស្រវឹងខ្លាំង
ហើយក៏បានច្រឡំថើបគាត់។ នាថ្ងៃបន្ទាប់មកទៀត
គាត់តែងតែគេចមុខចេញពីខ្ញុំជារៀងរហូត
ហើយយើងទាំងពីរនាក់ក៏មិនដែលបានជួបគ្នាទៀតឡើយ។
តែមិនដឹងថាទេវតាលេងរឿងអ្វីដាក់យើងទាំងពីរនាក់
ទើបឲ្យគាត់មកដាក់ពាក្យធ្វើការនៅកន្លែងធ្វើការរបស់ខ្ញុំ។
ពេលឃើញខ្ញុំ
គាត់ប្រហែលគិតថាខ្ញុំក៏មកដាក់ពាក្យធ្វើការដូចគាត់ដែរហើយមើលទៅ។
នៅថ្ងៃនោះ
ខ្ញុំមានសំណួរក្នុងចិត្តជាច្រើនចង់សួរគាត់តែមិនហ៊ាន
ម្យ៉ាងទៀតព្រោះគាត់ក៏មិនព្រមនិយាយអ្វីចេញមកបន្តិចសោះ។
គាត់មើលទៅមិនមានអ្វីផ្លាស់ប្ដូរឡើយទាំងដំណើរ
និងការនិយាយស្ដី។ នៅពេលគាត់ដឹងថាខ្ញុំធ្វើការនៅទីនេះហើយ
គាត់ក៏ប្រញាប់សុំទៅសម្ភាសន៍ភ្លាមៗដែរ។ នៅថ្ងៃបន្ទាប់
ខ្ញុំក៏បានទាក់ទងទៅគាត់ ដើម្បីសួររឿងមកសម្ភាសន៍ការងារ។
គ្រាន់តែបានឮសំឡេងគាត់និយាយក៏ដឹងភ្លាមៗថាខាងក្រុមហ៊ុនរបស់ខ្ញុំប្រហែលជាបដិសេធគាត់ហើយ។
ក្នុងថ្ងៃនោះខ្ញុំបានណាត់គាត់ញ៉ាំបាយជាមួយគ្នា
ខ្ញុំក៏បានសួរទៅគាត់ថា ហេតុអ្វីត្រូវគេចមុខចេញពីខ្ញុំ?
គាត់នៅស្ងៀមទម្លាក់មុខចុះភ្លាមៗបន្តិច
តែក៏ព្រមប្រាប់ថាគាត់មិនបានគេចមុខទេ
តែមកពីខាងផ្ទះក្រុមគ្រួសាររបស់គាត់មានបញ្ហានាពេលនោះ។
គាត់សារភាពបន្តថា គាត់ចង់មានទំនាក់ទំនងស្នេហាជាមួយខ្ញុំដែរ
តែខ្លាចថាប្រសិនបើទាក់ទងគ្នាហើយ
វានឹងធ្វើឲ្យខ្ញុំលំបាកទៅជាមួយគាត់។ ពេលគាត់និយាយចប់
ខ្ញុំខ្លួនឯងក៏បានដឹងការលំបាកដែរ
ហើយខ្ញុំក៏ព្យាយាមប្ដូររឿងនិយាយតែម្ដង។
នៅថ្ងៃបន្តបន្ទាប់មកទៀត ខ្ញុំបានព្យាយាមជួយគាត់រកការងារធ្វើ
និងតែងតែគាំទ្រខាងគាត់ជានិច្ច។
ពេលវេលាចេះតែកន្លងផុតទៅ យើងទាំងពីរបានបាក់ចិត្តស្រលាញ់គ្នា
ហើយគាត់ក៏ព្រមនាំខ្ញុំទៅលេងផ្ទះ
និងណែនាំឲ្យស្គាល់គ្រួសាររបស់គាត់។ ខ្ញុំគិតជាយូរមកហើយថា
ផ្ទះរបស់គាត់ក្រ
តែគិតមិនដល់ថាម្ដាយរបស់គាត់ជាមនុស្សពិការឡើយ។
ចំណែកខាងគ្រួសារខ្ញុំ ពេលដឹងរឿងខ្ញុំស្រលាញ់បុរសក្រីក្រ
ប៉ាម៉ាក់ខ្ញុំក៏ជំទាស់ការទាក់ទងរបស់យើងទាំងពីរនាក់។
ខ្ញុំដឹងថាម្ដាយឪពុកគ្រប់គ្នាចង់ឲ្យកូនមានសេចក្ដីសុខ
តែខ្ញុំគិតថាដរាបណាខ្ញុំរស់នៅជាមួយមនុស្សដែលខ្លួនស្រលាញ់
នោះជាសេចក្ដីសុខសុភមង្គលហើយ។ គិតបែបនេះ
ទើបខ្ញុំស្រលាញ់គាត់រហូតដល់ជ្រុលជ្រួសមានផ្ទៃពោះ
ហើយប៉ាម៉ាក់របស់ខ្ញុំក៏មិនអាចបដិសេធថាមិនឲ្យរៀបការបានដែរ។
ប៉ាម៉ាក់របស់ខ្ញុំខ្លាចថា
ពេលខ្ញុំរៀបការរួចនឹងមានជីវិតលំបាក
ទើបលោកទាំងពីរសម្រេចទិញផ្ទះ
និងរថយន្តមួយគ្រឿងឲ្យជាកាដូថ្ងៃរៀបការ។
ប៉ាប្រាប់ស្វាមីរបស់ខ្ញុំថា នៅថ្ងៃរៀបការ
គាត់មិនត្រូវឲ្យឪពុកម្ដាយរបស់គាត់មកចូលរួមទេ
ព្រោះនៅថ្ងៃនោះនឹងមានអ្នកធំ អ្នកមាន
និងមនុស្សល្បីៗក្នុងសង្គមចូលរួមច្រើនដែលមិនចង់ឲ្យអាម៉ាស់ភ្ញៀវកិត្តិយស។
ខ្ញុំបានព្យាយាមបញ្ចុះបញ្ចូលសុំឲ្យលោកប៉ា
ប្ដូរចិត្តតែធ្វើមិនបាន រហូតថ្ងៃរៀបការក៏មកដល់។
នៅថ្ងៃអាពាហ៍ពិពាហ៍កំពុងដំណើរការមិនទាន់បានប៉ុន្មានផង
ស្រាប់តែស្វាមីរបស់ខ្ញុំទទួលទូរសព្ទ
ហើយគាត់ក៏ប្រញាប់ចេញទៅក្រៅពិធីភ្លាម។ បន្តិចក្រោយមក
គាត់ត្រលប់មកវិញហើយបានដឹកដៃម្ដាយបង្កើតរបស់គាត់ចូលរោងការកូន
រួចនាំទៅអង្គុយលើកៅអីម្ខាង។
គាត់បានសុំពេលនិយាយទៅកាន់អ្នកចូលរួមពិធីថា "សួស្ដី
ភ្ញៀវកិត្តិយសទាំងអស់ដែលបានចំណាយពេលវេលាមកចូលរួមពិធីមង្គលការថ្ងៃនេះ
និងធ្វើជាសាក្សីដល់ពួកយើងទាំងពីរនាក់។
ជាដំបូងខ្ញុំសូមអរគុណដល់ម្ដាយឪពុករបស់ខ្ញុំដែលបានចិញ្ចឹមបីបាច់ថែរក្សាខ្ញុំរហូតមក
និងបានបង្រៀនអ្វីៗជាច្រើន។ លោកអ្នកប្រហែលគិតមិនដល់ថា
មនុស្សចាស់ពិការនេះ មានជីវិតក្រលំបាកយ៉ាងណាទេ
តែដោយសារពួកគាត់ទើបមានរូបខ្ញុំពេលនេះ។
ពេលខ្ញុំរៀននៅថ្នាក់មធ្យមសិក្សា
ឪពុកខ្ញុំបានឡើងទៅជួសជុលដំបូលផ្ទះ
ហើយក៏បានជួបឧបទ្ទវហេតុធ្លាក់ចុះមកក្រោមធ្វើឲ្យគាត់ធ្លាក់ខ្លួនពិការ។
គាត់មិនព្រមទៅព្យាបាលនៅមន្ទីរពេទ្យទេ
ព្រោះត្រូវការសន្សំប្រាក់ទុកឲ្យខ្ញុំបានរៀនបន្ត។
នៅថ្ងៃបន្ទាប់
ពុកក៏មានអាការៈកាន់តែយ៉ាប់យ៉ឺនរាងកាយកម្រើកមិនរួច
រហូតការសិក្សារបស់ខ្ញុំត្រូវផ្អាក
និងត្រលប់មកផ្ទះវិញដើម្បីមើលថែពុក។
ពុកផ្ដាំថាចាប់ពីពេលនេះតទៅខ្ញុំត្រូវមើលថែម៉ែឲ្យបានល្អ
ព្រោះគាត់មិនអាចនៅមើលថែបានទៀតទេ។
ក្រោយមកប៉ុន្មានថ្ងៃ ពុកក៏បានលាចាកលោកទៅ
ហើយខ្ញុំក៏សម្រេចឈប់រៀនថ្នាក់មហាវិទ្យាល័យ
រួចមកមើលថែម៉ែវិញ។ ថ្ងៃនេះជាថ្ងៃសំខាន់របស់ខ្ញុំ
ខ្ញុំសុំនាំមនុស្សសំខាន់បំផុតក្នុងជីវិតរបស់ខ្ញុំមកចូលរួមពិធីមង្គលការថ្ងៃនេះ
ហើយខ្ញុំចង់ប្រាប់ទាំងអស់គ្នាថា ការមានឪពុក
ឬម្ដាយជាមនុស្សពិការមានអ្វីត្រូវខ្មាសទៅ។"
បន្ទាប់ពីស្វាមីរបស់ខ្ញុំនិយាយចប់
គាត់ទប់ទឹកភ្នែកមិនជាប់
ហើយភ្ញៀវកិត្តិយសបានក្រោកឈរទះដៃខ្លាំងៗពេញពិធី
ឯប៉ារបស់ខ្ញុំបានប្រែទឹកមុខ។
តែអ្វីខ្ញុំទទួលបានពេលនេះគឺ
ខ្ញុំបានជ្រើសរើសបុរសមិនខុសទេ
តទៅនេះជីវិតរស់នៅនឹងមានសេចក្ដីសុខពិតប្រាកដ៕
តម្លៃអប់រំរឿង៖
ឪពុកម្ដាយគ្រប់រូបគួរផ្ដល់សិទ្ធិឲ្យកូនជ្រើសគូស្រករខ្លួនស្រលាញ់
ដែលត្រូវរួមរស់នៅជាមួយគ្នាមួយជីវិត។
បើព្រមទទួលយកកូនគេធ្វើជាកូនប្រសា
ក៏ត្រូវទទួលស្គាល់ឪពុកម្ដាយកូនប្រសាធ្វើជាដន្លងនឹងគ្នាដែរទោះគាត់ក្រលំបាក។
ធ្វើជាកូនត្រូវចេះការពារថែរក្សាឪពុកម្ដាយ
និងទទួលស្គាល់ការពិត ពិសេសពេលគាត់ចាស់ជរា
ឬធ្លាក់ខ្លួនពិការដោយសារយើង។ ការជ្រើសរើសស្វាមី
ឬភរិយាមានគំនិតល្អ ទោះបីក្រក៏គង់ក្លាយជាអ្នកមាន។
Source: http://news.sabay.com.kh/article/913835#pk_kwd=m.facebook.com