បន្ទាប់ពីសារព័ត៌មានបរទេសជាច្រើនបានហៅក្រុងទេសចរណ៍ឆ្នេរសមុទ្រដ៏ល្បីល្បាញ
«ប៉ាតាយ៉ា» ថាជា «ទីក្រុងនៃអំពើបាប» និងជា
«រដ្ឋធានីបម្រើផ្លូវភេទរបស់ពិភពលោក» នោះ
រដ្ឋាភិបាលថៃបានសម្រេចបង្កើតកិច្ចខិតខំប្រឹងប្រែងដ៏ថ្មីសន្លាង
ក្នុងក្តីសង្ឃឹមថានឹងអាចកែប្រែរហស្សនាមនៃទីក្រុងនេះឲ្យល្អឡើងវិញបាន។
នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia
នៅមុននេះបន្តិចនាព្រឹកថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០១៧។
អាជ្ញាធរថៃបានបើកយុទ្ធនាការមួយមានឈ្មោះថា «Happy Zone»
នៅរាល់ពេលចុងសប្តាហ៍ដើម្បីកែប្រែរូបភាពនៃទីក្រុង ប៉ាតាយ៉ា
ដែលល្បីរន្ទឺសម្រាប់ទេសចរណ៍ផ្លូវភេទ
ហើយវាគឺជាមធ្យោបាយមួយដែលមានភាពធូរស្រាល
ជាងប្រតិបត្តិការចុះសម្រុកឆែកឆេររបស់សមត្ថកិច្ចថៃ។
រាល់មុខជំនួញទាំងអស់នៅក្នុងតំបន់ Happy Zone
ត្រូវបានស្នើឲ្យធ្វើយ៉ាងណាឲ្យតំបន់នេះមានភាពសុវត្ថិភាពជាងមុខ
ដោយមានការកើនឡើងនៃកងសន្តិសុខដើរល្បាត
ហើយប៉ូលិសក៏បានបង្កើតកម្មវិធីទូរស័ព្ទសម្រាប់ភ្ញៀវទេសចរ
ដើម្បីកោះហៅពួកគេនៅក្នុងករណីអាសន្នបន្ទាន់ណាមួយផងដែរ។
មេបញ្ជាការប៉ូលិសទីក្រុងប៉ាតាយ៉ា លោក Apichai Krobpetch បានថ្លែងថា
«Happy Zone គឺជាគំរោងមួយដែលពុំធ្លាប់មានពីមុនមកឡើយ
ដើម្បីរៀបចំគោលដៅទេសចរណ៍
និងលើកកម្ពស់គុណភាពនៃវិស័យទេសចរណ៍របស់ប្រទេសថៃ»
ហើយលោកបានបញ្ជាក់ទៀតថាក៏នឹងធ្វើការលុបបំបាត់ការរកស៊ីផ្លូវភេទចេញពីតំបន់នោះផងដែរ។
គួរបញ្ជាក់ថាទេសចរណ៍ផ្លូវភេទបានលេចជារូបរាងឡើងនៅក្នុងទីក្រុង
ប៉ាតាយ៉ា នៅពេលដែលវាបានក្លាយជាកន្លែងកម្សាន្តសម្រាប់កងទ័ពអាមេរិក
កាលពីសម័យសង្រ្គាមវៀតណាមមកម្ល៉េះ ហើយយោងតាមរបាយការណ៍នាឆ្នាំ២០១៤
របស់អង្គការ UNAIDS
ចំនួនស្រ្តីរកស៊ីផ្លូវភេទនៅក្នុងប្រទេសថៃមានចំនួនដល់ទៅជាង
១២០,០០០នាក់ ខណៈមតិមួយចំនួនទៀតបានប៉ាន់ស្មានថា ចំនួននេះអាចទ្វេដង៕
Source: http://www.freshnewsasia.com/index.php/en/internationalnews/50793-2017-03-27-03-45-23.html


No comments:
Post a Comment