លោក ហេង ពៅ ត្រូវបានតុលាការកំពូលកោះហៅឲ្យនាំមកជំនុំជម្រះក្នុងសំណុំរឿងបង្ខាំងមនុស្សខុសច្បាប់ ប៉ុន្តែពេលចូលក្នុងបន្ទប់សវនាការ លោកពុំមានមេធាវីការពារសិទ្ធិនោះទេហើយលោកបាននិយាយប្រាប់ចៅក្រមថារឿងនេះលោកស្នើដល់តុលាការឲ្យមានការផ្សាយបន្តផ្ទាល់ក្នុងពេលសវនាការ ព្រោះលោកចង់ឲ្យប្រជាពលរដ្ឋស្វែងយល់ថារូបលោកជាមនុស្សយ៉ាងម៉េចហើយបើតុលាការមិនឲ្យផ្សាយបន្តផ្ទាល់ក៏គង់តែមានក្រុមនិស្សិតផ្សាយទេ។
លោក ហេង ពៅ បាននិយាយទៅកាន់ចៅក្រមថា៖ «សូមតុលាការពន្យល់ខ្ញុំពីការមិនអនុញ្ញាតឲ្យផ្សាយបន្តផ្ទាល់នេះផង ថាតើមិនអាចមកពីអ្វី? ចុះហេតុអ្វីបានជាលោក ខៀវ សំផន លោក នួន ជា ពេលសវនាការមានការផ្សាយបន្តផ្ទាល់បាន? ខ្ញុំចាប់ចោរសោះ បែរជាតុលាការយករឿងនេះមកកាត់ទោសខ្ញុំទៅវិញ»។ អតីតមេប៉ូលិសរូបនេះបានលើកឡើងបែបមានអំនួតខ្លួនឯងថា៖ «ពេលខ្ញុំនៅកាន់អំណាច តើមានចោរពេញក្រុងភ្នំពេញដូចសព្វថ្ងៃទេ? មានគ្រឿងញៀនច្រើនទូទាំងប្រទេសដូចសព្វថ្ងៃនេះទេ?»។
លោកស្រីចៅក្រម គឹម សត្ថាវី ប្រធានក្រុមប្រឹក្សាជំនុំជម្រះក្នុងចំណោមចៅក្រមទាំង ៤ រូបទៀតបានឆ្លើយថា៖ «រឿងការផ្សាយបន្តផ្ទាល់របស់លោក នួន ជា គឺជារឿងឧក្រិដ្ឋសម្លាប់មនុស្សជាតិហើយវាពាក់ព័ន្ធនឹងតុលាការអន្តរជាតិនៅទីក្រុងរ៉ូម។ ចំពោះរឿងលោកខុសពីរឿងនៅសាលាក្តីខ្មែរក្រហម»។
លោកស្រីចៅក្រមបានចោទសួរលោក ហេង ពៅ ថាបើលោកគ្មានមេធាវីបែបនេះ តើអាចឲ្យតុលាការរកមេធាវីចាត់តាំងជូនលោកបានទេ? តែត្រូវលោក ហេង ពៅ ឆ្លើយថាកន្លងមកលោកត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្តល់ប្រាក់ឲ្យលោកចំនួន ៤៥ ម៉ឺនដុល្លារដើម្បីឲ្យលោកជួលមេធាវីការពារក្តីប៉ុន្តែក្រោយមកលុយទាំងនោះត្រូវបានមេធាវីបោកអស់រលីងហើយថែមទាំងលែងមកការពារក្តីឲ្យលោកទៀត។ ប៉ុន្តែលោកមិនបានប្រាប់ឈ្មោះមេធាវីដែលបានបោកយកលុយលោកនោះទេ។
ទោះយ៉ាងណាបន្ទាប់ពីមានការតវ៉ា និងការបកស្រាយរបស់លោក ហេង ពៅ ដែលប្រើពេលជិត ២០ នាទីលោកស្រីចៅក្រម គឹម សត្ថាវី បានថ្លែងថាសំណុំរឿងនេះតុលាការនឹងលើកទៅជំនុំជម្រះនៅពេលក្រោយដោយមិនបានកំណត់ពេលវេលាជាក់លាក់ឡើយ។
Credit: http://www.postkhmer.com/
No comments:
Post a Comment