អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បានឲ្យដឹងថា គណបក្សលោកនឹងដាក់ឯកឧត្តម កឹម សុខា ជាប្រធានក្រុមសំឡេងភាគតិចរដ្ឋសភា ជំនួសឯកឧត្តម សម រង្ស៊ី វិញ។ លោក យ៉ែម បុញ្ញឫទ្ធិ មិនបញ្ជាក់មូលហេតុឲ្យបានច្បាស់លាស់ឡើយ ដោយលោកគ្រាន់តែលើកហេតុផលថា ការដាក់ឯកឧត្តម កឹម សុខា ជំនួសតួនាទីប្រធានក្រុមបក្សប្រឆាំងរបស់ឯកឧត្តម សម រង្ស៊ី គឺអនុវត្តតាមបទបញ្ជាផ្ទៃក្នុងរដ្ឋសភា តាមប្រការ៤៨ថ្មី (បី) ប៉ុណ្ណោះ។
នៅពេលសួរថា តើការដាក់ឯកឧត្តម កឹម សុខា ជំនួសនេះ មានការយល់ព្រមពីឯកឧត្តម សម រង្ស៊ី ដែរឫទេ? ឆ្លើយតបនឹងសារព័ត៌មានថ្មីៗ លោក យ៉ែម បុញ្ញឫទ្ធិ បានបញ្ជាក់ថា ការផ្ទេតួនាទីរវាងប្រធាននិងអនុប្រធាននៅក្នុងរដ្ឋសភានេះ គឺគណបក្សលោកបានប្រជុំពិភាក្សា ដោយមានការឯកភាពគ្នាពីឯកឧត្តម សម រង្ស៊ី និងឯកឧត្តម កឹម សុខា រួចរាល់ហើយមុននឹងសម្រេចបែបនេះ។ «រាល់ធ្វើការងារអ្វីមួយគណបក្សយើងតែងតែប្រជុំពិភាក្សាគ្នា។ ហើយការផ្ទេនេះក៏មានការយល់ព្រមពីលោកប្រធាន សម រង្ស៊ី ដែរ ព្រោះយើងបានទូរសព្ទទៅជម្រាបនិងប្រជុំពិគ្រោះយោបល់ជាមួយគាត់មុននឹងសម្រេចផ្ទេ»។ នេះជាការបញ្ជាក់របស់អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ។
ទាក់ទងនឹងព័ត៌មានផ្ទេតួនាទីប្រធានក្រុមមតិភាគតិចរដ្ឋសភានេះ លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បានឲ្យដឹងថា គណបក្សសង្គ្រោះជាតិ បានដាក់លិខិតជូនរដ្ឋសភា ដោយស្នើសុំផ្ទេតួនាទីប្រធានក្រុមតំណាងរាស្ត្រសំឡេងភាគតិចពីលោក សម រង្ស៊ី ជំនួសដោយលោក កឹម សុខា វិញ។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ អ្នកនាំពាក្យរដ្ឋសភារូបនេះ បានបញ្ជាក់ដូច្នេះថា៖«សំណើរបស់គណបក្សសង្គ្រោះជាតិនេះ គឺបានបញ្ជូនទៅប្រធានរដ្ឋសភាហើយ ដោយត្រូវរង់ចាំការត្រួតពិនិត្យនឹងអនុម័តពីប្រធានរដ្ឋសភា ឬពីគណៈកម្មាធិការអចិន្ត្រៃយ៍សិន»។
បើតាមលោក ឡេង ប៉េង ឡុង សមាសភាពថ្មីរបស់ក្រុមមតិភាគតិចរដ្ឋសភានេះ រួមមានលោក កឹម សុខា ជាប្រធានក្រុម លោក យឹម សុវណ្ណ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញឫទ្ធិ ជាសមាជិកវិញ។ ចំណែកប្រធានក្រុមមតិភាគច្រើនវិញ មានសម្ដេច ស ខេង ជាប្រធាន លោក គាត ឈន់ ជាអនុប្រធាន និងលោកស្រី ម៉ែន សំអន ជាសមាជិក។ប្រការ៤៨ថ្មី (បី) នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ក៏បានចែងផងដែរថា ប្រធានក្រុមមតិភាគតិចជាគូសន្ទនាជាមួយនឹងប្រមុខរាជរដ្ឋាភិបាល ទាក់ទងទៅនឹងបញ្ហាប្រទេសជាតិ។ ប្រធានក្រុមមតិភាគតិច មានឋានៈស្មើនាយករដ្ឋមន្ត្រី៕
Source: https://thmeythmey.com/?page=detail&ctype=article&id=47273&lg=kh&action=share

No comments:
Post a Comment