ភ្នំពេញ៖
ឆ្លើយតបទៅនឹងប្រធានសមាជិកសភាអាស៊ានដែលរិះគន់ការគោរពសិទ្ធិមនុស្សនៅកម្ពុជា
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី
បានលើកពីគុណបំណាច់របស់សម្តេច ហ៊ុន សែន។
មន្ត្រីរដ្ឋាភិបាលរូបនេះបញ្ជាក់ថា សម្តេចបានបញ្ចប់សង្គ្រាមស៊ីវិល
ហើយបាននាំសន្តិភាព
និងការគោរពសិទ្ធិមនុស្សមកឲ្យកម្ពុជារហូតដល់បច្ចុប្បន្ននេះ។
នៅព្រឹកថ្ងៃចន្ទទី២៧ខែមីនានេះ
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី
បានរៀបចំសន្និសីទកាសែតមួយដើម្បីឆ្លើយតបនឹងការរិះគន់ស្តីពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា
របស់ស្ថាប័នសមាជិកសភាអាស៊ានដើម្បីសិទិ្ធមនុស្ស។
នៅចំពោះមុខអ្នកកាសែត លោក កែវ រ៉េមី
បានលើកឡើងពីគុណសម្បត្តិរបស់សម្តេចនាយករដ្ឋមន្ត្រីដែលបានបញ្ចប់សង្គ្រាមស៊ីវិល
និងបាននាំទាំងសន្តិភាព និងសិទ្ធិមនុស្សមកកម្ពុជាវិញ។
សម្រាប់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលដដែល សម្តេច ហ៊ុន សែន
គួរតែទទួលបានពានរង្វាន់ណូប៊ែលសន្តិភាពទៀតផង។
កាលពីសប្តាហ៍មុន លោក ឆាល សាន់ត្យាហ្គោ (Charles Santiago)
ដែលជាសភានៃគណបក្សប្រឆាំងនៅម៉ាឡេស៊ី
ហើយជាប្រធានស្ថាប័នសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR)
បានធ្វើសេចក្តីថ្លែងការណ៍រិះគន់ការអនុវត្តលទ្ធិប្រជាធិបតេយ្យ
និងសិទ្ធិមនុស្សនៅកម្ពុជា។
ស្ថាប័នសមាជិកសភាអាស៊ានដែលកើតពីការប្រមូលផ្តុំគ្នានៃសមាជិកសភាមកពីគណបក្សប្រឆាំងនៅក្នុងប្រទេសអាស៊ាន
បានរិះគន់កម្ពុជាខ្លាំងអំពីការអនុម័តច្បាប់ស្តីពីគណបក្សនយោបាយ
ដែលអង្គការក្រៅរដ្ឋាភិបាល
និងប្រទេសដៃគូអភិវឌ្ឍមួយចំនួនបានបង្ហាញអារម្មណ៍មិនពេញចិត្តដែរ៕
Source: https://www.thmeythmey.com/?page=detail&id=50870
Source: https://www.thmeythmey.com/?page=detail&id=50870

No comments:
Post a Comment