មកទល់ពេលនេះ
នៅសល់មួយខែទៀតប៉ុណ្ណោះ ពិធីបុណ្យចូលឆ្នាំថ្មី ឬបុណ្យសង្ក្រាន
នឹងមកដល់។ ជាកាដូអបអរឆ្នាំថ្មី រដ្ឋាភិបាលថៃ នៅថ្ងៃទី១៤ ខែមីនា
បានអនុម័តយល់ព្រមក្នុងការផ្ដល់សេវាធ្វើដំណើរមិនគិតថ្លៃសម្រាប់ការធ្វើដំណើរតាមផ្លូវល្បឿនលឿនសម្រាប់យានយន្តគ្រប់ប្រភេទ។
ក្រៅពីប្រជាជនថៃ ពលករចំណាកស្រុកមកពីប្រទេសជិតខាងរបស់ថៃ
ក៏ទទួលបានការផ្ដល់កាដូសម្រាប់ឆ្នាំថ្មីផងដែរ។
រដ្ឋមន្ត្រីដឹកជញ្ជូនថៃ លោក Arkhom Termpittayapaisith បាននិយាយថា
គណៈរដ្ឋមន្ត្រី បានអនុញ្ញាតឲ្យនាយកដ្ឋានផ្លូវ Highways
លុបចោលការបង់ថ្លៃធ្វើដំណើររវាងរាជធានីបាងកក និងខេត្តប៉ាតាយ៉ា
និងផ្លូវក្រវាត់ភ្ជាប់រវាង Bang Pa-in ទៅកាន់ Bang Phli
ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៨ ខែមេសា។
នេះបើយោងតាមការផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។
បន្ថែមពីលើនោះ រដ្ឋមន្ត្រីដឹកជញ្ជូនរូបនេះ ក៏និយាយដែរថា
អាជ្ញាធរទទួលផ្លូវ Expressway
ក៏មានគម្រោងលុបចោលយកថ្លៃសម្រាប់យានយន្តធ្វើដំណើរលើផ្លូវរវាង Bang
Na និងខេត្ត Chonburi អំឡុងពេលបុណ្យចូលឆ្នាំថ្មីនេះដែរ។
ការសម្រេចចិត្តបែបនេះ
ធ្វើឡើងដើម្បីសម្រួលការធ្វើដំណើរតាមដងផ្លូវក្នុងពេលឆ្នាំថ្មី
ខណៈការធ្វើដំណើរក្នុងពេលនេះ នឹងកើនឡើងខ្លាំង
ហើយអាចកកស្ទះជាងថ្ងៃធម្មតា។
មិនត្រឹមតែជនជាតិថៃឡើយដែលទទួលកាដូសម្រាប់ឆ្នាំថ្មី
រដ្ឋាភិបាលថៃ ក៏បានលុបចោលថ្លៃធ្វើដំណើររបស់ពលកររាប់លាននាក់
ដែលកំពុងធ្វើការនៅលើទឹកដីថៃងផងដែរ។ អ្នកនាំពាក្យរដ្ឋាភិបាលថៃ
Athisit Chaiyanuwat បញ្ជាក់ថា គណៈរដ្ឋមន្ត្រី បានបញ្ជាឲ្យក្រសួងមហាផ្ទៃ
លុបចោលថ្លៃធ្វើដំណើរទៅលេងស្រុកកំណើតសម្រាប់ពលករមកពីប្រទេសជិតខាងចំនួន៣
គឺកម្ពុជា, ឡាវ និងមីយ៉ាន់ម៉ា។
ការលុបចោលថ្លៃធ្វើដំណើរនេះ នឹងចាប់ផ្ដើមពីថ្ងៃទី៥ ដល់ថ្ងៃទី៣០
ខែមេសា ដើម្បីអនុញ្ញាតឲ្យពលករទាំង៣ប្រទេស
អាចអបអរពិធីបុណ្យចូលឆ្នាំថ្មីនៅស្រុកកំណើតរបស់ពួកដោយសប្បាយរីករាយ។
ជាមួយគ្នានោះ ប៉ូលិសអន្តោប្រវេសន៍
ក៏ទទួលបានការណែនាំមិនឲ្យយកថ្លៃធ្វើដំណើរសម្រាប់ពលករទាំងអស់ផងដែរ។
ចំណែកក្រសួងមហាផ្ទៃ ក៏នឹងសម្រួលការធ្វើដំណើររបស់ពលករ
ក៏ដូចជាសមាជិកគ្រួសារពួកគេដែរ។
សូមបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មី គឺជាបុណ្យដ៏ធំមួយរបស់កម្ពុជា,
ថៃ, ឡាវ និងមីយ៉ាន់ម៉ា ដែលកាន់ពុទ្ធសាសនាដូចគ្នា។ ប្រទេសទាំង៤
ប្រារព្ធពិធីបុណ្យនេះ អំឡុងខែមេសា
តែខុសគ្នាត្រង់រយៈពេលនៃការប្រារព្ធ និងឈ្មោះប៉ុណ្ណោះ។ នៅកម្ពុជា
ប្រជាជនខ្មែរនិយមហៅថា ពិធីបុណ្យចូលឆ្នាំថ្មី
ឯថៃហៅថាបុណ្យសង្ក្រាន្ត ហើយឡាវហៅថាសង្ក្រាន្ត
និងមីយ៉ាន់ម៉ាហៅថាបុណ្យ Thingyan ។
ដោយសារពិធីបុណ្យនេះប្រារព្ធក្នុងពេលដំណាលគ្នា
ទើបរដ្ឋាភិបាលថៃសម្រួលការធ្វើដំណើររបស់ពលករប្រទេសជិតខាងខ្លួន៕Source: https://thmeythmey.com/?page=detail&id=50463
No comments:
Post a Comment