Tuesday, March 28, 2017

បុរស​បើក​ឡាន​បុក​រះ​អ្នក​ជិះ​ម៉ូតូ​កណ្តាល​រាជធានី ​ កំពុង​ស្ថិត​ក្នុង​បន្ទប់​សង្រ្គោះ​បន្ទាន់​

បុរស​ម្នាក់​ដែល​ត្រូវ​ពលរដ្ឋ​ទាញ​ចេញ​ពី​រថយន្ត​មួយ​ដែល​បើក​បញ្រ្ចាស​ទិស ហើយ​បុក​រះ​ម៉ូតូ​ជា​ច្រើន​គ្រឿង នៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនីវង្ស ត្រង់​ចំណុច​វិទ្យាល័យ​បឹង​ត្របែក ស្ថិត​ក្នុង​ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ ទី ២៧ មីនា កំពុង​ស្ថិត​ក្នុង​បន្ទប់​សង្រ្គោះ​បន្ទាន់។ អ្នក​ជំនាញ​ខាង​សុវត្ថិភាព​ចរាចរណ៍ ចាត់​ទុក​ថា ការ​ប្រើ​អំពើ​ហិង្សា​របស់​ពលរដ្ឋ លើ​អ្នក​បើក​បរ​បង្ក​ហេតុ ​ជា​សញ្ញាណ​អវិជ្ជមាន​មួយ ដែល​ជម្រុញ​ឲ្យ​អ្នក​បើក​បរ​ផ្សេង​ទៀត អាច​យក​លេស​នេះ​បើក​បរ​គេច​ខ្លួន នៅ​ពេល​បុក​គេ ហើយ​រាជរដ្ឋាភិបាល​គួរ​តែ​មាន​វិធានការណ៍​ទប់​ស្កាត់។
លោក​វេជ្ជបណ្ឌិត ឆឹង យ៉ាវយ៉េន ទី​ប្រឹក្សា​បច្ចេកទេស នៃ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ សូវៀត បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង RFI នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា ជន​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍ តាម​បណ្តោយ​​ផ្លូវ​ព្រះ​មុនីវង្ស ត្រង់​ចំណុច​វិទ្យាល័យ​បឹង​ត្របែក ​ ហើយ​ត្រូវ​ពលរដ្ឋ ​ព្រួត​គ្នា​វាយ​ប្រហារ កាល​ពី​យប់​ថ្ងៃ​ចន្ទ កំពុង​ស្ថិត​ក្នុង​បន្ទប់​សង្រ្គោះ​បន្ទាន់ និង​មិន​ទាន់​ដឹង​ខ្លួន​នៅ​ឡើយ​ទេ មក​ទល់​នឹង​ពេល​នេះ។ បើ​តាម​របាយការណ៍​វេជ្ជសាស្រ្ត បុរស​ជន​បង្ក​ហេតុ​រូប​នេះ កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់​ធ្ងរ ដោយ​សារ​រង​របួស​ខ្លាំង​ប៉ះ​ពាល់​ផ្នែក​ក្បាល មាន​ឈាម​កក​ក្នុង​ខួរ​ក្បាល និង​ប្រេះ​លលាដ៏​ក្បាល។
ប្រធាន​នាយកដ្ឋាន​ប៉ូលីស​ចរាចរណ៍ និង​សណ្តាប់​ធ្នាប់​សាធារណៈ នៃ​ក្រសួង​មហាផ្ទៃ លោក​ឧត្តមសេនីយ៍​ឯក រុន រ័ត្នវាសនា បាន​បញ្ជាក់​ថា ប៉ូលីស​កំពុង​រង់ចាំ​ជន​បង្ក​ហេតុ​ដឹង​ខ្លួន​ឡើង​វិញ ដើម្បី​សាក​សួរ​ព័ត៌មាន​ជាក់​លាក់ ទាក់​ទង​នឹង​អត្តសញ្ញាណ ស្ថានភាព​បើក​បរ​ក្នុង​ពេល​បង្ក​ហេតុ និង​កសាង​សំណុំ​រឿង​ស្រប​តាម​ផ្លូវ​ច្បាប់។ តាម​របាយការណ៍​បឋម អ្នក​បើក​បរ​រថយន្ត​ Camry ឆ្លាម ដែល​បង្ក​ហេតុ​រូប​នេះ បាន​បើក​បរ​បញ្រ្ចាស​ទិស រំលោភ​ផ្លូវ​ចរាចរ ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ ហើយ​បាន​បុក​រះ​ទៅ​លើ​អ្នក​ជិះ​ម៉ូតូ​ជា​ច្រើន​នាក់ ទើប​បណ្តាល​ឲ្យ​មនុស្ស ៣​នាក់​បាន​ស្លាប់ និង ៧​នាក់​ផ្សេង​ទៀត បាន​រង​របួស​ធ្ងន់-ស្រាល។​

លោក រុន រ័ត្នវាសនា បាន​បន្ថែម​ថា មាត្រា ៨៥​នៃ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក ជន​បើក​បរ ដោយ​ធ្វេស​ប្រហែស ខ្ជី​ខ្ជា មិន​ប្រុង​ប្រយ័ត្ន បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី មួយ​ឆ្នាំ ទៅ បី​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី បួន​លាន​រៀល ទៅ ដប់​ប្រាំ​លាន​រៀល និង​អាច​ផ្តន្ទា​ទោស​បន្ថែម​មួយ ឬ​ច្រើន​ទៀត។

គួរ​ជម្រាប​ថា តាម​វិដេអូ​ជា​ច្រើន ដែល​គេ​ចែក​ផ្សាយ​បន្ត​គ្នា​លើ បណ្តាញ​សង្គម​ហ្វេស​ប៊ុក កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ ទី ២៧ ខែ​មីនា បុរស​អ្នក​បើក​បរ​រថយន្ត Camry ឆ្លាម ម្នាក់ បាន​ព្យាយាម​បើក​រថយន្ត​គេច បន្ទាប់​ពី​ពើប​គ្រោះ​ថ្នាក់​ចរាចរណ៍ បុក​រះ​ម៉ូតូ​ជា​ជួរ លើ​កំណាត់​ផ្លូវ​ដ៏​អ៊ូអរ​ ត្រង់​ចំណុច​វិទ្យា​ល័យ​បឹង​ត្របែក នៅ​រាជធានី​ភ្នំពេញ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ និង​របួស​ដួល​ដេក​រដូក​រណែល បែក​ឈាម​ពេញ​ផ្លូវ។ នៅ​ពេល​រថយន្ត​បើក​ទៅ​មុខ​លែង​រួច បុរស​នោះ ត្រូវ​ពលរដ្ឋ អ្នក​ដំណើរ ទាញ​ទម្លាក់​ចេញ​ពី​ទ្វារ​រថយន្ត​ខាង​ស្តាំ​ខាង​ក្រោយ ហើយ​ព្រួត​គ្នា​វាយ​ដំ បែក​ឈាម​ជោគ​ខ្លួន។ ពលរដ្ឋ​ជា​ច្រើន​បាន​ វាយ​ជន​បង្ក​រហូត​សន្លប់ ហើយ​ពេល​ជន​បង្ក​ចាប់​ផ្តើម​ដឹង​ខ្លួន​វិញ គេ​ក៏​ផ្តើម​វ៉ៃ​រហូត​លែង​ដឹង​ខ្លួន​ជា​ច្រើន​ដង​ទៀត។ មាន​ដុំ​ឥដ្ឋ​ការ៉ូឡា​ថ្ម​មួយ​ផ្ទាំង​ធំ ត្រូវ​គេ​លើក​ទម្លាក់​លើ​បុរស​នោះ ខណៈ​រថយន្ត​បង្ក​ហេតុ ត្រូវ​ពលរដ្ឋ​ព្រួត​គ្នា​វាយ​កម្ទេច ហើយ​លើក​ឲ្យ​ក្រឡាប់​ផ្ងារ​ជើង​ថែម​ទៀត។​

នាយក​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍ លោក អ៊ា ចរិយា បាន​កត់​សម្គាល់​ឃើញ​ថា ការ​បើក​ឡាន​បុក​គេ ហើយ​រត់ ជា​បញ្ហា​ដ៏​ធំ​មួយ​ក្នុង​ប្រទេស​កម្ពុជា ខណៈ​ជាង ៥០% នៃ​អ្នក​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍ តែង​បាន​ព្យាយាម​បើក​គេច​រត់។ មាន​មូលហេតុ​ពីរ ដែល​អ្នក​បើក​បរ​ព្យាយាម​គេច​រត់ ព្រោះ ខ្លាច​ពលរដ្ឋ​ព្រួត​គ្នា​វាយ​ទើប​រត់ ឬ​មាន​ចេតនា​គេច​ពី​ការ​ទទួល​ខុស​ត្រូវ​សង​សំណង។ លោក បន្ថែម​ថា បុព្វហេតុ​ដែល​ជម្រុញ​ឲ្យ​ពលរដ្ឋ​ប្រើ​អំពើ​ហិង្សា លើ​ជន​បង្ក​គ្រោះ​ថ្នាក់​ចរាចរ មិន​រង់​ចាំ​អាជ្ញាធរ​ដោះ​ស្រាយ​រក​យុត្តិធម៌ ព្រោះ​ពលរដ្ឋ​អស់​សង្ឃឹម ឬ​មិន​សប្បាយ​ចិត្ត​នឹង​ប្រព័ន្ធ​យុត្តិធម៌​ផ្តល់​ជូន​ជន​រង​គ្រោះ ស្រប​ពេល​ដែល​ជន​បង្ក​មិន​បាន​ទទួល​ទោស​ពិន័យ​ជាប់​ពន្ធនាគារ តែ​គ្រាន់​បង់​ប្រាក់​ពិន័យ​ក៏​រួច​ខ្លួន។

នាយក​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍ លោក អ៊ា ចរិយា ផ្តល់​យោបល់​ថា ដើម្បី​កាត់​បន្ថយ​និន្នាការ​អវិជ្ជមាន​នេះ រាជរដ្ឋាភិបាល គួរ​តែ​រឹត​បន្តឹង​ការ​ផាក​ពិន័យ ពន្លឿន​ដំណើរ​ការ​រក​យុត្តិធម៌​ជូន​ជន​រង​គ្រោះ​ទាក់​ទង​នឹង​សំណង​ជំងឺ​ចិត្ត និង​លើក​ទឹក​ចិត្ត​ពលរដ្ឋ​ឲ្យ​ស្វែង​រក​យុត្តិធម៌​តាម​ផ្លូវ​ច្បាប់​វិញ៕

Source: FRI

No comments:

Post a Comment