Friday, April 7, 2017

YouTube will no longer allow creators to make money until they reach 10,000 views

Five years ago, YouTube opened their partner program to everyone. This was a really big deal: it meant anyone could sign up for the service, start uploading videos, and immediately begin making money. This model helped YouTube grow into the web’s biggest video platform, but it has also led to some problems. People were creating accounts that uploaded content owned by other people, sometimes big record labels or movie studios, sometimes other popular YouTube creators.
In an effort to combat these bad actors, YouTube has announced a change to its partner program today. From now on, creators won’t be able to turn on monetization until they hit 10,000-lifetime views on their channel. YouTube believes that this threshold will give them a chance to gather enough information on a channel to know if it’s legit. And it won’t be so high as to discourage new independent creators from signing up for the service. 


“In a few weeks, we’ll also be adding a review process for new creators who apply to be in the YouTube Partner Program. After a creator hits 10k lifetime views on their channel, we’ll review their activity against our policies,” wrote Ariel Bardin, YouTube’s VP of product management, in a blog post published today. “If everything looks good, we’ll bring this channel into YPP and begin serving ads against their content. Together these new thresholds will help ensure revenue only flows to creators who are playing by the rules.”
Of course, along with protecting the creators on its service whose videos are being re-uploaded by scam artists, these new rules may help YouTube keep offensive videos away from the brands that spend money marketing on their platform. This has been a big problem for YouTube in recent weeks. “This new threshold gives us enough information to determine the validity of a channel,” wrote Bardin. “It also allows us to confirm if a channel is following our community guidelines and advertiser policies.”
As it moves ever closer to parity with the world of prime-time television, YouTube is sensibly taking steps to police how business is done on its service. Time will tell how a rising generation of creators respond to these new limitations.

Source: http://www.theverge.com/2017/4/6/15209220/youtube-partner-program-rule-change-monetize-ads-10000-views

Thursday, April 6, 2017

ស្វែង​យល់​ផលប៉ះពាល់​ចំពោះ​កុមារ​ ដោយសារ​ទម្លាប់​កោសខ្យល់

ក្រុងប៉េកាំង: ចំនួន​ប្រជាជន​អាស៊ី​នៅលើ​ទឹកដី​អាមេរិក ជា​ពិសេស នៅ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា កំពុង​តែ​កើន​ឡើង​យ៉ាង​គំហុក។
គ្រួសារ​ចិន និង​អាស៊ីអាគ្នេយ៍ បាន​ប្រើ​ក្បួន​ព្យាបាល​ជំងឺ​តាម​បែប​បុរាណ​នូវ​ជម្រើស​ជាច្រើន ដូចជា ការ​កោសខ្យល់ ជប់​ខ្យល់ ច្បិច​ខ្យល់ ការចាក់​ម្ជុល​វិទ្យាសាស្ដ្រ ម៉ាស្សា ឱសថ​បុរាណ និង​របប​អាហារ​ដើម្បី​ព្យាបាល​ជំងឺ​កើត​ឡើង​លើ​កុមារ។
ការ​កោសខ្យល់​ជា​ប្រពៃណី​ព្យាបាល​ពេញ​និយម​មួយ​ដែល​អាច​បង្ក​របួស​ស្នាម ឬ​ប៉ះពាល់​ដល់​រាងកាយ ហើយ​មជ្ឈមណ្ឌល​ថែទាំ​កុមារ​អាច​ច្រឡំ​ថា​ជាការ​បំពាន និង​គិតថា កុមារ​ស្ថិតក្នុង​សភាព​គ្រោះ​ថ្នាក់។
ការ​កោសខ្យល់​ជា​ជម្រើស​ព្យាបាល​ជំងឺ​មួយ​ប្រភេទ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​សម្រាប់​បញ្ហា​ជំងឺ​តម្កាត់​តិចតួច​កើត​ឡើង​លើ​កុមារ ដូចជា​ផ្ដាសាយ គ្រុន ឈឺ​ក្បាល ឈឺ​ចាប់ ក្អក ឬ​អស់កម្លាំង​ល្ហិតល្ហៃ​ជាដើម។
គេ​ជឿថា ខ្យល់​ច្រើន​ក្នុង​ឈាម​ជា​ដើមចម​បង្ក​ជំងឺ ហើយ​ការ​កោស​ខ្យល់​នឹង​អាច​បណ្ដេញ​ខ្យល់​ក្នុង​ឈាម​ចេញ។ ការ​កោសខ្យល់​នេះ​ផ្ដើម​ពីការ​ប្រើ​ប្រេង​ក្ដៅ​លាប​លើ​រាងកាយ ភាគ​ច្រើន​នៅ​ដើមទ្រូង ខ្នង ឬស្មា រួច​យក​សេន (កាក់) កោស​សង្កត់​ធ្ងន់ៗ​រហូត​ដល់​ចេញ​ស្នាម​ក្រហម​ជាំ ជា​សញ្ញា​បណ្ដេញ​ខ្យល់​ក្នុង​ឈាម។
យោង​តាម​ការ​ចុះផ្សាយ​គាំទ្រ​ដោយ California Childcare Health Program ការ​រលាក​បន្ដិចបន្ដួច​រមែង​កើត​ឡើង​ក្រោយ​ពេល​កោសខ្យល់។
យ៉ាង​ណា​ឥទ្ធិពល​អាក្រក់​អាច​កើតឡើង​កាន់តែ​ធ្ងន់ធ្ងរ រួមទាំង ការ​រលាត់​ធ្ងន់ធ្ងរ ជាំ ចេញ​ឈាម​ក្នុង​ខួរក្បាល ពុល និង​របួស​ក្រលៀន ត្រូវ​បាន​រាយការណ៍​ក្នុង​វិស័យ​វេជ្ជសាស្ដ្រ៕

ប្រភពព័ត៌មាន http://www.postkhmer.com

Wednesday, March 29, 2017

នាគារជាតិនៃកម្ពុជា បង្ហាញឈ្មោះធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន៤៦ ដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ និងទទួល​ប្រាក់បញ្ញើ និងប្រាក់សន្សំបាន!

ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីជូនដំណឹងមួយ ដោយបង្ហាញបញ្ជីរាយនាមឈ្មោះ ធនាគារពាណិជ្ជចំនួន៣៩ធនាគារ និងមីក្រូហិរញ្ញវត្ថុចំនួន៧ ដែលទទួលបានអជ្ញាប័ណ្ណត្រូវត្រឹម និងមានសិទ្ធិទទួលបានប្រាក់បញ្ជី និងប្រាក់សន្សំពីសាធារណជន ដោយមិនមានការព្រួយបារម្ភឡើយ។
ការបង្ហាញបញ្ជីឈ្មោះរបស់ធនាគារជាតិនៃកម្ពុជា នៅពេលនេះ ដោយសារតែពេលកន្លងមក ខ្លួនមើលឃើញថា មានជនខិលខូចមួយចំនួន តែងតែដើរបោកកុហកប្រជាពលរដ្ឋ ឲ្យយកប្រាក់មកដាក់ផ្ញើ ឬដាក់សន្សំ ជាមួយគ្រឹះស្ថាន ក្រុមហ៊ុន សមាគម ឬអង្គការរបស់ខ្លួន ដោយសន្យាផ្ដល់អត្រាការប្រាក់ខ្ពស់។
ខាងក្រោមនេះ គឺជាឈ្មោះធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលទទួលបានអាជ្ញាប័ណ្ណ ពីធនាគារជាតិនៃកម្ពុជា នឹងមានសិទ្ធិទទួល​ប្រាក់បញ្ញើ និងប្រាក់សន្សំបាន៖

«តុលាការ» លើ​ដង​ផ្លូវ

កាល​ពី​ថ្ងៃ​ចន្ទ គ្រោះ​ថ្នាក់​ចរាចរណ៍​បុក​រះ​ដ៏​អាក្រក់​មួយ​កើត​ឡើង​នៅ​ភ្នំពេញ សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​៣​នាក់ និង​ច្រើន​នាក់​ទៀត​រងរបួស​។ នៅ​ក្នុង​ហេតុការណ៍​នេះ អ្នក​បើកឡាន​ដែល​ជា​ជន​បង្ក​ហេតុ ត្រូវ​បាន​ប្រជាពលរដ្ឋ​ផ្ដន្ទាទោស​ភ្លាម​ៗ ដោយ​ព្រួត​គ្នា​វាយ​រហូត​សល់​តែ​ដង្ហើម​ចង្រិត​។ នេះ​មិន​មែនជា​លើក​ទី​មួយ​ទេ សម្រាប់​ករណី​ដូច្នេះ​។ តើហេតុអ្វី​បាន​ជា​ប្រជាពលរដ្ឋ​ខ្មែរ​និយម​​តាំង​ខ្លួន​ជា «តុលាការ» កាត់​ទោស​ជន​ល្មើស​នៅ​លើ​ដង​ផ្លូវ​?

មិន​មែន​ជា​រឿង​ចម្លែក​អ្វី​ទេ នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​ខ្មែរ ស្រុះស្រួល​មូល​មតិ​គ្នា​ដាក់​ទោស​ទណ្ឌ​ទៅ​លើ​ជន​ប្រព្រឹត្ត​ល្មើស តាម​រយៈ​ការ​វាយ​ដំ​ច្រំធាក់​​រហូត​ដល់​ជន​ល្មើស​នៅ​ស្រល់​តែ​ដង្ហើម​ចង្រឹត​ទើប​អស់​ចិត្ត​។ ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​បុក​រះ​កាល​ពី​ថ្ងៃ​ចន្ទ នៅ​ត្រង់​ចំណុច​វិទ្យាល័យ​បឹង​ត្របែក គឺ​ជា​ភស្តុតាង​ស្រាប់​។ ក្រៅពីករណី​នេះ ក៏​មាន​ផង​ដែរ ករណីព្រួត​វាយ​ផ្សេង​​ទៀត ដូច​ជា​កាល​ពី​ដើម​ខែ​មីនា ត្រង់​ចំណុច​ផ្សារ​ដើម​គ ទៅ​លើ​រថយន្ត​ព្រូស​មួយ​គ្រឿង ដែល​បាន​បើក​បុក​រះ​បង្ក​របួស​ស្នាម តែ​មិន​ទទួល​ខុស​ត្រូវ​បែរ​ជា​បើក​រត់។ មិន​ត្រឹម​តែ​វាយ​កម្ទេច​រថយន្ត​ទេ ជន​បង្ក​ហេតុក៏​ត្រូវ​បាន​អ្នក​ដំណើរ​នៅ​ម្ដុំ​ផ្សារ​ដើម​គ ព្រួត​វាយ​រហូត​ដល់​បាត់បង់​ស្មារតី​ផង​ដែរ​។
មានមូលហេតុ​​យ៉ាង​ហោច​ណាស់បី​យ៉ាង ដែល​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ តាំង​ខ្លួន​ជា «តុលាការ» កាត់​សេចក្ដី​ទៅ​លើ​ជនណា​ដែល​ប្រព្រឹត្ត​ល្មើស​តាម​ដង​ផ្លូវ ដោយ​ការ​ព្រួត​គ្នា​វាយ​ដំ​ច្រំ​ធាក់​គ្មាន​ត្រា​ប្រណី​។
មូលហេតុ​ទី​១៖ គឺ​ដោយ​សារ​តែ​ការ​បាត់បង់​ជំនឿ​លើ​ប្រព័ន្ធ​យុត្តិធម៌​ខ្មែរ​​។ ជា​ការ​ពិត ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា ត្រូវ​បាន​កត់​សម្គាល់​ជា​ទូទៅ​ថា មិន​ទាន់​បំពេញ​តួនាទី​ត្រឹមត្រូវ​ដើម្បី​បុព្វហេតុ​យុត្តិធម៌​នៅ​ឡើយ​។ ដោយ​សារ​តែ​មូលហេតុនេះ​ហើយ ទើបបាន​ជា​នៅ​ពេល​មាន​រឿង​ហេតុ​អាក្រក់​កើត​ឡើង​ម្ដង​ៗ ​​ប្រជាពលរដ្ឋ​មួយ​ចំនួនមិនចង់​រង់​ចាំ​ឲ្យ​តុលាការ​កាត់​ក្ដី ហើយ​​សម្រេច​ចិត្តផ្ដន្ទោទោស​ជន​ល្មើស​ដោយ​ដៃ​ខ្លួន​ឯង​តែ​ម្ដង​​។
មូលហេតុ​ទី​២៖ ​អាច​បណ្ដាល​មក​ពី​អារម្មណ៍​ខឹង​សម្បារ​របស់​ប្រជាពលរដ្ឋ បូក​រួម​នឹង​ការ​យល់​ដឹង​ពី​ច្បាប់​នៅ​មាន​កម្រិត​ផង ទើប​ជំរុញ​ឲ្យ​ពួក​គាត់ ហ៊ាន​ព្រួត​គ្នា​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ជន​ប្រព្រឹត្ត​ល្មើស​។ ប្រជាពលរដ្ឋ​ខ្មែរ មិន​​​ដែល​ឃើញ​អ្នក​ដែល​វាយដំ​ទៅ​លើ​ជន​ល្មើស​កន្លង​មក ជាប់​ទោសទណ្ឌ​អ្វី​សោះ​ឡើយ ទើប​បាន​ជា​ចេះ​តែ​ហ៊ាន​ប្រព្រឹត្ត​ក្លាយ​ជា​ទម្លាប់​។ បើ​ទោះ​បី​ជា​មែន​ទែន​ទៅ គ្មាន​ច្បាប់​ណាមួយ​បើក​ផ្លូវ​ឲ្យ​មាន​ការ​វាយ​ដំ​ទៅ​លើជន​ដទៃ​បាន​ទេ បើ​ទោះ​បី​ជា​ជន​នោះ បាន​ប្រព្រឹត្ត​ខុស​ច្បាប់​ក្ដី​។
ចំណែក​មូលហេតុ​ទី​៣៖ គឺ​បណ្ដាល​មក​ពី​អន្តរាគមន៍​មិន​ទាន់​ពេល​វេលា​របស់​កង​កម្លាំង​មាន​សមត្ថកិច្ច នៅ​ក្នុង​ហេតុការណ៍​ល្មើស​នានា ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ឱកាស​គ្រប់​គ្រាន់​ក្នុង​ការ​វាយ​ដំ​ទៅលើ​ជន​ប្រព្រឹត្ត​ល្មើស​។
សព្វ​ថ្ងៃ ថ្វី​ត្បិត​តែ​ករណី​ព្រួត​វាយ​ទៅ​លើ​ជន​ល្មើស​នៅ​ក្នុង​សង្គម​ខ្មែរ មិន​សូវកើត​ឡើង​ញឹកញាប់​ក៏​ដោយ ប៉ុន្តែ​អ្នក​ជំនាញ​ផ្នែក​ច្បាប់​និង​សិទ្ធិ​មនុស្ស​ បាន​សម្ដែង​ការ​ព្រួយ​បារម្ភ និង​ចង់​ឲ្យ​អាជ្ញាធរ​ចាត់​វិធានការ​បង្ការ​ហេតុការណ៍​នេះ​កុំ​ឲ្យ​កើត​ឡើង​​ទៀត​។ មិន​ចង់​ឲ្យ​កើត​ឡើង​ព្រោះ ការ​​​​តាំង​ខ្លួន​ជា «តុលាការ» កាត់​ទោស​ជន​ល្មើស​នៅ​លើ​ដង​ផ្លូវរបស់​ប្រជាពលរដ្ឋ​ខ្មែរ​ដូច្នេះ ​មិន​ត្រូវ​បាន​អនុញ្ញាត​ដោយ​ច្បាប់ទេ​ ហើយ​ល្មើស​​​​នឹង​គោលការណ៍​សិទ្ធិ​មនុស្ស​​។ ជាង​នេះ​ទៅ​ទៀត ប្រជាពលរដ្ឋ​ដែល​​ប្រើ​ប្រាស់​អំពើ​ហិង្សា​ទៅ​លើ​ជន​ល្មើស​រំលង​ច្បាប់​ដូច្នេះ អាច​ប្រឈម​នឹង​ចំណាត់ការ​តាមផ្លូវ​ច្បាប់​ថែម​ទៀត​ផង​។
ប៉ុន្តែ​យ៉ាង​ណាក៏​ដោយ ការ​បង្ការ​រឿង​ហេតុ​អកុសល​ដូច្នេះ​កុំ​ឲ្យ​កើត​ឡើង​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ ហើយ​វា​ត្រូវ​ការ​ការ​ចូល​រួម​ពី​ភាគី​ពាក់ព័ន្ធ​ច្រើន​។ ក្នុង​នោះ ប្រព័ន្ធ​យុត្តិធម៌​គួរ​តែ​ត្រូវ​បាន​ពង្រឹង​បន្ថែម​ទៀត ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ត្រឡប់មក​ជឿជាក់​ឡើង​វិញ​។ ការ​ពង្រឹង​ប្រព័ន្ធ​យុត្តិធម៌ រាប់​ចាប់​តាំង​ពី​ឯករាជ្យភាព​របស់​តុលាការ និង​ប្រព័ន្ធ​ច្បាប់​ដែល​រឹង​មាំ ដើម្បី​ធានា​ថា អ្នក​ណា​ក៏​ដោយ ឲ្យ​តែ​ប្រព្រឹត្ត​ខុស នឹង​ត្រូវ​បានផ្ដន្ទោសទោស​ទាំង​អស់​យ៉ាង​ស្មើ​ភាព​គ្នា​ជា​ទី​បំផុត​។
សម្រាប់​អាជ្ញាធរ​មាន​សមត្ថកិច្ច​។ សម្រាប់​​អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម​ ការ​បង្ការ​បទ​ល្មើស​កុំ​ឲ្យ​កើត​មាន​តែ​ម្ដង វា​ជា​រឿង​មិន​អាច​ទៅ​រួច​។ ប៉ុន្តែ​ពួក​គាត់​លើក​ទឹក​ចិត្ត​ឲ្យ​សមត្ថកិច្ច​​បង្កើន​ល្បឿន​ធ្វើ​អន្តរាគមន៍​ក្នុង​ហេតុការណ៍​ល្មើស​ច្បាប់​នានា​ឲ្យ​បាន​ឆាប់​រហ័ស​។ អន្តរាគមន៍​ឆាប់​រហ័ស គឺ​ជា​ការ​ធានា​បឋម​ថា ជន​ប្រព្រឹត្ត​ល្មើស​នឹង​ត្រូវ​ឃាត់​ខ្លួន​បាន​ទាន់​ពេល​វេលា ហើយ​ការ​កាត់ទោស​ប្រើ​ហិង្សា​ណាមួយ​ពី​សាធារណជន​ទៅ​លើ​ជន​ល្មើស នឹង​ត្រូវ​កាត់​បន្ថយ​បាន បើ​មិន​ទាំង​ស្រុង​ក៏​បាន​ខ្លះ​ដែរ​។
ចុង​ក្រោយ សម្រាប់​ប្រជាពលរដ្ឋ។ ការ​ប្រើ​ប្រាស់​ហិង្សា​របស់​ពួក​គាត់​ទៅ​លើ​ជន​ប្រព្រឹត្ត​ល្មើស គឺ​ជា​ភស្តុតាង​មួយ​បង្ហាញ​យ៉ាង​ច្បាស់​ថា ពួក​គាត់​ស្អប់​ខ្ពើម​អំពើ​អាក្រក់ ហើយ​ស្រេក​ឃ្លាន​យុត្តិធម៌​។ ប៉ុន្តែ​ពលរដ្ឋ​គួរ​កុំ​ភ្លេច​ថា អំពើ​ហិង្សា​នេះ គឺ​ខុស​នឹង​ច្បាប់។ ដូច្នេះ ក្នុង​ករណី​ណា​ក៏​ដោយ គេ​មិន​គួរ​បង្ក្រាប​បទ​ល្មើស​មួយ​ដោយ​បង្កើត​បទ​ល្មើស​មួយ​ទៀត​ឡើយ​៕

Source: RFA

គ.ជ.ប​នៅ​រក្សា​ទុក​​បញ្ជី​ឈ្មោះ​​​បេក្ខជន​បក្ស​សង្គ្រោះ​ជាតិ​បើ​ទោះបី​​មាន​បញ្ហា​លក្ខន្តិកៈ​បក្ស

មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បញ្ជាក់​ថា គ.ជ.ប នៅ​តែ​រក្សា​ទុក​បបញ្ជី​គណបក្ស​ និងបេក្ខជន​គណបក្ស​សង្គ្រោះ​ជាតិ ដដែល សម្រាប់​ចូលរួម​ប្រកួត​ក្នុង​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ នៅ​ពេល​ខាង​មុខ ព្រោះ​គណបក្ស​នេះ បាន​បំពេញ​បែបបទ​ត្រឹមត្រូវ​តាម​នីតិវិធី​របស់ គ.ជ.ប ទោះ​បី​ក្រសួង​មហាផ្ទៃ លើក​ឡើង​ថា អាច​មាន​បញ្ហា​លក្ខន្តិកៈ​បក្ស​យ៉ាង​ណា​ក្ដី។
អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក ហង្ស ពុទ្ធា បញ្ជាក់​ថា គ្រាន់​តែ​ការ​ខុស​ឆ្គង ការ​រៀបចំ​សមាជ​របស់​គណបក្ស​ដែល​មិន​ស្រប​នឹង​លក្ខន្តិកៈ នោះ​មិន​មែន​ជា​រឿង​ដែល​ត្រូវ​លុប​បញ្ជី​គណបក្ស និង​បេក្ខជន​គណបក្ស​សង្គ្រោះ​ជាតិ ចេញ​នោះ​ទេ ព្រោះ គ.ប.ជ បាន​ទទួល​ស្គាល់​បញ្ជី​ឈ្មោះ​បេក្ខជន​គណបក្ស​សង្គ្រោះ​ជាតិ តាំង​ពី​មុន​គណបក្ស​បក្ស​នេះ​ធ្វើ​សមាជ​វិសាមញ្ញ​មក​ម្ល៉េះ៖ «ការ​ទទួល​ចុះ​ឈ្មោះ​គណបក្ស​ក្នុង​បញ្ជី​បេក្ខជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដោយ គ.ជ.ប នេះ ក៏​ស្រប​ទៅ​តាម​ច្បាប់ ពីព្រោះ​នៅ​ក្នុង​ឱកាស​នោះ លោក កឹម សុខា គាត់​ជា​អនុ​ប្រធាន​គណបក្ស អ៊ីចឹង​គាត់​បាន​ស៊ីញ៉េ​លើ​លិខិត​ផ្ទេរ​សិទ្ធិ​ទៅ​ឲ្យ​តំណាង​របស់​គាត់​នៅ​ថ្នាក់​ឃុំ-​សង្កាត់ ដើម្បី​ចុះ​ហត្ថលេខា​សម្គាល់​ទៅ​លើ​បេក្ខជន​នៃ​គណបក្ស​នយោបាយ​របស់​គាត់»
លោក​បន្ត​ថា ប្រការ​ដែល​លើក​ឡើង​ថា អាច​មាន​ការ​ប្រព្រឹត្ត​ផ្ទុយ​ទៅ​នឹង​លក្ខន្តិកៈ​បក្ស​ក្នុង​ការ​បើក​សមាជ​វិសាមញ្ញ​កាល​ពី​ថ្ងៃ​ទី​២ ខែ​មីនា នោះ គឺ​ជា​ជំហរ​របស់​ក្រសួង​មហាផ្ទៃ ប៉ុណ្ណោះ។
កាល​ពី​ថ្ងៃ​ទី​២២ ខែ​មីនា ក្រសួង​មហាផ្ទៃ បាន​ផ្ញើ​លិខិត​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​បាន​បញ្ជាក់​ថា សមាជ​វិសាមញ្ញ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជ្រើសរើស​ក្បាល​ម៉ាស៊ីន​បក្ស មាន​លោក កឹម សុខា ជា​ប្រធាន និង​អនុ​ប្រធាន​បី​រូប​ទៀត គឺ​អនុវត្ត​ផ្ទុយ​នឹង​មាត្រា​៤៧ ចំណុច​ទី​២ នៃ​លក្ខន្តិកៈ​គណបក្ស​សង្គ្រោះ​ជាតិ ព្រោះ​បើ​តាម​លក្ខន្តិកៈ​បក្ស​នេះ សមាជ​ដូច្នេះ អាច​ធ្វើ​ទៅ​បាន​ទាល់តែ​ចាំ​ក្រោយ ១៨​ខែ គិត​ចាប់​ពី​ថ្ងៃ​ប្រធាន​គណបក្ស​លាលែង​សិន។
លោក កឹម សុខា ត្រូវ​បាន​បោះឆ្នោត​ជ្រើសតាំង​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ជំនួស​លោក សម រង្ស៊ី ដែល​លាលែង​ពី​គណបក្ស​កាល​ពី​ថ្ងៃ​១១ ខែ​កុម្ភៈ បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គំរាម​កែ​ច្បាប់​ដើម្បី​រម្លាយ​គណបក្ស​ណា​ដែល​មាន​ប្រធាន ឬ​អនុ​ប្រធាន​ជា​អ្នក​មាន​ទោស។
មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​អះអាង​ថា គណបក្ស​ខ្លួន​ធ្វើ​ត្រឹមត្រូវ​តាម​លក្ខន្តិកៈ​បក្ស។ លោក សុន ឆ័យ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់​បញ្ជាក់​ថា លក្ខន្តិកៈ​បក្ស​មិន​បាន​ហាមឃាត់​មិន​ឲ្យ​ធ្វើ​សមាជ​រើស​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ថ្មី​នោះ​ទេ។ ម្យ៉ាង​ទៀត​លោក​លើក​ឡើង​ថា ច្បាប់​វិសោធនកម្ម​ថ្មី​ស្ដីពី​គណបក្ស​នយោបាយ​ត្រូវ​តែ​នាំ​គ្នា​គោរព​តាម ទោះ​បី​ជា​គណបក្ស​សង្គ្រោះ​ជាតិ មិន​ចូលរួម​លើក​ដៃ​អនុម័ត​យ៉ាង​ណា​ក្ដី៖ «យើង​គោរព​ច្បាប់​ប្រទេស​ហើយ ទោះបី​យើង​មិន​គាំទ្រ​ច្បាប់​នោះ​ក៏ដោយ កាល​ណា​អនុម័ត​ដោយ​រដ្ឋ​សភា ព្រឹទ្ធ​សភា និង​ឡាយ​ព្រះហស្ត​ដោយ​ព្រះមហាក្សត្រ​ហើយ​យើង​ត្រូវ​គោរព»
លោក សុន ឆ័យ យល់​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តាងនាម​ឲ្យ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​បាន​ទទួល​ស្គាល់​ក្បាល​ម៉ាស៊ីន​គណបក្ស​សង្គ្រោះ​ជាតិ តាម​រយៈ​សមាជ​នេះ​ដែរ។  ទោះ​លោក​មិន​អាច​ស្មាន​ត្រូវ​ពី​ជម្រៅ​ចិត្ត​របស់​លោក ហ៊ុន សែន ក្នុង​អបអរសាទរ​លោក​ប្រធាន​ថ្មី​របស់​បក្ស​សង្គ្រោះ​ជាតិ​ក្ដី ក៏​លោក​ចាត់​ទុក​ឥរិយាបថ​បែប​នេះ​ថា​ជា​កត្តា​ផ្សំ​មួយ​ទៀត៖ «នាយករដ្ឋមន្ត្រី ធម្មតា​លោក​មិន​ដែល​ធ្វើ​អី​ប្រថុយប្រថាន​ទេ។ គាត់​អាច​មាន​បំណង​យ៉ាង​ណា​យើង​មិន​ដឹង​ទេ ប៉ុន្តែ​លោក​ទទួល​ស្គាល់ ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​​ទទួល​ស្គាល់ ជូន​ពរ អា​ហ្នឹង​ក៏​ជា​កត្តា​មួយ​បញ្ជាក់​ថា វា​មិន​មាន​អី​ខុស​ទេ»
ក្រោយ​ពី​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ប្រកាស​មិន​ទទួល​ស្គាល់​សមាជ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មក គណបក្ស​នេះ​ចាត់​តាំង​មន្ត្រី​ជាន់​ខ្ពស់ ៥​រូប ដើម្បី​ជជែក​ដោះស្រាយ​បញ្ហា​ជាមួយ​ក្រសួង។ ជា​ការ​ឆ្លើយ​តប​ក្រសួង​មហាផ្ទៃ បាន​យល់​ព្រម​ជួប​គ្នា​ដោយ​ចាត់​តាំង​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួង​មហាផ្ទៃ លោក ប្រាក់ សំអឿន ដែល​ជំនួប​នេះ​ធ្វើ​នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ពុធ ទី​២៩ ខែ​មីនា នេះ៕

Source: RFA

តុលាការ​អាមេរិក​លើក​ពេល​សវនាការ​សំណុំរឿង​ពាក់ព័ន្ធ​លោក ហ៊ុន ម៉ាណែត

តុលាការ​សហព័ន្ធ​របស់​សហរដ្ឋអាមេរិក ក្នុង​ទីក្រុង​ឡុងប៊ិច  (Long Beach) រដ្ឋ​កាលីហ្វ័រញ៉ា (California) លើក​ពេល​សវនាការ​បង្ហាញ​អង្គ​ហេតុ និង​ភស្តុតាង ករណី​បង្ក​របួស​ស្នាម​លើ​ស្មៀន​រត់​ការ​ឯកសារ​របស់​តុលាការ​ឈ្មោះ ផល ហេយស៍ (Paul Hayes) ដោយ​ក្រុម​អង្គរក្ស​លោក ហ៊ុន ម៉ាណែត ពី​ថ្ងៃ​ទី​៣០ ខែ​មីនា ទៅ​ថ្ងៃ​ទី​១៣ ខែ​មេសា ខាង​មុខ​វិញ។
ចំណែក​ករណី​បណ្ដឹង​របស់​ភរិយា​លោក មាជ សុវណ្ណារ៉ា និង​លោក ញ៉យ ចំរើន ដែល​ប្ដឹង​រដ្ឋាភិបាល​កម្ពុជា និង​លោក ហ៊ុន ម៉ាណែត ពី​បទ​ធ្វើ​ទារុណកម្ម​ការ​ធ្វើ​ទុក្ខបុកម្នេញ​គណបក្ស​ប្រឆាំង និង​អំពើ​ភេរវកម្ម​អន្តរជាតិ ក៏​នឹង​ត្រូវ​លើក​ទៅ​ថ្ងៃ​ទី​១៣ ខែ​មេសា ដូច​គ្នា​ដែរ។ ការ​ពន្យារ​ពេល​នេះ បន្ទាប់​ពី​ដើម​បណ្ដឹង​បាន​រក​ឃើញ​ជនសង្ស័យ​ពីរ​នាក់ ដែល​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បង្ក​របួស​ស្នាម​លើ​លោក ផល ហេយស៍។
កាល​ពី​ថ្ងៃ​ទី​៩ ខែ​មេសា កន្លង​ទៅ អង្គរក្ស​លោក ហ៊ុន ម៉ាណែត មួយ​ហ្វូង​បាន​ចាប់​បោក​លោក ផល ហេយស៍ ជា​ស្មៀន​មេធាវី​អាមេរិកាំង ទៅ​​លើ​
ថ្ម​ក្នុង​បរិវេណ​ភោជនីយដ្ឋាន​ឋាន​ព្រះចន្ទ ឲ្យ​របួស​ធ្ងន់ ក្នុង​ទីក្រុង​ឡុងប៊ិច ខណៈ លោក ផល ឈោង​ជូន​ដីកា​របស់​តុលាការ​សហព័ន្ធ​អាមេរិក នៅ​ក្រុង​ឡូសអែនជឺឡេស (Los Angeles) ដែល​កោះ​ហៅ​លោក ហ៊ុន ម៉ាណែត ឲ្យ​ចូល​បំភ្លឺ​ករណី​ចោទ​ប្រកាន់​របស់​បណ្ដឹង​ភរិយា​លោក មាជ សុវណ្ណារ៉ា។
មេធាវី​ក្នុង​ក្រុម​អ្នក​ច្បាប់​របស់​លោក មូរតុន ក្លារ (Morton Sklar) គឺ​លោក អ៊ុច ខែមសុខាំបូរ មាន​ប្រសាសន៍​ថា សវនាការ​នៅ​ថ្ងៃ​ទី​១៣ ខែ​មេសា ខាង​មុខ​ចៅក្រម​នឹង​សាកសួរ​អំពី​ព័ត៌មាន​ជនសង្ស័យ​ពីរ​រូប និង​អ្នក​ពាក់ព័ន្ធ​ដទៃ​ទៀត​ក្នុង​ករណី​បង្ក​របួស​ស្នាម​លើ​លោក ផល ហេយស៍ ដែល​ក្រុម​សមត្ថកិច្ច​ប៉ូលិស​អាមេរិក បាន​រក​ឃើញ៕

Source: RFA

Tuesday, March 28, 2017

អាហារអ្វី​ខ្លះ​​ជួយ​តម្រងនោម​ឱ្យ​មាន​សុខភាព​ល្អ ?

ការ​ជ្រើសរើស​អាហារ​ដែល​មាន​ផល​ល្អ​ចំពោះ​តម្រងនោម​គឺជា​រឿង​ល្អ​បំផុត​ក្នុង​ការ​ថែរក្សារ​តម្រងនោម​របស់​អ្នក​ឲ្យ​មាន​សុខភាព​ល្អ​។ តម្រងនោម​មាន​តួនាទី​សំខាន់​នៃ​មុខងារ​បញ្ចេញ​ក្នុង​រាង​កាយ​របស់​យើង​។ ប្រសិនបើ​តម្រងនោម​មាន​បញ្ហា វា​អាច​បង្ក​ឲ្យ​មាន​ផលវិបាក​ដល់​សុខភាព​ធ្ងន់ ។ មាន​អាហារ​ជា​ច្រើន​ដែល​ល្អ​ចំពោះ​សុខភាព​តម្រងនោម​។ អាហារ​ទាំងនោះ​ភាគច្រើន​សម្បូរ​ទៅ​ដោយសារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​អាច​ប្រយុទ្ធ​ប្រឆាំង​នឹង​រ៉ា​ឌី​កាល់​សេរី ។ អាហារ​ដែល​ល្អ​សម្រាប់​សុខភាព​តម្រងនោម​មិន​គួរ​ផ្តល់​បន្ទុក​ការងារ​បន្ថែម​ទៀត​ដល់​តម្រងនោម​ទេ​។ ខាងក្រោម​នេះ​គឺជា​អាហារ​ពិសេស​មួយ​ចំនួន​ដើម្បី​ថែរក្សា​សុខភាព​តម្រងនោម ។

១-​ស្ពៃក្តោប
ស្ពៃក្តោប​សម្បូរ​ទៅ​ដោយសារ​ធាតុគីមី​រុក្ខជាតិ​ដែល​ជួយ​បំផ្លាញ​រ៉ា​ឌី​កាល់​សេរី ។ វា​ជា​អាហារ​មួយ​ក្នុង​ចំណោម​អាហារ​ដែល​ល្អ​បំផុត​សម្រាប់​សុខភាព​តម្រងនោម ។ រួម​ជាមួយនឹង​សារធាតុ​គីមី​រុក្ខជាតិ ស្ពៃក្តោប​មាន​សារធាតុចិញ្ចឹម​ជា​ច្រើន​ទៀត​ដែល​ជួយ​ជួសជុល និង​ចិញ្ចឹម​តម្រងនោម ។ ដោយសារ​វា​មាន​ជាតិ​ប៉ូ​តា​ស្យូ​ម​ទាប វា​គឺជា​អាហារ​ដ៏​ពិសេស​សម្រាប់​មុខងារ​លាង​ឈាម​របស់​តម្រងនោម ។
២-​ម្ទេស​ប្លោក​ក្រហម
ជាមួយនឹង​កម្រិត​ប៉ូ​តា​ស្យូ​ម​ទាប និង​សម្បូរ​ទៅ​ដោយ​វីតាមីន A B6 C ជាតិ​កាក​សរសៃ និង​អាស៊ីត​ហ្វូ​លិ​ក ម្ទេស​ប្លោក​ក្រហម​មាន​សមត្ថភាព​ដ៏​អស្ចារ្យ​ក្នុង​ការ​ថែរក្សា​សុខភាព​តម្រងនោម​របស់​អ្នក ។ ម្ទេស​ប្លោក​ក្រហម​មាន​ទំនោរ​បំបែក​កាក​សំណល់​ពុល​នៅ​ក្នុង​ឈាម ហេតុនេះ​ហើយ​វា​អាច​ជួយ​មុខងារ​តម្រងនោម​បាន ។
៣-​ផ្លែ​ប៉ោម
ផ្លែ​ប៉ោម​គឺជា​ផ្លែ​ឈើ​មួយ​ក្នុង​ចំណោម​អាហារ​ដ៏​ល្អ​បំផុត​សម្រាប់​សុខភាព​តម្រងនោម​។ លក្ខណៈសម្បត្តិ​ប្រឆាំង​នឹង​ការ​រលាក​នៃ​ផ្លែ​ប៉ោម​ធ្វើ​ឱ្យ​វា​ក្លាយជា​អាហារ​ដ៏​ល្អ​សម្រាប់​ការ​ថែរក្សា​សុខភាព​តម្រងនោម ។ លើស​ពី​នេះ​ទៅ​ទៀត ផ្លែ​ប៉ោម​អាច​ជួយ​ការពារ​ការ​ឆ្លង​មេរោគ​ក្នុង​ផ្លូវ​បង្ហូរ​ទឹកនោម និង​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​ក្រួស​ក្នុង​តម្រងនោម ។
៤-​ខ្ទឹមបារាំង
ខ្ទឹមបារាំង​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​មាន​ឥទ្ធិពល​ក្នុង​ការ​សម្អាត និង​បញ្ចេញ​ជាតិពុល​ចេញពី​តម្រងនោម​។ ខ្ទឹមបារាំង​ក៏​មាន​សារធាតុ​រ៉ែ​ក្រូ​មី​ញ៉ូ​ម​ដែល​ជួយ​ក្នុង​ការ​ធ្វើ​មេតា​ប៉ូ​លី​ស​ជាតិ​ខ្លាញ់ ប្រូ​តេ​អីុន និង​កាបូ​អីុដ្រា​ត​។ ដូច្នេះ​ការ​ទទួលទាន​ខ្ទឹមបារាំង​ទាំង​ឆៅ និង​ឆ្អិន​អាច​ជួយ​ថែរក្សា​តម្រងនោម​ឲ្យ​មាន​សុខភាព​ល្អ​ដូច​គ្នា ។
៥-​ត្រី
ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ​បាន​ផ្តល់​អនុសាសន៍​ក្នុង​ការ​ទទួលទាន​អាហារ​ជាមួយ​ត្រី​ដើម្បី​ថែរក្សា​តម្រងនោម​របស់​អ្នក​ឲ្យ​មាន​សុខភាព​ល្អ​។ ត្រី​មាន​ប្រូ​តេ​អុ​ី​ន​ដែល​មានគុណ​ភាព​ខ្ពស់​ដូច​ជា​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​៣  ដែល​អាច​កាត់​បន្ថយ​ការ​រលាក ៕

Source: http://sabbayan.com/archives/57?fb_action_ids=1380681988657324&fb_action_types=og.comments

បុរស​បើក​ឡាន​បុក​រះ​អ្នក​ជិះ​ម៉ូតូ​កណ្តាល​រាជធានី ​ កំពុង​ស្ថិត​ក្នុង​បន្ទប់​សង្រ្គោះ​បន្ទាន់​

បុរស​ម្នាក់​ដែល​ត្រូវ​ពលរដ្ឋ​ទាញ​ចេញ​ពី​រថយន្ត​មួយ​ដែល​បើក​បញ្រ្ចាស​ទិស ហើយ​បុក​រះ​ម៉ូតូ​ជា​ច្រើន​គ្រឿង នៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនីវង្ស ត្រង់​ចំណុច​វិទ្យាល័យ​បឹង​ត្របែក ស្ថិត​ក្នុង​ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ ទី ២៧ មីនា កំពុង​ស្ថិត​ក្នុង​បន្ទប់​សង្រ្គោះ​បន្ទាន់។ អ្នក​ជំនាញ​ខាង​សុវត្ថិភាព​ចរាចរណ៍ ចាត់​ទុក​ថា ការ​ប្រើ​អំពើ​ហិង្សា​របស់​ពលរដ្ឋ លើ​អ្នក​បើក​បរ​បង្ក​ហេតុ ​ជា​សញ្ញាណ​អវិជ្ជមាន​មួយ ដែល​ជម្រុញ​ឲ្យ​អ្នក​បើក​បរ​ផ្សេង​ទៀត អាច​យក​លេស​នេះ​បើក​បរ​គេច​ខ្លួន នៅ​ពេល​បុក​គេ ហើយ​រាជរដ្ឋាភិបាល​គួរ​តែ​មាន​វិធានការណ៍​ទប់​ស្កាត់។
លោក​វេជ្ជបណ្ឌិត ឆឹង យ៉ាវយ៉េន ទី​ប្រឹក្សា​បច្ចេកទេស នៃ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ សូវៀត បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង RFI នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា ជន​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍ តាម​បណ្តោយ​​ផ្លូវ​ព្រះ​មុនីវង្ស ត្រង់​ចំណុច​វិទ្យាល័យ​បឹង​ត្របែក ​ ហើយ​ត្រូវ​ពលរដ្ឋ ​ព្រួត​គ្នា​វាយ​ប្រហារ កាល​ពី​យប់​ថ្ងៃ​ចន្ទ កំពុង​ស្ថិត​ក្នុង​បន្ទប់​សង្រ្គោះ​បន្ទាន់ និង​មិន​ទាន់​ដឹង​ខ្លួន​នៅ​ឡើយ​ទេ មក​ទល់​នឹង​ពេល​នេះ។ បើ​តាម​របាយការណ៍​វេជ្ជសាស្រ្ត បុរស​ជន​បង្ក​ហេតុ​រូប​នេះ កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់​ធ្ងរ ដោយ​សារ​រង​របួស​ខ្លាំង​ប៉ះ​ពាល់​ផ្នែក​ក្បាល មាន​ឈាម​កក​ក្នុង​ខួរ​ក្បាល និង​ប្រេះ​លលាដ៏​ក្បាល។
ប្រធាន​នាយកដ្ឋាន​ប៉ូលីស​ចរាចរណ៍ និង​សណ្តាប់​ធ្នាប់​សាធារណៈ នៃ​ក្រសួង​មហាផ្ទៃ លោក​ឧត្តមសេនីយ៍​ឯក រុន រ័ត្នវាសនា បាន​បញ្ជាក់​ថា ប៉ូលីស​កំពុង​រង់ចាំ​ជន​បង្ក​ហេតុ​ដឹង​ខ្លួន​ឡើង​វិញ ដើម្បី​សាក​សួរ​ព័ត៌មាន​ជាក់​លាក់ ទាក់​ទង​នឹង​អត្តសញ្ញាណ ស្ថានភាព​បើក​បរ​ក្នុង​ពេល​បង្ក​ហេតុ និង​កសាង​សំណុំ​រឿង​ស្រប​តាម​ផ្លូវ​ច្បាប់។ តាម​របាយការណ៍​បឋម អ្នក​បើក​បរ​រថយន្ត​ Camry ឆ្លាម ដែល​បង្ក​ហេតុ​រូប​នេះ បាន​បើក​បរ​បញ្រ្ចាស​ទិស រំលោភ​ផ្លូវ​ចរាចរ ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ ហើយ​បាន​បុក​រះ​ទៅ​លើ​អ្នក​ជិះ​ម៉ូតូ​ជា​ច្រើន​នាក់ ទើប​បណ្តាល​ឲ្យ​មនុស្ស ៣​នាក់​បាន​ស្លាប់ និង ៧​នាក់​ផ្សេង​ទៀត បាន​រង​របួស​ធ្ងន់-ស្រាល។​

លោក រុន រ័ត្នវាសនា បាន​បន្ថែម​ថា មាត្រា ៨៥​នៃ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក ជន​បើក​បរ ដោយ​ធ្វេស​ប្រហែស ខ្ជី​ខ្ជា មិន​ប្រុង​ប្រយ័ត្ន បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី មួយ​ឆ្នាំ ទៅ បី​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី បួន​លាន​រៀល ទៅ ដប់​ប្រាំ​លាន​រៀល និង​អាច​ផ្តន្ទា​ទោស​បន្ថែម​មួយ ឬ​ច្រើន​ទៀត។

គួរ​ជម្រាប​ថា តាម​វិដេអូ​ជា​ច្រើន ដែល​គេ​ចែក​ផ្សាយ​បន្ត​គ្នា​លើ បណ្តាញ​សង្គម​ហ្វេស​ប៊ុក កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ ទី ២៧ ខែ​មីនា បុរស​អ្នក​បើក​បរ​រថយន្ត Camry ឆ្លាម ម្នាក់ បាន​ព្យាយាម​បើក​រថយន្ត​គេច បន្ទាប់​ពី​ពើប​គ្រោះ​ថ្នាក់​ចរាចរណ៍ បុក​រះ​ម៉ូតូ​ជា​ជួរ លើ​កំណាត់​ផ្លូវ​ដ៏​អ៊ូអរ​ ត្រង់​ចំណុច​វិទ្យា​ល័យ​បឹង​ត្របែក នៅ​រាជធានី​ភ្នំពេញ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ និង​របួស​ដួល​ដេក​រដូក​រណែល បែក​ឈាម​ពេញ​ផ្លូវ។ នៅ​ពេល​រថយន្ត​បើក​ទៅ​មុខ​លែង​រួច បុរស​នោះ ត្រូវ​ពលរដ្ឋ អ្នក​ដំណើរ ទាញ​ទម្លាក់​ចេញ​ពី​ទ្វារ​រថយន្ត​ខាង​ស្តាំ​ខាង​ក្រោយ ហើយ​ព្រួត​គ្នា​វាយ​ដំ បែក​ឈាម​ជោគ​ខ្លួន។ ពលរដ្ឋ​ជា​ច្រើន​បាន​ វាយ​ជន​បង្ក​រហូត​សន្លប់ ហើយ​ពេល​ជន​បង្ក​ចាប់​ផ្តើម​ដឹង​ខ្លួន​វិញ គេ​ក៏​ផ្តើម​វ៉ៃ​រហូត​លែង​ដឹង​ខ្លួន​ជា​ច្រើន​ដង​ទៀត។ មាន​ដុំ​ឥដ្ឋ​ការ៉ូឡា​ថ្ម​មួយ​ផ្ទាំង​ធំ ត្រូវ​គេ​លើក​ទម្លាក់​លើ​បុរស​នោះ ខណៈ​រថយន្ត​បង្ក​ហេតុ ត្រូវ​ពលរដ្ឋ​ព្រួត​គ្នា​វាយ​កម្ទេច ហើយ​លើក​ឲ្យ​ក្រឡាប់​ផ្ងារ​ជើង​ថែម​ទៀត។​

នាយក​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍ លោក អ៊ា ចរិយា បាន​កត់​សម្គាល់​ឃើញ​ថា ការ​បើក​ឡាន​បុក​គេ ហើយ​រត់ ជា​បញ្ហា​ដ៏​ធំ​មួយ​ក្នុង​ប្រទេស​កម្ពុជា ខណៈ​ជាង ៥០% នៃ​អ្នក​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍ តែង​បាន​ព្យាយាម​បើក​គេច​រត់។ មាន​មូលហេតុ​ពីរ ដែល​អ្នក​បើក​បរ​ព្យាយាម​គេច​រត់ ព្រោះ ខ្លាច​ពលរដ្ឋ​ព្រួត​គ្នា​វាយ​ទើប​រត់ ឬ​មាន​ចេតនា​គេច​ពី​ការ​ទទួល​ខុស​ត្រូវ​សង​សំណង។ លោក បន្ថែម​ថា បុព្វហេតុ​ដែល​ជម្រុញ​ឲ្យ​ពលរដ្ឋ​ប្រើ​អំពើ​ហិង្សា លើ​ជន​បង្ក​គ្រោះ​ថ្នាក់​ចរាចរ មិន​រង់​ចាំ​អាជ្ញាធរ​ដោះ​ស្រាយ​រក​យុត្តិធម៌ ព្រោះ​ពលរដ្ឋ​អស់​សង្ឃឹម ឬ​មិន​សប្បាយ​ចិត្ត​នឹង​ប្រព័ន្ធ​យុត្តិធម៌​ផ្តល់​ជូន​ជន​រង​គ្រោះ ស្រប​ពេល​ដែល​ជន​បង្ក​មិន​បាន​ទទួល​ទោស​ពិន័យ​ជាប់​ពន្ធនាគារ តែ​គ្រាន់​បង់​ប្រាក់​ពិន័យ​ក៏​រួច​ខ្លួន។

នាយក​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍ លោក អ៊ា ចរិយា ផ្តល់​យោបល់​ថា ដើម្បី​កាត់​បន្ថយ​និន្នាការ​អវិជ្ជមាន​នេះ រាជរដ្ឋាភិបាល គួរ​តែ​រឹត​បន្តឹង​ការ​ផាក​ពិន័យ ពន្លឿន​ដំណើរ​ការ​រក​យុត្តិធម៌​ជូន​ជន​រង​គ្រោះ​ទាក់​ទង​នឹង​សំណង​ជំងឺ​ចិត្ត និង​លើក​ទឹក​ចិត្ត​ពលរដ្ឋ​ឲ្យ​ស្វែង​រក​យុត្តិធម៌​តាម​ផ្លូវ​ច្បាប់​វិញ៕

Source: FRI

គ.ជ.ប នឹងលុបឈ្មោះគណបក្សសង្រ្គោះជាតិពីបញ្ជីបោះឆ្នោត បើក្រសួងមហាផ្ទៃ សម្រេចលុបចោលគណបក្សនេះ

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប នៅថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០១៧នេះ បានអះអាងថា គ.ជ.ប នឹងមិនអនុញ្ញាត ឱ្យគណបក្សសង្រ្គោះជាតិ ចូលរួមក្នុងការបោះឆ្នោតឃុំ/សង្កាត់ឡើយ បើសិនជាក្រសួងមហាផ្ទៃ សម្រេចលុបឈ្មោះគណបក្សនេះ ចេញពីបញ្ជីគណបក្សនយោបាយនោះ។
លោក ហង្ស ពុទ្ធា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ប្រសិនបើក្រសួងមហាផ្ទៃ គាត់ប្រកាសលុបឈ្មោះគណបក្សហ្នឹងចេញ...គ.ជ.ប នឹងលុបឈ្មោះ គណបក្សនោះដែរ»។ លោកបានបន្ថែម៖ «គ.ជ.ប អនុញ្ញាតឱ្យប្រកួតប្រជែងតែគណបក្សដែល​ស្របច្បាប់ ចុះបើគណបក្សនោះ ត្រូវបានសម្រេចថា ជាបក្សដែលមិនស្របច្បាប់ទៅហើយ អញ្ចឹងគ.ជ.ប មិនមានរឿងអ្វីត្រូវទទួលស្គាល់ទេ»
អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា បានមើលឃើញថា ករណីនេះ មិនទាន់ឈានដល់ការលុបគណបក្សនៅឡើយទេ ដោយគ្រាន់តែ សមាជខុសលក្ខន្តិកៈ ហើយក្រសួងមហាផ្ទៃមិនទទួលស្គាល់សមាជប៉ុណ្ណោះ។ លោកថ្លែងថា «រឿងរ៉ាវដែលកើតឡើង គ្រាន់តែជាការមិនទទួល ស្គាល់សមាជនោះទេ មិនទាន់ដល់ការលុបគណបក្សនោះទេ»
មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ និងអគ្គនាយក នៃនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ នឹងមានកិច្ចប្រជុំមួយដើម្បីពិភាក្សារឿងនេះ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ ផងដែរ។
កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា សមាជវិសាមញ្ញជ្រើសរើសប្រធាន និងអនុប្រធានថ្មីរបស់គណបក្ស សង្រ្គោះជាតិ គឺផ្ទុយនឹងប្រការ៤៧ នៃលក្ខន្តិកៈគណបក្សដែលបានតម្កល់ទុក​នៅក្រសួងមហាផ្ទៃ។ ជាមួយគ្នានេះក្រសួងមានសមត្ថកិច្ច ក៏ពុំទទួលស្គាល់លើសមាជនេះផងដែរ។
ប្រការ៤៧ នៃលក្ខន្តិកៈនោះ បានចែងថា ករណីប្រធានគណបក្សបាត់បង់សមត្ថភាពដឹកនាំគណបក្ស ដែលបញ្ជាក់ដោយ​គណៈកម្មាធិការនាយក បើ៖ អាណត្តិនៅតិចជាង១៨ខែ អនុប្រធានគណបក្ស ត្រូវទទួលនាទីជាប្រធានគណបក្សស្តីទី ហើយគណកម្មាធិការនាយក ត្រូវជ្រើសរើស អនុប្រធានគណបក្សថ្មីមួយរូប ក្នុងរយៈពេល ៣០ថ្ងៃយ៉ាងយូរ ដើម្បីជួយការងារប្រធានស្តីទីរហូតដល់ចប់អាណត្តិ ដែលកំណត់នៅខែមេសា ឆ្នាំ២០១៨។
គិតចាប់ពីថ្ងៃដែល លោក សម រង្ស៊ី លាលែងពីតំណែង កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ រហូតដល់ខែមេសា ឆ្នាំ២០១៨ គឺមានរយៈពេល ១៤ខែប៉ុណ្ណោះ ដែលតិចជាង១៨ខែ។ ប៉ុន្តែគណបក្សប្រឆាំង បានធ្វើសមាជជ្រើសរើសប្រធានមួយរូប និងអនុប្រធាន៣រូបទៅវិញ៕

source: http://www.freshnewsasia.com/index.php/en/localnews/50901-2017-03-28-05-32-52.html

Monday, March 27, 2017

រាជរដ្ឋាភិបាលថៃ «ព្យាយាមស្តារកេរ្តិ៍ឈ្មោះទីក្រុង ប៉ាតាយ៉ា ដែលមានរហស្សនាមថា រដ្ឋធានីបម្រើផ្លូវភេទនៃពិភពលោក» ឲ្យប្រសើរឡើងវិញ!

បន្ទាប់ពីសារព័ត៌មានបរទេសជាច្រើនបានហៅក្រុងទេសចរណ៍ឆ្នេរសមុទ្រដ៏ល្បីល្បាញ «ប៉ាតាយ៉ា» ថាជា «ទីក្រុងនៃអំពើបាប» និងជា «រដ្ឋធានីបម្រើផ្លូវភេទ​របស់ពិភពលោក» នោះ រដ្ឋាភិបាលថៃបានសម្រេចបង្កើតកិច្ចខិតខំប្រឹងប្រែងដ៏ថ្មីសន្លាង ក្នុងក្តីសង្ឃឹមថានឹង​អាចកែប្រែរហស្សនាមនៃទីក្រុងនេះឲ្យល្អឡើងវិញបាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះ​បន្តិចនាព្រឹកថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០១៧។
អាជ្ញាធរថៃ​បានបើកយុទ្ធនាការ​មួយមាន​ឈ្មោះថា «Happy Zone» នៅរាល់ពេលចុងសប្តាហ៍​ដើម្បីកែប្រែរូបភាព​នៃទីក្រុង ប៉ាតាយ៉ា ដែលល្បីរន្ទឺ​​សម្រាប់ទេសចរណ៍​ផ្លូវភេទ ហើយវា​គឺជាមធ្យោបាយ​មួយដែលមាន​ភាពធូរស្រាល ជាងប្រតិបត្តិការ​ចុះសម្រុក​ឆែកឆេរ​របស់សមត្ថកិច្ចថៃ។ រាល់មុខ​ជំនួញ​ទាំងអស់នៅ​ក្នុងតំបន់ Happy Zone ត្រូវបានស្នើ​ឲ្យធ្វើយ៉ាងណា​ឲ្យតំបន់នេះមាន​ភាពសុវត្ថិភាព​ជាងមុខ ដោយមាន​ការកើនឡើង​​នៃ​កងសន្តិសុខដើរល្បាត ហើយប៉ូលិស​ក៏បានបង្កើត​កម្មវិធីទូរស័ព្ទ​សម្រាប់ភ្ញៀវទេសចរ​ ដើម្បីកោះ​ហៅពួកគេនៅក្នុងករណី​អាសន្នបន្ទាន់​ណាមួយ​ផងដែរ។
មេបញ្ជាការប៉ូលិស​ទីក្រុងប៉ាតាយ៉ា លោក Apichai Krobpetch បានថ្លែងថា «Happy Zone គឺជាគំរោងមួយ​ដែលពុំធ្លាប់មា​នពីមុនមកឡើយ ដើម្បីរៀបចំ​គោលដៅ​ទេសចរណ៍ និងលើក​កម្ពស់គុណភាព​នៃវិស័យទេសចរណ៍​របស់ប្រទេសថៃ» ហើយលោក​បានបញ្ជាក់ទៀតថា​ក៏​នឹង​ធ្វើការលុបបំបាត់​ការរកស៊ីផ្លូវភេទ​ចេញពីតំបន់​នោះផងដែរ។
គួរបញ្ជាក់ថា​ទេសចរណ៍ផ្លូវភេទ​បានលេចជារូបរាង​ឡើងនៅក្នុងទីក្រុង ប៉ាតាយ៉ា នៅពេល​ដែលវាបានក្លាយ​ជាកន្លែងកម្សាន្ត​សម្រាប់កង​ទ័ព​អាមេរិក​ កាលពី​សម័យ​សង្រ្គាមវៀតណាម​មកម្ល៉េះ ហើយយោង​តាមរបាយការណ៍​នាឆ្នាំ២០១៤​ របស់​អង្គការ UNAIDS ចំនួនស្រ្តី​រកស៊ី​ផ្លូវភេទ​នៅក្នុងប្រទេសថៃ​មានចំនួន​ដល់ទៅជាង​ ១២០,០០០នាក់ ខណៈមតិ​មួយចំនួន​ទៀតបានប៉ាន់​ស្មានថា​ ចំនួននេះ​អាចទ្វេដង៕


Source: http://www.freshnewsasia.com/index.php/en/internationalnews/50793-2017-03-27-03-45-23.html

លោក កែវ រ៉េមី ថា សម្តេច ហ៊ុន សែន គួរ​ទទួលបាន​ពាន​ណូបែល​សន្តិភាព​

ភ្នំពេញ​៖ ឆ្លើយតប​ទៅនឹង​ប្រធាន​សមាជិកសភា​អាស៊ាន​ដែល​រិះគន់​ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី បាន​លើក​ពី​គុណបំណាច់​របស់​សម្តេច ហ៊ុន សែន​។ មន្ត្រី​រដ្ឋាភិបាល​រូបនេះ​បញ្ជាក់ថា សម្តេច​បានបញ្ចប់​សង្គ្រាម​ស៊ីវិល ហើយ​បាន​នាំ​សន្តិភាព និង​ការគោរព​សិទ្ធិមនុស្ស​មក​ឲ្យ​កម្ពុជា​រហូតដល់​បច្ចុប្បន្ន​នេះ​។​

នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​២៧​ខែមីនា​នេះ ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី បានរៀបចំ​សន្និសីទកាសែត​មួយ​ដើម្បី​ឆ្លើយតប​នឹង​ការរិះគន់​ស្តីពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា របស់​ស្ថាប័ន​សមាជិកសភា​អាស៊ាន​ដើម្បី​សិ​ទិ្ធ​មនុស្ស​។ នៅ​ចំពោះមុខ​អ្នកកាសែត លោក កែវ រ៉េមី បានលើកឡើង​ពី​គុណសម្បត្តិ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី​ដែល​បានបញ្ចប់​សង្គ្រាមស៊ីវិល និង​បាន​នាំ​ទាំង​សន្តិភាព និង​សិទ្ធិមនុស្ស​មក​កម្ពុជា​វិញ​។ សម្រាប់​មន្ត្រីជាន់ខ្ពស់រ​ដ្ឋា​ភិ​បាល​ដដែល សម្តេច ហ៊ុន សែន គួរតែ​ទទួលបាន​ពានរង្វាន់​ណូ​ប៊ែ​ល​សន្តិភាព​ទៀតផង​។​
​កាលពី​សប្តាហ៍​មុន លោក ឆាល សាន់ត្យាហ្គោ (Charles Santiago) ដែលជា​សភា​នៃ​គណបក្សប្រឆាំង​នៅ​ម៉ាឡេស៊ី ហើយ​ជា​ប្រធាន​ស្ថាប័ន​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស (APHR) បានធ្វើ​សេចក្តីថ្លែងការណ៍​រិះគន់​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ ស្ថាប័ន​សមាជិកសភា​អាស៊ាន​ដែល​កើត​ពី​ការប្រមូល​ផ្តុំគ្នា​នៃ​សមាជិកសភា​មកពី​គណបក្សប្រឆាំង​នៅក្នុង​ប្រទេស​អាស៊ាន បាន​រិះគន់​កម្ពុជា​ខ្លាំង​អំពី​ការអនុម័ត​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដែល​អង្គការក្រៅរដ្ឋាភិបាល និង​ប្រទេស​ដៃគូ​អភិវឌ្ឍ​មួយចំនួន​បានបង្ហាញ​អារម្មណ៍​មិន​ពេញចិត្ត​ដែរ​៕
Source: https://www.thmeythmey.com/?page=detail&id=50870

Thursday, March 23, 2017

iPhone​ ​៣០០​ ​លាន​គ្រឿង​ ​អាច​ប្រើ​លែង​បាន​ចាប់​ពី​ខែ​មេសា​

Hacker​ ​មួយ​ក្រុម​បាន​អះអាង​ថា​កំពុង​កាន់​កាប់​គណនី​ ​iCloud​ ​ប្រមាណ​ ​៣០០​ ​លាន​ ​ហើយ​នឹង​ធ្វើ​ ​ឲ្យ​ ​iPhone​ ​ក្នុង​ចំនួន​នេះ​ប្រើប្រាស់​លែង​បាន​​ចាប់​ពី​ថ្ងៃ​ ​៧​ ​មេសា​ ​២០១៧​ ​ប្រសិន​ ​Apple​ ​មិន​ព្រម​ប្រគល់​ ​iTune gift card​ ​ក្នុង​ទំហំ​សាច់​ប្រាក់​ ​១០​ ​ម៉ឺន​ដុល្លារ​ដល់​ពួក​គេ។


ក្រុម​នេះ​មាន​ឈ្មោះ​ថា​ ​Turkish Crime Family​ ​ដែល​ចង់​បាន​ការ​ដោះដូរ​ជា​រូបិយវត្ថុ​​អេឡិចត្រូនិក​ប្រភេទ​​ ​Bitcoin​ ​ឬ​ ​Ethereum​ ​ជា​មួយ​ក្រុមហ៊ុន​ ​Apple។
ដោយ​ឡែក​ចំពោះ​ការ​ប្រកាស​នេះ​ ​Apple​ ​ហាក់​មិន​អើពើ​នឹង​ការ​ចរចា​ជា​មួយ​ក្រុម​ ​Hacker​ ​ឬ​បញ្ចេញ​សេចក្ដី​​ប្រកាស​ឲ្យ​អ្នក​ប្រើប្រាស់​ប្រយ័ត្ន​ចំពោះ​ករណី​នេះ​ឡើយ​ ​ព្រោះ​ ​Apple​ ​ជឿជាក់​យ៉ាង​មុតមាំ​ទៅ​លើ​ប្រព័ន្ធ​សុវត្ថិភាព​របស់​ពួក​គេ៕

ឃើញចេកជោរខ្លាំង នាំគ្នាខ្ពើមមិនហ៊ានទទួលទាន...តាមពិតវាប្រៀបបីដូចជាមាសមួយដុំ ដែលមនុស្សបោះចោលឥតដឹងខ្លួន


ក្រុម​អ្នកស្រាវជ្រាវ​ជប៉ុន​ថ្មីៗ​នេះ​បាន​រកឃើញថា ចេក​ជោរ​ខ្លាំង ផលិត​សារធាតុ TNF ។ វា​ជា​សារធាតុ​ដែលមាន​សមត្ថភាព​ប្រយុទ្ធប្រឆាំង​កោសិកា​មហារីក​។ TNF ជា​សារធាតុ​មួយ​ជួយ​បង្កើត​ម៉ូលេគុល CD4 ដែល​សំខាន់​សម្រាប់​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​របស់​យើង​។​
ពួក​អ្នកស្រាវជ្រាវ​ជប៉ុន​បាន​ណែ​នាំឱ្យ​ទទួលទាន​ចេក​ជោរ​ខ្លាំង​យ៉ាងតិច ១ ទៅ ២ ផ្លែ​ក្នុង​មួយថ្ងៃ​ដើម្បី​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ប្រឆាំង​ជំងឺ​នានា រួមទាំង​ផ្តាសាយ គ្រុនក្តៅ និង​ជំងឺ​ជាច្រើន​ទៀត​។ ចេក​ជោរ​ក៏​ល្អ​សម្រាប់​កោសិកា​ឈាមស​ក្នុង​រាងកាយ​ផងដែរ​។ ចេក​ជោរ​មានគុណ​ប្រយោជន៍​ច្រើនជាង​ចេកទុំ​ធម្មតា​ដល់​ទៅ ៨ ដង​ឯណោះ​៕

Source: http://sabbayan.com/90

Wednesday, March 22, 2017

អាជ្ញាធរ​ខ្មែរ​ផ្អាក​ការ​នាំ​ចេញ​ទឹកដោះ​ស្ត្រី​ទៅ​សហរដ្ឋ​អាមេរិក​ជា​បណ្ដោះអាសន្

អាជ្ញាធរ​ខ្មែរ​បាន​បញ្ឈប់​មិន​ឲ្យ​ក្រុមហ៊ុន​អាមេរិកាំង​មួយ​ឈ្មោះ អ៊ាមប្រូសៀ ឡាបស៍ (Ambrosia Labs) នាំ​ចេញ​ផលិតផល​ទឹកដោះ​ដែល​បាន​ប្រមូល​ទិញ​ពី​ស្ត្រី​ក្រីក្រ​នៅ​កម្ពុជា យក​ទៅ​ដាក់​លក់​នៅ​សហរដ្ឋ​អាមេរិក ជា​បណ្ដោះអាសន្ន។
អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ លោក គុណ ញឹម បាន​ថ្លែង​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង អា.អេហ្វ.ប៉េ (AFP) ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២០ មីនា ថា ក្រុមហ៊ុន​នេះ​ត្រូវការ​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល ដោយសារ​តែ​ផលិតផល​នេះ​ផលិត​ចេញ​ពី​សរីរាង្គ​មនុស្ស។ លោក គុណ ញឹម បន្ត​ថា មន្ត្រី​រដ្ឋាភិបាល​គ្រោង​នឹង​ជួប​ប្រជុំ​គ្នា​ក្នុង​ពេល​ឆាប់ៗ​នេះ ដើម្បី​កំណត់​គោល​នយោបាយ​ស្តី​អំពី​ផលិតផល​នេះ ព្រោះ​ថា​ករណី​នាំ​ចេញ​ផលិតផល​ទឹកដោះ​ស្ត្រី​នេះ​ជា​បញ្ហា​រសើប។
ការ​ហាមប្រាម​នេះ កើត​មាន​ឡើង​ខណៈ​ដែល​មាន​សេចក្តី​រាយការណ៍​ថា ក្រុមហ៊ុន​អាមេរិកាំង​មាន​មូលដ្ឋាន​នៅ​រដ្ឋ​យូតា (Utah) ឈ្មោះ អ៊ាមប្រូសៀ ឡាបស៍ អះអាង​ថា ខ្លួន​ជា​ក្រុមហ៊ុន​ដំបូង​បង្អស់​ដែល​ធ្វើ​ការ​នាំ​ចេញ​ផលិតផល​ទឹកដោះ​ស្ត្រី​ពី​បរទេស មក​ដាក់​លក់​ក្នុង​សហរដ្ឋ​អាមេរិក។ ក្រុមហ៊ុន អ៊ាមប្រូសៀ ឡាបស៍ ដាក់​លក់​ផលិតផល​នេះ​ដល់​មាតា​ជនជាតិ​អាមេរិកាំង​ទាំងឡាយ​ណា​ដែល​ចង់​បំបៅ​ទឹកដោះ​កូនៗ​របស់​ពួក​គេ​ដោយ​ទឹកដោះ​ស្ត្រី​ធម្មជាតិ ដោយសារ​តែ​ពួក​គេ​មិន​អាច​ផលិត​ទឹកដោះ​ខ្លួន​ឯង​បាន​គ្រប់គ្រាន់។
ផលិតផល​ទឹកដោះ​ទាំងនេះ ត្រូវ​បាន​ក្រុមហ៊ុន​មួយ​នេះ​ប្រមូល​ទិញ​ពី​ស្ត្រី​ក្រីក្រ​នៅ​កម្ពុជា ដោយ​ដាក់​បង្កក​មុន​ពេល​ដឹក​ទៅ​កាន់​សហរដ្ឋ​អាមេរិក។ ក្រុមហ៊ុន​នេះ​ដាក់​លក់​ផលិតផល​នេះ​ក្នុង​តម្លៃ ២០​ដុល្លារ​អាមេរិក សម្រាប់​កញ្ចប់​ទឹកដោះ​ទម្ងន់ ១៤៧​មីលីលីត្រ៕

Source: RFA