Thursday, December 15, 2016
អង្គការសហប្រជាជាតិដែលធ្វើការលើស្ត្រីបណ្ដុះបណ្ដាលយុវជនអំពីភាពជាដឹកនាំយេនឌ័រ
អង្គការ យូ.អិន វីមេន (UN Women) នៅកម្ពុជា បានរៀបចំសិក្ខាសាលាបណ្ដុះបណ្ដាលយុវជនមួយក្រុមមកពីស្ថាប័នផ្សេងគ្នា ដើម្បីពង្រឹងសមភាពយេនឌ័រ តាមរយៈយុវជន។ ក្រោយបញ្ចប់សិក្ខាសាលានោះ អ្នកចូលរួមបានរៀបចំគម្រោងមួយចំនួនក្នុងគោលបំណងបង្កើតអោយមានការផ្លាស់ប្ដូរជាវិជ្ជមានលើបញ្ហាយេនឌ័រនៅកម្ពុជា។
អង្គការសហប្រជាជាតិដែលធ្វើការលើស្ត្រី ឬហៅជាភាសាអង់គ្លេសថា UN Woman បានរៀបចំសិក្ខាសាលាស្ដីពីភាពជាអ្នកដឹកនាំលើយេនឌ័រ (Gender) រយៈពេល ៤ថ្ងៃ ក្នុងគោលបំណងពង្រឹងសមភាពយេនឌ័រ អោយកាន់តែប្រសើរឡើងនៅកម្ពុជា។
មន្ត្រីគម្រោងយុវជន និងសមភាពយេនឌ័រ នៃអង្គការ UN Woman និងអ្នកសម្របសម្រួលវគ្គសិក្ខាសាលានេះ អ្នកស្រី នៅ សុវត្ថា បានអោយអាស៊ីសេរីដឹងថា ក្នុងចំណោមអ្នកដាក់ពាក្យជិត ៤០០នាក់ គឺមានតែ ៣៥នាក់ប៉ុណ្ណោះ ដែលត្រូវបានជ្រើសរើស។ វគ្គសិក្ខាសាលាស្ដីពីភាពជាអ្នកដឹកនាំលើយេនឌ័រនេះ ជ្រើសរើសសិក្ខាកាមដែលមានសមត្ថភាពរួចជាស្រេច ដើម្បីជំរុញពួកគាត់អោយប្រើប្រាស់នូវចំណេះដឹង ជំនាញ និងបទពិសោធន៍ការងារពួកគេ អោយបង្កើតជាសកម្មភាពអ្វីមួយបន្ថែមដើម្បីលើកយកបញ្ហាវិសមភាពយេនឌ័រនៅកម្ពុជា មកដោះស្រាយជាបន្ទាន់។
អ្នកស្រី នៅ សុវត្ថា៖ «គឺជាការជួយផ្ដល់នូវឧបករណ៍មួយចំនួនដើម្បីវាស់ស្ទង់ពីតម្រូវការផ្នែកយេនឌ័រ ដើម្បីអោយគាត់អាចប្រើប្រាស់ចំណេះ ជំនាញដែលគាត់មានស្រាប់ហើយហ្នឹង រួមទាំងការវាស់ស្ទង់ពីអ្វីទៅដែលជាតម្រូវការយេនឌ័រ ហើយគាត់អាចប្រើជំនាញដែលខ្លួនឯងមានទៅធ្វើអ្វីមួយដើម្បីជួយអោយមានសមភាពយេនឌ័រនៅក្នុងសង្គម»។
សិក្ខាកាមមួយរូបក្នុងចំណោមអ្នកចូលរួមទាំងអស់ កញ្ញា ចន្ទ សេរីរដ្ឋា បានបញ្ជាក់ថា កញ្ញាធ្លាប់បានដឹងពីបញ្ហាវិសមភាពយេនឌ័រ មួយចំនួនកន្លងមកហើយ ប៉ុន្តែកម្មវិធីនេះ បានផ្ដល់ឱកាសអោយកញ្ញាពិភាក្សា ចែករំលែក និងរៀនពីអ្នកចូលរួមផ្សេងទៀត ជាពិសេសគឺកម្មវិធីនេះ បានជំរុញអោយកញ្ញាយល់កាន់តែស៊ីជម្រៅពីបញ្ហាវិសមភាពយេនឌ័រ ចំពោះជនពិការដែលជាជនងាយរងគ្រោះ៖ «ឥឡូវខ្ញុំបានរៀនពីវិធីសាស្ត្រ យុទ្ធសាស្ត្រ ពីយោបល់ សិក្សាពីយោបល់របស់ទាំងអស់គ្នាហ្នឹង ខ្ញុំបានសង្កេតឃើញជនពិការដែលគាត់លើកពីផលវិបាករបស់គាត់ ហើយក៏ជាគំនិតមួយនៅក្នុងផ្នែកយេនឌ័រដែរ។ អ្នកខ្លះគេគិតថា យេនឌ័រទាក់ទងតែនឹងស្រីប្រុសទេ ប៉ុន្តែទាក់ទងទៅនឹងពិការភាពហ្នឹង ក៏ទាក់ទងទៅហ្នឹងអាហ្នឹងដែរ»។
សិក្ខាកាមមួយរូបទៀត អ្នកស្រី សឺន ស្រីណែត បានអះអាងថា សិក្ខាសាលានេះ បានផ្ដល់ដល់អ្នកស្រីដែលជាជនពិកាភ្នែកទាំងសងខាងនូវចំណេះដឹងជាច្រើន និងបណ្ដាញផ្សេងៗទៀត ដើម្បីបង្កើតជាគម្រោងជួយលើកកម្ពស់យេនឌ័រ សម្រាប់ជនពិការដូចរូបអ្នកស្រីជាដើម៖ «គិតថា ធ្វើតែម្នាក់ឯង វាមិនអាចទៅរួចដូចអ្វីដែលយើងប៉ងទេ។ អ៊ីចឹងខ្ញុំព្យាយាមសហការជាមួយមិត្តភ័ក្ដិផ្សេងៗដែលមានទឹកចិត្តដូចគ្នា»។
អង្គការថែទាំសុខភាពគ្រួសារកម្ពុជា ដែលហៅកាត់ថា រ៉ាក់ (RHAC) បានអោយនិយមន័យយេនឌ័រ ថា ការកំណត់អំពីសិទ្ធិតួនាទី ការទទួលខុសត្រូវ និងការសម្រេចចិត្តរបស់មនុស្សប្រុស មនុស្សស្រី ដោយសង្គម សាសនា និងវប្បធម៌ ហើយអាចផ្លាស់ប្ដូរបានទៅតាមកាលៈទេសៈ។
តួនាទីយេនឌ័រ មានសារសំខាន់ណាស់ក្នុងការចូលរួមយ៉ាងសកម្មក្នុងសកម្មភាពទាំងឡាយរបស់គ្រួសារ និងសហគមន៍។ ដើម្បីអភិវឌ្ឍន៍គ្រួសារ និងសហគមន៍ គប្បីបង្កើតឲ្យមានការពិភាក្សាអំពីវិធីផ្សេងៗក្នុងការចែករំលែក ការទទួលខុសត្រូវ ផ្អែកលើសមភាពយេនឌ័រ។
សិក្ខាសាលាស្ដីពីភាពជាអ្នកដឹកនាំលើយេនឌ័រ រយៈពេល ៤ថ្ងៃ នៅរាជធានីភ្នំពេញ គឺរៀបចំឡើងជាពីរសប្ដាហ៍ គឺនៅចុងសប្ដាហ៍ទី១ និងចុងសប្ដាហ៍ទី២ នៃដើមខែធ្នូ ដើម្បីតម្រូវអោយមានការចូលរួមបានទាំងអស់គ្នាពីសិក្ខាកាម ព្រោះកាលវិភាគរបស់សិក្ខាកាមភាគច្រើនមមាញឹកនឹងការងារប្រចាំថ្ងៃ។ ក្រោយបញ្ចប់វគ្គនេះ សិក្ខាកាមជាច្រើនសំណូមពរអោយមានវគ្គបែបនេះទៀត សម្រាប់បណ្ដុះយុវជនខ្មែរផ្សេងៗទៀត។ ជាងនេះទៅទៀត សិក្ខាកាមទាំងអស់កំពុងតែរៀបចំសរសេរគម្រោងយុទ្ធនាការមួយចំនួន ដើម្បីលើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជា ក្នុងនោះមានគម្រោងដែលនឹងបង្កើតជាប័ណ្ណសារសំឡេងតាមអ៊ីនណឺណិត (Internet) ឬ អនឡាញ (Online) សម្រាប់ជនពិការជាដើម៕
ប្រភពពត៌មាន និងរូបភាព
http://www.rfa.org/khmer/news/human-rights/unwomen-workshop-on-gender-12122016233402.html
Labels:
Politic News
Subscribe to:
Post Comments (Atom)

No comments:
Post a Comment