Wednesday, December 21, 2016

រកឃើញភ្លុកដំរី ឆ្អឹងខ្លា ស្រការពង្រូល និងកន្ទុយដំរី ប្រមាណជាង១តោននៅក្នុង ក្រុមហ៊ុន អយស្ម័យយានរ៉ូយ៉ាល់ផែស្ងួត

រកឃើញភ្លុកដំរី ឆ្អឹងខ្លា ស្រការពង្រូល និងកន្ទុយដំរី ប្រមាណជាង១តោននៅក្នុង ក្រុមហ៊ុន អយស្ម័យយានរ៉ូយ៉ាល់ផែស្ងួតភ្នំពេញ

 

ភ្នំពេញ៖គិតរហូតមកដល់ល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ នេះ សមត្ថកិច្ចចម្រុះរកឃើញ ភ្លុកដំរី ឆ្អឹងខ្លា ស្រការពង្រូល និងកន្ទុយដំរី ដែលឈ្មួញលាក់ទុកនៅក្នុងប្រហោងឈើហ៊ុប ទម្ងន់ប្រមាណជាង ១តោនហើយ ។


សមត្ថកិច្ចបានធ្វើការថ្លឹង វត្ថុតាងទាំងនោះ រួមមាន ភ្លុកដំរី ទម្ងន់ ជាង ១តោន ស្មើរជាង ៦០០ដុំ ឆ្អឹងខ្លា ទម្ងន់ ជាង ៤០គីឡូក្រាម ស្រការពង្រួល ទម្ងន់ ជាង ១០០គីឡូក្រាម និងកន្ទុយដំរី ទម្ងន់ ជាង ៤គីឡូក្រាម ។ វត្ថុតាងទាំងនេះ គឺទើបតែគាស់ និងឆ្កិះចេញ ពីឈើហ៊ុប ចំនួន ២ដុំប៉ុណ្ណោះ ដូច្នេះនៅសល់ ឈើហ៊ុប ១ដុំទៀត មិនបានថ្លឹងនៅឡើយទេ ។ កិច្ចការ ទាំងនេះ នឹងបន្តសកម្មភាពទៀតនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ ដើម្បីចង់ដឹងទម្ងន់ពិតប្រាកដ នៃវត្ថុតាង ទាំងអស់ ។


គួររំលឹកឲ្យដឹងថា សមត្ថកិច្ចចម្រុះ បានធ្វើការបង្ក្រាប ភ្លុកដំរីឆ្អឹងខ្លា ស្រការពង្រួល និងកន្ទុយដំរី ដែលឈ្មួញបង្កប់នៅក្នុងឈើហ៊ុប បំរ៉ុងនាំចេញទៅកាន់ប្រទេសចិន ប្រមាណ ៣ដុំ កាលពីរសៀលថ្ងៃទី១៧ ខែធ្នូឆ្នាំ២០១៦ នៅក្នុងចំណុច ក្រុមហ៊ុន អយស្ម័យយានរ៉ូយ៉ាល់ផែស្ងួតភ្នំពេញ ដែលមានទីតាំងនៅតាមបណ្តោយផ្លូវបេតុង ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ករណីនេះ គឺខាងកម្លាំងគយ ជាអ្នកម្ចាស់ករណី ដោយមានការសហការណ៍ពីកម្លាំងសមត្ថកិច្ចរដ្ឋបាលព្រៃឈើ និងអង្គការ វ៉ាយ អេត តំណាងស្ថានទូតអាមេរិកកាំង កម្លាំងកាំកុងត្រូល អាវុធហត្ថលើផ្ទៃប្រទេស អាជ្ញាធរមូលដ្ឋាន ធ្វើការបង្ក្រាបបាន ភ្លុកដំរី ឆ្អឹងខ្លា ស្រការពង្រួល និងកន្ទុយដំរី ដែលឈ្មួញបង្កប់នៅក្នុងឈើហ៊ុបបំរ៉ុងនាំទៅកាន់ប្រទេសចិន ប្រមាណ ៣ដុំ ។ ភ្លុកដំរី ឆ្អឹងខ្លា ស្រការពង្រួល និងកន្ទុយដំរីទាំងនេះ ត្រូវបានជនល្មើស លួចបង្កប់នៅក្នុងឈើហ៊ុប ចំនួន៣ដុំ ដោយឈើហ៊ុប នីមួយៗ ដែលបង្កប់វត្ថុតាងទាំងនេះ មានមុខកាត់ កន្លះម៉ែត្រ បួនជ្រុង និងមានប្រវែងពី ២ ម៉ែត្រ ទៅ៣ម៉ែត្រ ។ ភ្លុកដំរី ឆ្អឹងខ្លាស្រការពង្រួល និងកន្ទុយដំរី ត្រូវបានឈ្មួញចុះរន្ធឈើចំពាក់កណ្តាលបង្កប់នៅក្នុងនោះ ដោយមានចាក់ទៀនផ្សារភ្ជាប់ ដែលមានសណ្ថានដូចក្តារម្ឈូស ។


ឈើហ៊ុបទាំងនេះ មិនមែនមានតែ ៣ដុំ ប៉ុណ្ណោះនោះទេ គឺមានឈើជាច្រើនទៀត ដឹកជញ្ជូនចេញពីទ្វីបអាហ្វ្រិច ដាក់ក្នុងកុងទីន័រដឹកតាមកប៉ាល់ ចូលមកកាន់ផែកំពង់សោម រួចដឹកជញ្ជូនបន្តតាមរទេះភ្លើង មកស្តុកទុកនៅក្នុងចំណុចក្រុមហ៊ុន អយស្ម័យយាន រ៉ូយ៉ាល់ផែស្ងួតភ្នំពេញដែលមានទីតាំងនៅតាមបណ្តោយផ្លូវបេតុង ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ សម្រាប់ការនាំចេញទៅកាន់ប្រទេសចិនបន្តទៀត ។ ប៉ុន្តែការនាំចេញទៅកាន់ប្រទេសចិននេះ មិនបានដូចបំណងនោះទេ គឺត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ ស្រាវជ្រាវឃើញវត្ថុតាងទាំងនេះ កាក់ជាប់ ដើម្បីចាត់ការតាមនីតិវិធី ៕

 


ប្រភពពត៌មាន និងរូបភាព / ដកស្រង់ពី:ប្រាក់ វ៉ាន់ដា Prak Vanda FBP សូមបញ្ចេញមតិយោបល់របស់លោកអ្នកនៅខាងក្រោម! សូមអរគុណសម្រាប់ការគាំទ្រ!

No comments:

Post a Comment