លោក បាន គីមូន កំពុងត្រៀមឈរឈ្មោះ ដណ្តើម តំណែង ប្រធានាធិបតី កូរ៉េខាងត្បូង និង អះអាង ថា «មេដឹកនាំ ត្រូវតែ ចេះលះបង់ ខ្លួនឯង ដើម្បី បុព្វហេតុ ជាតិ»
(សេអ៊ូល)៖ អគ្គលេខាធិការអង្គការ សហប្រជាជាតិ ដែលជិត ផុតអាណត្តិ លោក បាន គីមូន បាន បង្ហាញពី ឆន្ទៈដោយប្រយោលជុំវិញមហិច្ឆតារបស់ លោក ក្នុងការឈរឈ្មោះ ជា បេក្ខភាពប្រធានាធិបតីកូរ៉េខាងត្បូង នៅឆ្នាំ២០១៧ ក្នុងឱកាសដែល លោកជួបជាមួយអ្នកសារព័ត៌មាន កូរ៉េខាងត្បូងនៅ ទីក្រុងញូយ៉ក នៅថ្ងៃអង្គារ (ម៉ោងនៅក្នុងទីក្រុងញូយ៉ក)។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារ សារព័ត៌មាន យ៉ុនហាប់ នៅរសៀលថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ២០១៦។
ថ្លែងនៅក្នុងឱកាសនោះដែរ បើទោះជា មិនបានបញ្ជាក់ចំៗ ក៏ដោយ ប៉ុន្តែ លោក បាន គីមូន បានធ្វើឱ្យ គេកត់ សម្គាល់ថា លោកអាចនឹងឈរឈ្មោះ ជាប្រធានាធិបតីកូរ៉េខាងត្បូង។ «ខ្ញុំនឹងធ្វើការសម្រេចចិត្តលើបញ្ហានេះ នៅពេលខ្ញុំត្រឡប់ទៅ ប្រទេសកំណើតរបស់ខ្ញុំវិញ តែអ្វីដែលសំខាន់នោះ គឺឆន្ទៈប្រជាជនកូរ៉េខាងត្បូង»។
ម្យ៉ាងវិញទៀតបើទោះជាខ្ញុំមាន អាយុ ៧៣ឆ្នាំទៅហើយក្ដី ប៉ុន្តែខ្ញុំនៅតែមានឆន្ទៈក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បី ប្រទេសជាតិរបស់ខ្ញុំដារាបណាខ្ញុំមាន សុខភាពល្អ»។ នេះគឺជាការលើកឡើងរបស់ លោក បាន គីមូន។ លោក បាន គីមូន បានបន្តថា « ខ្ញុំនឹងលះបង់ដើម្បីការអភិវឌ្ឍប្រទេសកូរ៉េខាងត្បូង។ នយោបាយមិនអាចដើរ ទៅតែ ម្នាក់ឯងនោះទេ ប៉ុន្តែមេដឹកនាំ នយោបាយត្រូវតែចេះ លះបង់ខ្លួនឯងសម្រាប់បុព្វហេតុ ប្រទេសជាតិ»។
គួរបញ្ជាក់ថា ឆ្លើយតបទៅនឹងសំណួរពាក់ព័ន្ធនឹង រឿងអាស្រូវពុករលួយ នយោបាយ ឆយ ស៊ូនស៊ីល លោក បាន គីមូន បានសង្កត់ធ្ងន់ថា ប្រជាជនកូរ៉េខាងត្បូង នៅតែក្ដៅក្រហាយ និងខកចិត្តប្រឈមមុខនឹង កង្វះ អភិបាល កិច្ចល្អដែលជាកំហុសរបស់ ថ្នាក់ដឹកនាំ និងប្រព័ន្ធនយោបាយប៉ុន្តែលោក បានអះអាងថា មិនបាននិយាយសំដៅ លើមេដឹកនាំ ណាម្នាក់ នោះទេ៕

No comments:
Post a Comment