Tuesday, December 6, 2016

អ្នក​នាំ​ចូល​រថយន្ត​ខឹង​សម្បា​នឹង​ការ​ហាម​នាំ​ចូល​រថយន្ត​ជជុះ

ក្រុងយ៉ាំងហ្គោនៈ ​ក្រុមហ៊ុន​នាំ​ចូល​​រថយន្ត​នៅ​មីយ៉ាន់ម៉ា​ខឹង​សម្បា​លើ​ការ​ហាមឃាត់​ការ​នាំចូល​រថយន្ត​ដែល​បាន​ផលិត​មុន​​ឆ្នាំ​ ២០១៥ ​និង​ហាមឃាត់​ទាំង​​ស្រុង​ការ​នាំ​ចូល​រថយន្ត​ចង្កូត​​ស្តាំ​។
ក្រុមហ៊ុន​នាំ​ចូល​ទាំង​នោះ​បាន​ជំទាស់​ថា​គោលនយោបាយ​​របស់​រដ្ឋាភិបាល​នឹង​ធានា​​ថា​ក្នុង​ឆ្នាំ​ ២០១៧​ មាន​តែ​ប្រជាជន​ជា​អ្នក​មាន​ប៉ុណ្ណោះ​ដែល​​​មាន​លទ្ធភាព​ទិញ​រថយន្ត​ជិះ​បាន​។​​ គណៈកម្មាធិការ​គ្រប់គ្រង​ទទួល​​បន្ទុក​ការ​នាំ​ចូល​រថយន្ត​បាន​​ប្រកាស​តាមរយៈ​គេហទំព័រ​​ក្រសួង​ពាណិជ្ជកម្ម​កាលពី​ថ្ងៃ​ទី​ ៣០​ ខែ​វិច្ឆិកា​ថា​ចាប់ពី​ថ្ងៃ​ទី​ ១​ ខែ​មករា​ឆ្នាំ​ក្រោយ​មិន​មាន​​រថយន្ត​ដែល​មាន​អាយុ​​លើស​​ពី​ពីរ​ឆ្នាំ​អាច​ត្រូវ​​បាន​នាំ​ចូល​​នោះ​ទេ​។
ចាប់​តាំងពី​រដ្ឋាភិបាល​បាន​សម្រេច​​ចិត្ត​ចុងក្រោយ​​ក្នុង​ការ​អនុញ្ញាត​ឲ្យ​មាន​ការ​នាំ​ចូល​រថយន្ត​ចំនួន​ច្រើន​ជា​ការ​សម្រេច​ចិត្ត​មួយ​​ដែល​ធ្វើឲ្យ​មាន​រថយន្ត​ចំនួន​ច្រើន​​យ៉ាង​រហ័ស​ចរាចរ​​លើ​​ផ្លូវ​ថ្នល់​ដែល​ធ្លាប់​តែ​​ទំនេរ​របស់​ទីក្រុង​យ៉ាំងហ្គោន​រដ្ឋាភិបាល​បាន​ចេញ​សេចក្ដី​ប្រកាស​​ប្រចាំ​ឆ្នាំ​ដែល​សម្រេច​ពី​ប្រភេទ​រថយន្ត​ដែល​​អាច​ត្រូវ​បាន​នាំ​ចូល​។​ ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មក​នេះ​ម្ចាស់​ដែល​ចូលរួម​នៅ​​ក្នុង​កម្មវិធី «​រថយន្ត​ចាស់» ដែល​ពួកគេ​យក​រថយន្ត​ថ្មី​ចាស់ៗ​ជា​ថ្នូរ​នឹង​រថយន្ត​ថ្មី​អាច​នាំ​ចូល​រថយន្ត​មាន​កម្លាំង​ម៉ាស៊ីន​ក្រោម​​​ ១៣៥០ ​សេសេ​ដែល​ផលិត​នៅ​ចន្លោះ​ឆ្នាំ​ ២០១១ ​ដល់​ឆ្នាំ​ ២០១៤ ​សម្រាប់​ការ​ប្រើប្រាស់​ផ្ទាល់​ខ្លួន​។ ក្រុមហ៊ុន​នាំ​ចូល​ទាំង​​នោះ​អាច​នាំ​ចូល​រថយន្ត​ដឹក​ទំនិញ​​ដែល​បាន​ផលិត​ដើម​ឆ្នាំ​ ២០០៧។ រថយន្ត​ទាំងអស់​ត្រូវ​តែ​ជា​​រថយន្ត​ចង្កូត​ឆ្វេង។ នេះ​បើ​យោង​តាម​ការ​រាយការណ៍​​ដោយសារ​ព័ត៌មាន​ប្រចាំ​ថ្ងៃ​ The Myanmar Times។
រថយន្ត​ផ្សេង​ទៀត​សម្រាប់​ការ​​ប្រើប្រាស់​ផ្ទាល់​ខ្លួន​ត្រូវ​តែ​​ជា​​ម៉ូដែល​ដែល​ផលិត​ចាប់​តាំងពី​ឆ្នាំ​ ២០១៥ ខណៈ​ដែល​​រថយន្ត​​ក្រុង​អាច​មាន​​ពី​ឆ្នាំ​ ២០១២ និង​​រថយន្ត​ក្រុង​ធុន​តូច ​និង​រថយន្ត​ក្រុង​មាន​​ពី​ឆ្នាំ​ ២០០៧។ ក្រុមហ៊ុន​នាំ​ចូល​បាន​ប្រតិកម្ម​យ៉ាង​​រហ័ស​។
លោក Aye Htun នៅ​ក្រុមហ៊ុន​ Aung Thein Than បាន​​ឲ្យ​ដឹង​ថា​៖ «​តម្លៃ​រថយន្ត​នឹង​​កើនឡើង​ដោយសារ​តែ​ក្រុមហ៊ុន​នាំ​ចូល​អាច​នាំ​ចូល​តែ​​រថយន្ត​ថ្មី​ដែល​មាន​តម្លៃ​ខ្ពស់​រួច​ហើយ​នៅ​ក្នុង​ប្រទេស​ដើម​​។ នៅ​ពេល​អ្នក​បន្ថែម​ពន្ធ​លើ​​ប្រទេស​មីយ៉ាន់ម៉ា​តម្លៃ​នឹង​កើនឡើង​កាន់​តែ​ខ្លាំង​»​។ ​លោក​​បន្ត​ថា​ប៉ុន្តែ​យ៉ាង​ហោច​ណាស់​រថយន្ត​ទាំង​នេះ​​នឹង​ជា​រថយន្ត​មាន​គុណភាព​ខ្ពស់​។
លោក Soe Tun ប្រធាន​​សមាគម​ក្រុមហ៊ុន​ផលិត​រថយន្ត​ និង​ក្រុមហ៊ុន​ចែកចាយ​រថយន្ត​​​របស់​ប្រទេស​មីយ៉ាន់ម៉ា​បាន​​ឲ្យ​ដឹង​ថា​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​​​មាន​បំណង​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​​តាមរយៈ​ការ​កាត់​បន្ថយ​​ចំនួន​រថយន្ត​នាំ​ចូល​ដែល​រថយន្ត​ច្រើន​ជាង​ពាក់កណ្ដាល​ក្នុង​ចំណោម​នោះ​មាន​កម្លាំង​ម៉ាស៊ីន​ ១ ៣០០ ​សេសេ​។ លោក​លើក​ឡើង​​ថា​៖ «​រថយន្ត​​​នឹង​​មាន​តម្លៃ​​កាន់​តែ​​ខ្ពស់​» ​​​ឈ្មួញ​​ចែកចាយ​រថយន្ត​បាន​ឲ្យ​ដឹង​ថា​អ្នក​បើកបរ​មាន​ជីវភាព​​មធ្យម​នឹង​មិន​មាន​លទ្ធភាព​​ទិញ​​រថយន្ត​បាន​ទេ​។
លោក​ Aung Than Win ប្រធាន​សមាគម​ពាណិជ្ជកម្ម​រថយន្ត​​បាន​ឲ្យ​ដឹង​ថា​៖ «​នេះ​មាន​​ន័យ​ថា​មាន​តែ​ប្រជាជន​មាន​​ប្រាក់​ច្រើន​ប៉ុណ្ណោះ​នឹង​មាន​​លទ្ធភាព​ទិញ​រថយន្ត​ជិះ​បាន​​»​។ លោក​​បន្ត​ថា​៖ «​រដ្ឋាភិបាល​កំពុង​ព្យាយាម​កាត់បន្ថយ​​ការ​កកស្ទះ​ចរាចរណ៍​របស់​ទីក្រុង​យុំាងហ្គោន​ប៉ុន្តែ​គោលនយោបាយ​នេះ​គ្របដណ្ដប់​លើ​ប្រទេស​ទាំង​មូល​​។ រដ្ឋ​​​ និង​តំបន់​ផ្សេង​ទៀត​​នឹង​នៅ​តែ​​ត្រូវការ​រថយន្ត​»​។
ការ​​ហាមឃាត់​​រថយន្ត​ចង្កូត​ស្ដាំ​​ធ្វើឲ្យ​មាន​ការ​បារម្ភ​ដល់​ក្រុមហ៊ុន​នាំ​ចូល​ផង​ដែរ​។ រថយន្ត​​ចង្កូត​ស្ដាំ​ជាច្រើន​ដែល​ចរាចរ​តាម​ដង​ផ្លូវ​ជា​រថយន្ត​ដែល​ផលិត​នៅ​ប្រទេស​ជប៉ុន​នៅ​តែ​ចាត់​ទុក​ថា​អាច​ជឿ​ទុក​ចិត្ត​ខ្ពស់​ទោះបី​ជា​រថយន្ត​ទាំង​នោះ​​ចាស់​​ក៏ដោយ​។
លោក Aung Than Win ​លើក​​ឡើង​ថា​៖ «​គោលនយោបាយ​​ថ្មី​នេះ​នឹង​គាំទ្រ​ដល់​រថយន្ត​ថ្មី​ដែល​ផលិត​នៅ​​​ប្រទេស​​កូរ៉េ និង​​ប្រទេស​ចិន​។ ប៉ុន្តែ​រថយន្ត​ទាំង​នោះ​មិន​ល្អ​ដូច​រថយន្ត​​ប្រើប្រាស់​រួច​របស់​ជប៉ុន​នោះ​ទេ​។ រដ្ឋាភិបាល​គួរ​តែ​អនុញ្ញាត​ឲ្យ​​ប្រជាជន​ក្រីក្រ​ទិញ​រថយន្ត​ក្នុង​តម្លៃ​កាន់តែ​ទាប​ផង​ដែរ​​»​៕

source: http://www.postkhmer.com

No comments:

Post a Comment