ការចេញសេចក្តីថ្លែងការណ៍រួមគ្នាសារជាថ្មីរបស់មេដឹកនាំបក្សប្រឆាំង គឺបន្ទាប់ពីសម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានប្រកាសទទួលស្គាល់សមាសភាពឯកឧត្តម កឹម សុខា ជាប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាប្រធានក្រុមមតិភាគតិចប្រចាំរដ្ឋសភា។
ឯកឧត្តម សម រង្ស៊ី និងឯកឧត្តម កឹម សុខា បានសរសេរថា៖ «ដោយកន្លងមកនេះ មានការផ្សព្វផ្សាយដដែលៗតាមបណ្តាញសង្គម ចោទប្រកាន់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងបុត្រាច្បងរបស់សម្តេចតេជោ ហ៊ុន សែន ថាជាភរិយា និងកូនប្រុសមេដឹកនាំវៀតណាម គណបក្សសង្គ្រោះជាតិថ្កោលទោសយ៉ាងធ្ងន់ធ្ងរចំពោះទង្វើជនទាំងឡាយណា ដែលប្រឌិតព័ត៌មានទាំងនេះ ក្នុងចេតនាលាបពណ៌ ធ្វើឲ្យប៉ះពាល់កិត្តិយសក្រុមគ្រួសាររបស់សម្តេចនាយករដ្ឋមន្ត្រី»។
មេដឹកនាំបក្សប្រឆាំងទាំងពីររូប បានអះអាងថា គណបក្សខ្លួនប្រកាន់ខ្ជាប់នូវសីលធម៌ ដោយគោរពសេចក្តីថ្លៃថ្នូរ និងកិត្តិយសមនុស្សគ្រប់រូប រួមទាំងប្រកាន់គោលការណ៍ខ្មែរតែមួយ។
«គណបក្សសង្គ្រោះជាតិ សូមអំពាវនាវដល់ខ្មែរគ្រប់រូប សូមបញ្ឈប់នូវការប្រឌិតព័ត៌មានមិនពិត ការលាបពណ៌ដែលធ្វើឲ្យសីលធម៌សង្គមធ្លាក់ចុះ និងនាំឲ្យខ្មែរបែកបាក់»។ នេះបើតាមសំណេររបស់ឯកឧត្តម សម រង្ស៊ី និងឯកឧត្តម កឹម សុខា នៅក្នុងសេចក្តីថ្លែងការណ៍៕
ប្រភព https://thmeythmey.com

No comments:
Post a Comment