Wednesday, January 4, 2017

លោក​ ហ៊ុន សែន ​ថា​ នៅ​កម្ពុជា​គ្មាន​អ្នក​ទោស​នយោបាយ​ទេ








ភ្នំពេញ : លោក ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា និង ជា ប្រធាន គណបក្ស កាន់ អំណាច កាលពី ថ្ងៃ ទី ២ ខែ មករា បាន អះអាង សា ជាថ្មី នៅ លើ Facebook ថា ប្រទេស កម្ពុជា នាពេល បច្ចុប្បន្ន នេះ មិន មាន អ្នក ទោស នយោបាយ នោះ ទេ តែ មាន អ្នក នយោបាយ ដែល ប្រព្រឹត្ត ខុស ច្បាប់ ហើយ ជាប់គុក ។
ការ ពន្យល់ នេះ ធ្វើ ឡើង បន្ទាប់ពី ម្ចាស់ គណនី Facebook ឈ្មោះ ភារ៉ា (Pheara JP) បាន សរសេរ នៅ ក្នុង ហ្វេសប៊ុក របស់ នាយក រដ្ឋមន្ត្រី ស្នើ សុំ ឲ្យ មាន ការ ដោះលែង អ្នក ទោស នយោបាយ ទាំងអស់ ឲ្យ បាន ទៅ ជួបជុំ គ្រួសារ ប្ដី ប្រពន្ធ កូនចៅ ដែល កំពុង រង់ចាំ មើល ផ្លូវ នៃ ការ ជួបជុំ គ្នា ឡើង វិញ ។
ភារ៉ា ថ្លែង ថា ៖ «សូម លោកពូ ជួយ ធ្វើ បុណ្យ ចែក ទាន ដល់ ក្រុម គ្រួសារ ខ្មែរ ទាំងអស់ ពិសេស ទៅ ទៀត ព្រះយេស៊ូគ្រិស្ត នឹង ប្រទានពរ លោកពូ និង ឲ្យ លោកពូ បាន ដោះលែង អ្នក ទោស នយោបាយ ទាំងអស់ ឲ្យ បាន ទៅ ជួបជុំ ក្រុម គ្រួសារ ប្តីប្រពន្វ កូនចៅ គេ ដែល បាន កំពុង យំ ខ្លោច ចិត្ត និង កំពុង រង់ចាំ អ្នក ជា ទី ស្រឡាញ់ វិញ ផង ក្នុង ឱកាស ដ៏ពិសេស នេះ ។ សេចក្តី មេត្តា ករុណា និង ការ អភ័យ ទោស ឲ្យ គ្នា ទៅ វិញ ទៅ មក ជា បញ្ញត្តិ របស់ ព្រះគ្រិស្ត »។
លោក ហ៊ុន សែន ថ្លែង នៅ លើ Facebook លោក ថា ៖ « សូម ក្មួយ មើល ឱ្យ ច្បាស់ នៅ កម្ពុជា ...គុក សម្រាប់ ដាក់ អ្នក មាន ទោស ។ នៅ ស្រុក ខ្មែរ យើង មាន អ្នក នយោបាយ ច្រើន ណាស់ ហេតុអ្វី បាន អ្នក នោះ មិន ជាប់ គុក ? មកពី គេ អត់ ធ្វើ អ្វី ខុស ច្បាប់ បាន អត់ ជាប់ គុក ។ ចំណុច នេះ កាន់ តែ បង្ហាញ ថា កម្ពុជា អត់ មាន អ្នក ទោស នយោបាយ ទេ តែ មាន អ្នក នយោបាយ ធ្វើ ខុស ច្បាប់ ហើយ ជាប់ គុក » ។
របាយការណ៍ អង្គការ សិទ្ធិ មនុស្ស កម្ពុជា លីកាដូ បាន ថ្លែង ថា ចាប់ តាំងពី ខែ ឧសភា ឆ្នាំ ២០១៥ ការ បំភិត បំភ័យ របស់ រាជរដ្ឋាភិបាល មក លើ អ្នក រិះគន់ គឺ មាន លក្ខណៈ កាន់តែ ធ្ងន់ធ្ងរ ឡើងៗ ហើយ ចំនួន អ្នក ទោស នយោបាយ ដែល បាន ជាប់ ពន្ធនាគារ នៅ ក្នុង ប្រទេស កម្ពុជា កាន់ តែ មាន ការ កើនឡើង យ៉ាង ខ្លាំង នៅ ពេល ដែល អាជ្ញាធរ កាន់ តែ ប្រើប្រាស់ ប្រព័ន្ធ យុត្តិធម៌ ព្រហ្មទណ្ឌ ដើម្បី បំបិទ សំឡេង មតិ រិះគន់។
យ៉ាង ហោច ណាស់ មាន អ្នក ទោស នយោបាយ ចំនួន ២៦ នាក់ ដែល កំពុង ជាប់ គុក ក្នុង ចំណោម អ្នក ទាំង អស់ នោះ មនុស្ស មួយ ចំនួន គឺជា អ្នក ធ្វើ យុទ្ធនាការ ផ្នែក បរិស្ថាន ព្រះសង្ឃ សិស្សនិស្សិត សកម្មជន សមាជិក រដ្ឋសភា និង ព្រឹទ្ធសភា មកពី គណបក្ស ជំទាស់ និង អ្នក ធ្វើ ការងារ ផ្នែក សិទិ្ធ មនុស្ស។ អ្នក ទាំងអស់ នោះ ត្រូវ បាន គេ ឃុំ ដោយ ផ្អែក លើ បទល្មើស ព្រហ្មទណ្ឌ ជាច្រើន ខុសៗ គ្នា។
លោក សុខ ឥសាន អ្នក នាំពាក្យ នៃ គណបក្ស ប្រជាជន កម្ពុជា និង លោក យឹម សុវណ្ណ អ្នក នាំពាក្ស គណបក្ស សង្គ្រោះជាតិ បាន ថ្លែង កាលពី ម្សិលមិញ ថា ការ ចរចា រវាង មន្ត្រី ជាន់ ខ្ពស់ មកពី គណបក្ស ទាំង ពីរ ត្រូវ បាន ជាប់ គាំង ខណៈ ពេល ដែល តុលាការ កំពុង ដំណើរការ ករណី ជនជាប់ចោទ និង ជនជាប់ ពិរុទ្ធ មួយ ចំនួន ដែល កំពុង ជាប់ ឃុំ។ អ្នក នាំពាក្យ ទាំង ពីរ រូប បញ្ជាក់ ដូច គ្នា ថា មិន ជ្រៀតជ្រែក ឯករាជភាព តុលាការ។
លោក ឥសាន ថ្លែង ថា៖ «ជន ជាប់ចោទ នឹង ជាប់ ពិរុទ្ធ (មន្ត្រី អាដហុក និង គជប) មិន ទាន់ ក្លាយ ជា ទណ្ឌិត ទេ ហើយ បើ ទោះបី ជា មាន ការ ជួប គ្នា ខ្ញុំ វាយតម្លៃ ថា ជន ទាំង នោះ មាន លក្ខណៈ ខុស គ្នា ពី លោក កឹម សុខា និង លោក ស៊ាង ចែត មិន អាច ថា អ្នក ទាំង នោះ នឹង ត្រូវ បាន លើកលែង ទោស ទាំងអស់ ទេ»។
លោក សុវណ្ណ អះអាង ថា គណបក្ស សង្គ្រោះជាតិ នៅ តែ សង្ឃឹម ថា នឹង ស្វែងរក ដំណោះស្រាយ នយោបាយ ដើម្បី ឲ្យ អ្នក ទាំង នោះ មាន សេរីភាព ឡើង វិញ តាមរយៈ ការ ជួប គ្នា រវាង គណបក្ស ទាំង ពីរ។
ទោះ ជា យ៉ាងណា លោក ថ្លែង ថា៖ «យើង សង្ឃឹម ថា នឹង មាន ដំណោះស្រាយ នយោបាយ ដើម្បី ឲ្យ មាន ការ ដោះលែង អ្នក ទាំង នោះ មុន ការ បោះឆ្នោត ក្រុម ប្រឹក្សា ឃុំ សង្កាត់ និង បោះឆ្នោត ជាតិ ខាង មុខ នេះ»៕
ប្រភពពត៌មាន / ដកស្រង់ពី:  http://www.postkhmer.com/

No comments:

Post a Comment