Tuesday, January 24, 2017

ស្នេហា ពេជ្រ សោភា និង សក្កដា ទទួល​ភ្លើង​ខៀវ



ភ្នំពេញៈ ខណៈពេល​ដែល​តារា​សម្តែង​ប្រុស​សង្ហា​លោក ឆឹម សក្កដា មាន​ឱកាស​បណ្តើ​របើក​ចំហ​ពេញ​ទំហឹង​នាំ​តារា​ចម្រៀង​លំដាប់​កំពូល​ឈរជើង​យូរ នៅលើ​ទ្រនំ​ផលិតកម្ម​រស្មីហង្សមាស​អ្នកនាង ពេជ្រ សោភា ក្នុងពេល​សម្ពោធ​ភាពយន្ត​រឿង Jailbreak ថ្មីៗ​នេះ កាន់តែ​បញ្ជាក់ថា សម្ព័ន្ធភាព​ស្នេហា​របស់​អ្នកទាំងពីរ​ពេលនេះ​កំពុង​តែមាន​ពន្លឺ​វិជ្ជមាន​ច្រើន តែក៏មាន​ការលើក​ហេតុផល​អ៊ីចេះ​អ៊ីចុះ​ដែរ។
មានមតិ​មហាជន​ខ្លះ​លើក​ឡើងចំៗ​មិន​សំចៃ​មាត់ថា៖ «មូលហេតុ​ដែល​នាំឲ្យ​តារា​សម្តែង​ប្រុស​លោក ឆឹម សក្កដា តាម​សុំស្រឡាញ់ ពេជ្រ សោភា ក៏ព្រោះ​មើល​ឃើញ​អ្នកនាង​ជាតារា​ចម្រៀង​កំពុង​ល្បី និង​ពេញនិយម​របស់​មហាជន​ខ្លាំង និងមាន​ធនធាន​សម្ភារ​គ្រប់យ៉ាង​ផង!»។
បើទោះ​បីជា​ខាងស្រី​មិនទាន់​បាន​បញ្ជាក់​ច្បាស់លាស់​ពីសម្ព័ន្ធភាព​រវាង​ខ្លួន និង​តារា​សម្តែង​ប្រុស​ឈានដល់​កម្រិតណា​ក្តី តែគេ​ឃើញ​តារា​ចម្រៀង​ស្រីល្បី និងជា​គ្រូបង្វឹក​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក The Voice Cambodia អ្នកនាង ពេជ្រ សោភា ហាក់​ដូចជា​បានបង្ហាញ​តម្រុយខ្លះ​ជាបណ្តើរៗ​ហើយ​ក្នុង​ការនិយាយ​ការពារ​បុរស​សង្ហា ឆឹម សក្កដា ជាមួយ​សារតបត​ទៅ​មតិមហាជន​ភ្លាមៗ​ថា៖ «គាត់ សក្កដា ស្រឡាញ់​ខ្ញុំ មិនមែន​មកពី​ខ្ញុំជា​អ្នកចម្រៀង​ល្បី​នោះទេ ហើយក៏​មិន​ពាក់ព័ន្ធ​រឿងមាន និងក្រ ដែរ។
អ្វីដែល​សំខាន់ ខ្ញុំស្គាល់​ពីទឹកចិត្ត​គាត់!ទោះបី​គាត់​មិនមាន​សម្ភារ​និយម​ដូចគេ ប៉ុន្តែ​គាត់​មាន​ទឹកចិត្ត និង​ការស្រឡាញ់​រាប់អាន​ដ៏​ស្មោះត្រង់។ នេះ​គឺជា​មូលហេតុ​ដែលខ្ញុំ​កំពុងតែ​ពិចារណា​ចំពោះ​គាត់ កុំមើល​មនុស្ស​ត្រឹម​សម្បក​ក្រៅ»។
ពេជ្រ សោភា បញ្ជាក់ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពីទំនាក់ទំនង​បេះដូង ដែល​កាន់​តែមាន​ភាពល្អ​ប្រសើរ​រវាង​ខ្លួន និង​លោក ឆឹម សក្កដា ទៀតថា៖ «ទោះបី​គាត់​បាន​និយាយ​ពេញមាត់​ថា ស្រឡាញ់​ខ្ញុំ ជាពិសេស ការ​បង្ហោះ​តាម​ហ្វេសប៊ុក​ជាច្រើន​យ៉ាងណាក្តី តែ​សម្រាប់ខ្ញុំ​ពេលនេះ ក៏​មិនទាន់​ប្រើពាក្យ​នោះ​វិញ​ភ្លាមៗ​ដែរ​ចំពោះ​គាត់ ដោយសារ​នាងខ្ញុំ​នៅតែ​ត្រូវការ​ពេលវេលា​ដើម្បី​ពិចារណា និងមើល​ទឹកចិត្ត​គាត់​បន្តទៀត។ សម្រាប់​គាត់ បើតាម​ខ្ញុំសង្កេត​ភាគច្រើន មានទឹក​ចិត្តល្អ ហើយក៏​មិនមែន​ជាមនុស្ស​ដែល​ចូលចិត្ត​ខ្លាំង​ទៅលើ​សម្ភារ​និយម​ឡើយ។ ម្យ៉ាងទៀត គាត់​ជាតារា​សម្តែង​រូបសង្ហា​ប៉ុណ្ណឹង​ដែរ បើគាត់​ជ្រើសរើស​នារី​ជាគូស្នេហ៍​វិញ​ក៏មាន​ជម្រើស​ច្រើនដែរ»។
ទន្ទឹម​នឹងមាន​ការចេញ​ពាក្យពេចន៍​ពីមាត់​ថា ស្ថិតក្នុង​ការពិចារណា ខណៈ​ទង្វើ និង​កាយវិការ​ខាងក្រៅ​សបញ្ជាក់​ថា បេះដូង​របស់​តារា​ចម្រៀង​ស្រីល្បី​នៅ​រស្មីហង្សមាស​រូបនេះ ហាក់​ដូចជា​បាន​សារភាព និង​ទទួល​យកក្តី​ស្នេហ៍ពីតារា​ប្រុស​រូបសង្ហា ឆឹម សក្កដា រួច​មួយកម្រិត​ទៅហើយ។
អ្នកនាង​សោភា ប្រាប់ថា៖ «ពេលនេះ សម្រាប់​ម្តាយ​នាងខ្ញុំ និង​បងប្អូន​សាច់ញាតិ​ខ្ញុំ មើលទៅ​ពួកគាត់​ដូចជា​បង្ហាញ​ពីភាព​ពេញចិត្ត​នឹង​រូបគាត់។ និយាយ​ទៅ នៅសល់​រូបខ្ញុំ​ម្នាក់គត់ ដែល​ត្រូវការ​ពេលវេលា​មើលចិត្ត​ថ្លើម​គាត់»៕
Source: http://www.postkhmer.com/

No comments:

Post a Comment