Wednesday, November 30, 2016

Man Utd សម្លឹង​រកការ​សងសឹក​រាត្រីនេះ

ក្រុងឡុងដ៍: ខ្សែបម្រើ Ander Herrera របស់ Manchester United បាន​និយាយថា ក្រុម​របស់គេ នឹង​សម្លឹងរក​ការសង​សឹក នៅពេល​ដែល​ពួកគេ​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​ក្រុម West Ham United នាកីឡដ្ឋាន Old Trafford ក្នុងការ​ប្រកួតពាន League Cup វគ្គ ៨ ក្រុម​ចុងក្រោយ​នារាត្រី​នេះ។
West Ham បានធ្វើ​ឲ្យ Herrera និង​មិត្តរួម​ក្រុម​របស់គេ​បញ្ចប់​ត្រឹម​លទ្ធផល​ស្មើ ១-១ កាលពី​ថ្ងៃអាទិត្យ ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Premier League ក្នុងពេល​ដែល​លោក Jose Mourinho អ្នកចាត់ការ​ទូទៅ​របស់ Man United រងនូវ​ការបណ្តេញ​ឲ្យទៅ​អង្គុយ​កៅអី​អ្នកទស្សនា សម្រាប់​ការ​ទាត់ដប​ទឹក ទាំង​ខឹងសម្បា។
Man United បានជួប​លទ្ធផល​យ៉ាង​ខកចិត្ត​បំផុត​នៅ​ដើមរដូវ​កាលលី​កមួយ​បើគិត​ចាប់តាំងពី​ឆ្នាំ ១៩៨៩ តាមរយៈ​ការបញ្ចប់​ក្នុង​លទ្ធផល​ស្មើរាល់​ការប្រកួត​ក្នុងផ្ទះ​ខ្លួនឯង​ទាំង ៤ លើក​ចុងក្រោយ​របស់​ពួកគេ ហើយ Herrera បានធ្វើការ​ព្រមាន​ដល់​កីឡាករ​នៃក្រុម West Ham របស់លោក Slaven Bilic ឲ្យ​ធ្វើការ​ត្រៀមខ្លួន​ឲ្យ​រួចរាល់​សម្រាប់​ការប្រកួត​មួយនេះ។
ខ្សែបម្រើ​អន្តរជាតិ​អេស្ប៉ាញ​រូបនេះ ដែល​បានឈ្នះ​ពាន FA Cup ជាមួយ​នឹង Man United កាលពី​រដូវ​កាល​មុននោះ បានឲ្យ​ដឹងថា៖ «វា​ពិតជា​វិជ្ជមាន​ដែល​យើង​នឹងលេង​ការប្រកួត​នៅ​ថ្ងៃ​ពុធ ដែល​នៅពេលនោះ​យើងអាច​ធ្វើការ​សងសឹក។ យើងអាច​ផ្លាស់ប្តូរ​សំណាង​របស់​យើង​ក្នុងការ​ប្រកួត​បន្ទាប់​ក្នុងពាន EFL Cup»។
Herrera បាន​ប្រាប់​បន្តថា៖ «មិនថា ក្នុង​យុទ្ធនាការ​ណា ឬ​ក្នុង​ការប្រកួត​បែបណា យើង​ពិតជា​ចង់ឈ្នះ។ យើងចង់​ធ្វើការ​ប្រជែង​យក​រាល់អ្វី​ទាំងអស់ ហើយ​យើង​ចង់ធ្វើ​ឲ្យ​អ្នកគាំទ្រ​របស់​យើងមាន​មោទនភាព»។
កីឡាករ​រូបនេះ​បាន​ប្រាប់បន្ថែម​ឲ្យដឹង​ទៀតថា៖ «West Ham គឺជា​ក្រុម​ខ្លាំង ហេតុនេះ វាមិន​ងាយស្រួល​នោះឡើយ​ក្នុងការ​រារាំង​ពួកគេ​មិនឲ្យ​បង្កើត​ឱកាស។ ពួកគេ​មាន Manuel Lanzini, Diafra Sakho, Dimitri Payet និង Michail Antonio។ ពួកគេ​សុទ្ធសឹង​ជាកីឡាករ​ឆ្នើម»។
Man United នឹងលេង​ដោយ​គ្មាន​វត្តមាន​របស់​ខ្សែបម្រើ Paul Pogba និង Marouane Fellaini ដោយសារតែ​ការជាប់​ពិន័យព្យួរ។ ក្រោយពី​បានចូល​លេង​ក្នុងនាម​ជាកីឡាករ​បម្រុង​ក្នុងពេល​ជួបក្រុម West Ham កាលពី​ថ្ងៃអាទិត្យ ខ្សែប្រយុទ្ធ Wayne Rooney ដែលជា​ប្រធាន​ក្រុម​សង្ឃឹមថា នឹងវិល​ទៅលេង​ក្នុង​ជម្រើស​ដំបូងវិញ ខណៈដែល​រូបគេ​នឹងព្យាយាម​ស្វែងរក​គ្រាប់បាល់ទី ២៤៩ របស់គេ​សម្រាប់ Man United។
ស្របពេល​ជាមួយ​គ្នានេះ ក្រុម Arsenal នឹង​ឈានទៅ​ប្រកួត​ប្រកបដោយ​ការជឿជាក់​ពេលដែល​ពួកគេ​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​ក្រុម Southampton នៅ​រាត្រីនេះ ក្រោយពី​បញ្ចប់​ការទទួល​បានត្រឹម​លទ្ធផល ៣ ស្មើជាប់ៗ​គ្នា តាមរយៈ​ការផ្តួល​ក្រុម Bournemouth ក្នុង​លទ្ធផល ៣-១ កាលពី​ថ្ងៃអាទិត្យ។
ប៉ុន្តែ Southampton ក៏បាន​លទ្ធផល​ជា​វិជ្ជមាន​ពីការ​ប្រកួត​កាលពី​ចុង​សប្តាហ៍​មុនផងដែរ ក្រោយពី​បាន​បំបាក់មុខ​របស់លោក Ronald Koeman ជាមួយនឹង​ជ័យជម្នះ ១-០ នៅថ្ងៃ​នៃការវិល​ត្រឡប់​របស់​លោក​ទៅកាន់​កីឡដ្ឋាន St Mary's ជាមួយ​នឹងក្រុម Everton៕
កម្មវិធី​ប្រកួត​នៅ​រាត្រីនេះ
Arsenal v Southampton - 2:45 ទៀបភ្លឺ
Manchester United v West Ham - 3 ទៀបភ្លឺ
Source: http://www.postkhmer.com

No comments:

Post a Comment