Wednesday, November 30, 2016

លោក​ប្រាក់ សុវណ្ណារ៉ា​៖ លោក Lee ​គួរ​សិក្សា​ពី​ចរឹក​កីឡាករ​ខ្មែរ​ឲ្យ​ច្បាស់​មុន​លោក​ចង់​លាឈប់​ពី​ជម្រើស​ជាតិ​


បាល់ទាត់៖ លោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹកក្រុមបឹងកេតអង្គរ បានសម្ដែងការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីទទួលបានព័ត៌មានលោក Lee Tae Hoon ប្រកាសចង់លាឈប់ពីក្រុមជម្រើសជាតិកម្ពុជា ខណៈរូបលោកផ្ទាល់បានកោតសរសើរសមិទ្ធផលទទួលបានពីការប្រកួតAFF Suzuki Cup 2016 នាពេលថ្មីៗកន្លងទៅ ក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិកូរ៉េខាងត្បូងរូបនេះ បើទោះបីមិនបានឡើងវគ្គបន្ដក៏ដោយ ។
ថ្លែងប្រាប់ទូរទស្សន៍BTV-News មុនដឹកនាំក្រុមបឹងកេតអង្គរ ចេញទៅប្រកួតពាន BTV Cup 2016 នៅលើទឹកដីវៀតណាមកាលពីម្សិលមិញ លោក ប្រាក់ សុវណ្ណារ៉ា បានលើកឡើងថា ដោយសំអាងលើហេតុផលកីឡាករមិនស្តាប់ការណែនាំធ្វើឲ្យលោក Lee ចង់លាឈប់ពីជម្រើសជាតិនោះ គឺមិនគួរកើតឡើងនោះទេហើយលោក Lee គួរសិក្សាឲ្យបានស៊ីជម្រៅពីចរឹកកីឡាករខ្មែរ មុននឹងលោកសម្រេចដូច្នេះ ។
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជារូបនេះ បានបន្ដថា បើប្រៀបសមត្ថភាព ឬលីគកំពូលកម្ពុជា ទៅនឹងបណ្ដាលប្រទេសមួយចំនួនក្នុងតំបន់ គឺកម្ពុជានៅចាញ់គេនៅឡើយ ហើយម្យ៉ាងកម្រិតប្រាក់ឧបត្ថម្ភ ក៏ខុសគ្នាឆ្ងាយដែរ អាស្រ័យហេតុនេះលោក Lee គួរពិចារណាលើបញ្ហាទាំងនេះ ។ យ៉ាងណាមិញការដឹកនាំក្រុមជម្រើសជាតិរយៈពេល ២ឆ្នាំចុងក្រោយនេះ ក៏ទទួលបានលទ្ធផលល្អជាច្រើនដែរ ដូច្នេះលោក Lee មិនគួរសម្រេចចិត្តទាំងប្រផុយប្រថានឡើយ ។

សូមរំឮកថា កាលពីដើមសប្ដាហ៍កន្លងទៅនេះ បន្ទាប់ពីដឹកនាំក្រុមជម្រើសជាតិកម្ពុជា ត្រឡប់មកពីចូលរួមប្រកួតពានរង្វាន់ AFF Suzuki Cup 2016 នៅមីយ៉ាន់ម៉ាវិញ លោកLee Tae Hoon បានថ្លែងទៅកាន់អ្នកសារព័ត៌មានថា ដោយសារកីឡាករបង្កកំហុសដដែលៗ ព្រមទាំងលែងស្ដាប់ការណែនាំរបស់ខ្លួន គឺលោកមិនអាចបន្ដដឹកនាំក្រុមជម្រើសជាតិបានទេ បើទោះបីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាចង់បន្ដកុងត្រាថ្មីឲ្យលោកក៏ដោយ ។

តែយ៉ាងណាលោកក៏មានលក្ខខណ្ឌអាចបន្ដកុងត្រាដែរ ប្រសិនបើកីឡាករទាំងអស់ស្ដាប់តាមការណែនាំរបស់លោក ហើយថែរក្សាសុខភាព កម្លាំង និងការតាំងចិត្តឱ្យបានល្អ ដើម្បីជាតិរបស់ខ្លួននោះ ។ ប៉ុន្ដែពាក់ព័ន្ធនឹងកុងត្រារបស់លោក Lee ដែលគ្រោងនឹងអស់សុពលភាពក្នុងខែធ្នូ ឆ្នាំ២០១៦នេះ ត្រូវបានមន្ដ្រីជាន់ខ្ពស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បញ្ជាក់ថា កំពុងពិចារណានៅឡើយ ហើយការសម្រេចចិត្ដបន្ដកុងត្រា ឬបញ្ចប់នោះ គឺសហព័ន្ធនឹងបើកកិច្ចប្រជុំពិភាក្សាក្នុងពេលឆាប់ៗខាងមុខ ដើម្បីបង្ហាញពីជោគវាសនារបស់លោក Lee ជាមួយក្រុមជម្រើសជាតិនាថ្ងៃអនាគត ៕

ប្រភព http://bayontv.com.kh

No comments:

Post a Comment