ដោយឡែកកាលពីម្សិលមិញនេះនៅក្នុងគណនីហ្វេសប៊ុករបស់តារាចម្រៀងរូបសង្ហាប្រចាំផលិតកម្មថោន ករុណា ពេជ្រ បានបង្ហោះសារគួរឲ្យចាប់អារម្មណ៍មួយថា លោកបានចូលកាន់តែតំណែងធំថ្មីមួយ ដែលខុសពីជំនាញរបស់លោក គ្រាន់តែមានបទពិសោធខ្លះតែប៉ុណ្ណោះ ដែលក្នុងនោះករុណា ពេជ្រ ថែមទាំងបង្ហាញរូបភាពកំពុងសែនជំនាងក្រុមហ៊ុន សូមជោគជ័យក្នុងការងារក្នុងថ្ងៃឡើងកាន់តំណែងធំដំបូងរបស់ខ្លួនទៀតផង។
តារាចម្រៀងប្រចាំ ផលិតកម្មថោនរូបនេះបន្តថា៖ «ភ័យណាស់ខ្ញុំ ក្តីបារម្ភក៏ច្រើន ថ្ងៃនេះជាថ្ងៃដំបូង ដែលចូលកាន់ការងារថ្មីមួយទៀត ដែលផ្ទុយពីជំនាញដែលរៀនចប់ មានតែបទពិសោធខ្លះតែប៉ុណ្ណោះ។ ដូច្នេះមានតែមកអុជធូប បួងសួងម្ចាស់ទឹកម្ចាស់ដី ជំនាងក្រុមហ៊ុននិងតុធ្វើការសូមសេចក្តីសុខកុំឲ្យភ័យ ជាពិសេសជួយបន្ទន់ចិត្តបុគ្គលិកគ្រប់ជាន់ថ្នាក់ឲ្យអាណិតស្រឡាញ់ខ្ញុំ ហើយសូមឲ្យគាត់គោរពការងារ ពេលវេលារបស់គាត់ចំពោះក្រុមហ៊ុន កុំឲ្យពួកគាត់មានគំនិតកាច់កុងគ្នាឬចាំមើលបំណាំខ្ញុំអី។ សូមឲ្យរួបរួមគ្នាដើម្បីភាពជោគជ័យទាំងអស់គ្នា ដោយមិនអាចខ្វះអ្នកណាម្នាក់បាន ដើម្បីក្រុមហ៊ុនរីកចម្រើនល្បីរន្ទឺទើបបានមានមុខទៅជួបថៅកែ»។
បន្ថែមនោះ ក្នុងជំនួបជាមួយនឹង ភ្នំពេញ ប៉ុស្តិ៍តាមទូរស័ព្ទ អ្នកគ្រប់គ្រងទូទៅផលិតកម្មថោន ទើបឡើងតំណែងថ្មីថ្មោង ជាតារាចម្រៀងរូបសង្ហាលោក ករុណា ពេជ្រ ក៏បានលាន់មាត់ឡើងយ៉ាងដូច្នេះថា៖ «ល្បីដល់ហើយបង ព័ត៌មានសួរច្រើនណាស់រឿងហ្នឹង»។
លោកក៏បានថ្លែងប្រាប់ពីអារម្មណ៍បែបភ័យអរថា៖ «ថាតំណែងធំក៏បាន តែបើថាភ័យនោះ វាភ័យណាស់ទៅហើយសម្រាប់តំណែង ដែលក្រុមហ៊ុនឲ្យមកធ្វើនេះ»។
តារាចម្រៀង ករុណា ពេជ្រ ក៏បន្ទរដោយសម្ដីបែបដាក់ខ្លួនថា៖ «ដូចបងប្អូនដឹងហើយ ខ្ញុំជាតារាចម្រៀង តែពេលនេះមកជាអ្នកគ្រប់គ្រង បើមិនភ័យម៉េច ចេះតែបារម្ភអ៊ីចឹង ប៉ុន្តែនេះជាការចាត់ចែងរបស់ថៅកែផលិតកម្ម»។
លោក ករុណា ពេជ្រ ក៏បង្ហើបឲ្យដឹងថា៖ «មុននេះខ្ញុំទៅច្រៀងនៅអាមេរិក ហើយតាមគម្រោងនឹងវិលមកវិញនៅពាក់កណ្តាលខែពីរនេះទេ តែពេលដែលបង អ៊ា វឌ្ឍនា ស្លាប់ក្រុមហ៊ុនក៏បានទាក់ទងមកមុនពេលកំណត់។ លោកបញ្ជាក់ថា ថៅកែគាត់ហៅឲ្យខ្ញុំចុះមកវិញមុនកំណត់ព្រោះថា មានការងារជាច្រើន ដែលបង វឌ្ឍនា គាត់ធ្វើមិនទាន់ចប់ ហើយគាត់ក៏ជួបរឿងអ៊ីចឹង។ ពេលនេះខ្ញុំត្រូវទទួលជំនួស ដែលថៅកែទម្លាក់ឲ្យ»។
បើទោះជា លោក ករុណា ពេជ្រ ហាក់បង្ហាញពីក្តីបារម្ភក្នុងនាទីជាអ្នកគ្រប់គ្រង ប៉ុន្តែយ៉ាងណាលោកក៏បញ្ជាក់ប្រាប់ ថា៖ «ការពិតទៅតួនាទីជាអ្នកគ្រប់គ្រងនេះ មុនបង មាស សុខរតនៈ បានចូលមកផលិតកម្មថោននេះខ្ញុំក៏ធ្លាប់កាន់ដែរ តែកាលនោះបុគ្គលិកតិច។ តែពេលនេះបុគ្គលិកច្រើន ហើយខ្ញុំក៏មិនមែនជាអ្នករៀនខាងជំនាញគ្រប់គ្រងផង ក៏ចេះតែបារម្ភ។ ប៉ុន្តែ ខ្ញុំក៏បានតាំងចិត្ត និងធ្វើឲ្យបាន ជាមួយនឹងការតាំងចិត្ត និងព្យាយាម»៕
Source: http://www.postkhmer.com/

No comments:
Post a Comment