Wednesday, February 22, 2017

បុរស​ម្នាក់​ឆក់​ខ្សែ​ភ្លើង​ស្លាប់ ពេល​ឡើង​ប្តូរ​ផ្លាក​សញ្ញា​ អេស៊ីលីដា

កោះកុង៖ ខណៈ​កំពុង​ស្ទូច​ទម្លាក់​ផ្លាក​សញ្ញា​រូប​ហង្ស ធនាគារ អេស៊ីលីដា ដើម្បី​ផ្លាស់​ប្ដូរ​ស្លាក​សញ្ញា​ថ្មី​របស់​ធនាគារ​នេះ បុរស​​​ម្នាក់​​ត្រូវ​បាន​ខ្សែ​ភ្លើង​ឆក់​ស្លាប់ បន្ទាប់​ពី​ដង​ស្ទូច​របស់​រថយន្ត​បាន​រេ​ទៅ​ប៉ះ​ចំ​ខ្សែ​ភ្លើង​ស្រាត។
ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ៧ យប់ថ្ងៃច័ន្ទ នៅ​ចំណុច​ធនាគារ​អេស៊ីលីដា សាខា​ស្រុក​ស្រែ​អំបិល ស្ថិតក្នុង​ភូមិ​ត្រពាំង ឃុំ-ស្រុក ស្រែ​អំបិល ខេត្ត​កោះកុង។ នេះ​បើ​តាម​ការ​អះអាង​របស់​មន្ត្រី​នគរបាល កាល​ពី​ម្សិលមិញ។
លោក ង៉ែត ហ៊ុល អធិការរង​ស្រុក​ស្រែអំបិល បាន​និយាយ​ថា ជន​រងគ្រោះ​ឈ្មោះ ឈុំ ចិត្រ អាយុ ២៧ ឆ្នាំ មាន​ទី​លំនៅ​ក្នុង​ភូមិ ឃុំ កើត​ហេតុ​ខាង​លើ ជា​កម្មករ​ស៊ី​ឈ្នួល​បើក​រថយន្ត​ស្ទូច​ឲ្យ​អ្នក​ជិត​ខាង​ក្នុង​ភូមិ​ជាមួយ​គ្នា។
លោក​ថ្លែង​ថា តាម​ការ​អះអាង​របស់​សាក្សី​នៅ​កន្លែង​កើតហេតុ​ ការ​ស្លាប់​របស់​ជន​រងគ្រោះ​គឺ​បណ្ដាល​មក​ពី​«ភាព​ធ្វេស​ប្រហែស​ក្នុង​ការងារ​» ព្រោះ​នៅ​ពេល​កំពុង​ស្ទូច​ទម្លាក់​ស្លាក​សញ្ញា​រូប​ហង្ស​របស់​ធនាគារ អេស៊ីលីដា ក្នុង​​តំបន់​ខាង​លើ​នោះ ជន​រងគ្រោះ​មិន​បាន​ត្រួត​ពិនិត្យ​​ពី​លក្ខណៈ​បច្ចេកទេស​ឬ​កម្លាំង​ស្រូប​នៃ​ខ្សែ​កាប​អគ្គីសនី ដែល​​នៅ​ក្បែរ​ស្លាក​សញ្ញា​នោះ ឲ្យ​បាន​ច្បាស់​លាស់​ទេ។
លោក​បាន​បន្តថា ក្រោយ​ពី​ត្រូវ​ខ្សែ​ភ្លើង​ឆក់​ជន​រង​គ្រោះ​ត្រូវបាន​ថៅកែ​រថយន្ត​ស្ទូច ដឹក​តាម​រថយន្ត​ទៅ​កាន់​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​ស្រែ​អំបិល​ ដើម្បី​សង្គ្រោះ​ជីវិត ប៉ុន្តែ​ជាអកុសល​ពេល​ដល់​របង​ទ្វារ​ចូល​មន្ទីរពេទ្យ ជនរង​គ្រោះ​បាន​ដាច់​ខ្យល់​ស្លាប់​តែ​ម្ដង។
កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន រាជរដ្ឋាភិបាល​កម្ពុជា បាន​តម្រូវ​ឲ្យ​ធនាគារ​អេស៊ីលីដា ផ្លាស់​ប្ដូរ​ស្លាក​សញ្ញា​ពាណិជ្ជ​កម្ម​របស់​ខ្លួន ដែល​មាន​រូប​ហង្ស នោះ​ចេញ​ជា​បន្ទាន់​ ដើម្បី​ចៀសវាង​ការ​ភាន់​ច្រឡំ​របស់​សាធារណជន ចំពោះ​ស្ថាប័ន​ធនាគារ​ឯកជន​មួយ​នេះ ជាមួយ​នឹង​គ្រឹះស្ថាន​របស់​រាជរដ្ឋាភិបាល ព្រោះ​រូប​សញ្ញា​ពាណិជ្ជកម្ម​របស់​ធនាគារ​នេះ ស្រដៀង​គ្នា​នឹង​និមិត្ត​សញ្ញា​របស់​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ហើយ​ការ​ផ្លាស់​ប្ដូរ​នេះ រដ្ឋាភិបាល​ទុក​រយៈពេល​ត្រឹម​តែ​ ៣ សប្ដាហ៍​ប៉ុណ្ណោះ។
ដើម្បី​ពន្លឿន​ការងារ​នេះ គ្រប់​បណ្ដា​សាខា​របស់​ធនាគារ​នេះ បាន​ប្រឹង​ប្រែង​ធ្វើ​ការងារ​យ៉ាង​សកម្ម​ រួម​ទាំង​ការងារ​រុះ​រើ​ផ្ទាំង​ប៉ាណូ​ស្លាក​សញ្ញា​ពាណិជ្ជកម្ម​ផង​ដែរ។
ជុំវិញ​ករណី​នេះ លោក សាយ ខាន់ ប្រធាន​សាខា​ធនាគារ​អេស៊ីលីដា ស្រុក​ ស្រែអំបិល បាន​ថ្លែង​ថា លោក​នឹង​ក្រុម​​​ការងារ​បាន​ចូល​រួម​រំលែក​ទុក​គ្រួសារ​សព​ជនរង​គ្រោះ និង​បាន​ជួយ​ឧបត្ថម្ភ​នូវ​ថវិការ​មួយ​ចំនួន​ផង​ដែរ បើ​ទោះ​ជា​ករណី​នេះ​មិន​មែន​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​ខាង​ភាគី​ធនាគារ​លោក​ក្ដី។
លោក​បញ្ជាក់​ថា៖ «គាត់​ [ជនរង​គ្រោះ] គឺជា​កម្មករ​បម្រើ​ការងារ​ឲ្យ​ផ្នែក​ឯកជន​មួយ​ផ្សេង​ទៀត ដែល​ត្រូវ​បាន​ខាង​ធនាគារ​អេស៊ីលីដា សាខា​ស្រែ​អំបិល​យើង​ខ្ញុំ​ជួល​មក​ឲ្យ​រុះរើ​ស្លាក​សញ្ញា​ពាណិជ្ជកម្ម​ចាស់​ចេញ ដើម្បី​លើ​ស្លាក​សញ្ញា​ថ្មី ដូច្នេះ​ការ​ស្លាប់​របស់​ជនរងគ្រោះ​ មិន​មែន​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​ភាគី​ធនាគារ​យើង​ខ្ញុំ​នោះ​ទេ។ ប៉ុន្តែ​ករណី​នេះ​ខ្ញុំ​បាន​រាយការណ៍​ទៅ​ថ្នាក់​ដឹក​នាំ​ខាង​លើ​ហើយ»។
បើ​តាម​សម្ដី​លោក​ សាយ ខាន់ ការងារ​រុះរើ​ស្លាក​សញ្ញា​រូប​ហង្ស​ ដែល​ជា​និមិត្ត​សញ្ញា​របស់​ធនាគារ​នេះ ភាគី​របស់​លោក បាន​ជួល​ភាគី​ម្ចាស់​រថយន្ត​ស្ទូច ដែល​មាន​អ្នក​ស្រី គឹម ទី ជាតំណាង​ ក្នុង​តម្លៃ​ ៥០ ដុល្លារ។ ក្នុង​ករណី​នេះ ភាគី​ម្ចាស់​រថយន្ត​ស្ទូច គួរ​តែ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​លើ​ការ​ផ្ដល់​សំណង​និង​អត្ថប្រយោជន៍​ផ្សេងៗ ដល់​ជន​រង​គ្រោះ ដែល​ជា​កម្មករ​របស់​ខ្លួន និង ដែល​បាន​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​ការងារ។
ទាក់​ទង​ករណី​នេះ អ្នកស្រី គឹម ទី អាយុ​ ៤៩ ​ឆ្នាំ រស់​នៅ​ភូមិ​ត្រពាំង ឃុំ-ស្រុក​ស្រែ​អំបិល ខេត្ត​កោះកុង ​ជា​ម្ចាស់​រថយន្ត​ស្ទូច បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នៅ​ពេល​នេះ​អ្នក​ស្រី កំពុង​ទទួល​រ៉ាប់​រង​ទាំង​ស្រុង រាល់​ការ​ចំណាយ​ទាំង​អស់ ក្នុង​ពិធី​បុណ្យសព របស់​ជនរង​គ្រោះ ហើយ​ថា​ក្រោយ​ពិធី​បុណ្យ​អ្នកស្រី​នឹង​ជួយ​ឧបត្ថម្ភ​នូវ​ថវិការ​មួយ​ចំនួន​ទៀត ដល់​គ្រួសារ​ជន​រងគ្រោះ ដើម្បី​ទុក​ជា​ទុន​ក្នុង​ការ​បង្កើត​មុខ​របរ​ចិញ្ចឹម​ជីវិត។
អ្នកស្រី​បញ្ជាក់​ថា៖ «ខ្ញុំ​មិន​ដែល​ចាត់​ទុក​ប្អូន​ចិត្រ [ជន​រងគ្រោះ] ជា​កម្មករ​របស់​ខ្ញុំ​ទេ តែ​ចាត់​ទុក​គាត់​ដូចជា ប្អូន​ប្រុស​បង្កើត​របស់​ខ្ញុំ​អញ្ចឹង ព្រោះ​គេ​បាន​មក​រស់​នៅ​ និង​ធ្វើ​ការងារ​ក្នុង​គ្រួសារ​របស់​ខ្ញុំ​ ៥ ឆ្នាំ​មក​ហើយ ពិសេស ចិត្រ ជា​ក្មេង​ប្រុស​ដែល​មាន​ចិត្ត​ល្អ ស្លូតបូត និង ឧស្សាហ៍​ព្យាយាម​ក្នុង​កិច្ច​ការងារ។ ម៉្យាង​ទៀត​ខ្ញុំ​គោរព​ស្រឡាញ់​ក្រុម​គ្រួសារ​របស់​គាត់ ដូចជា​គ្រួសារ​របស់​ខ្ញុំដែរ…ខ្ញុំ​ហៅ​ម្ដាយ​របស់​គាត់​ថា​ម៉ែ»៕
source:http://www.postkhmer.com

No comments:

Post a Comment